ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​ចាប់ផ្ដើម​ប្រកាស​លក់ និង​ទទួល​ប្រាក់​កក់​ផ្លូវការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ជា​គម្រោង​សហការ​រវាង​វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​​​ទាប​និង​មធ្យម ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ចាប់ផ្ដើម​បង់ប្រាក់​កក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ជា​គម្រោង​សហការ​រវាង​វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​​​ទាប​និង​មធ្យម ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ចាប់ផ្ដើម​បង់ប្រាក់​កក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ ខណៈ​គម្រោង​នេះ​ត្រូវ​បាន​ពន្យារពេល​លក់​អស់​រយៈ​ពេល​​ជិត​១​ឆ្នាំ​កន្លង​មក ។

សូម​រំឭក​ថា ក្រោយ​ពេល​បើក​ការដ្ឋាន​សាងសង់​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រា​ប់​អ្នក​ចំណូល​ទាប និង​មធ្យម និង​មន្ត្រីរាជការ​ជិត​១​ឆ្នាំ គម្រោង​នេះ​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់ និង​បាន​ពន្យារពេល​ការ​លក់​ជា​បន្តបន្ទាប់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ក្រោម​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​លក់​ជា​ផ្លូវការ​ហើយ ។ ដូច្នេះ ប្រជាពលរដ្ឋ​អ្នកមាន​ចំណូល​ទាប និង​មធ្យម ក៏​ដូច​ជា​មន្ត្រីរាជការ ដែល​បាន​ចុះ​ឈ្មោះ​ទិញ​គម្រោង​កាលពីមុន​នោះ​អាច​ទៅ​ពិនិត្យ​ឈ្មោះ និង​ដាក់​ប្រាក់​កក់ ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​បញ្ជាក់​ផង​ដែរ​ថា អតិថិជន ទាំង​អស់​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​ដើម្បី​ផ្ទៀងផ្ទាត់​ដូច​ជា ៖ ១-​ពាក្យ​ស្នើ​សុំ​ទិញ​លំនៅ​ឋាន​តម្លៃ​សមរម្យ​ជាមួយ​ក្រុមហ៊ុន ២-​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ និង​ប័ណ្ណ​សម្គាល់​មន្ត្រីរាជការ និង​៣-​សំបុត្រ​អាពាហ៍ពិពាហ៍ ឬ​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ បើសិនជា​មាន ។

បើ​តាម​លោក​ឧកញ៉ា សៀ ឫ​ទ្ធី ម្ចាស់​គម្រោង​លំនៅ​ឋាន​នេះ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្រុមការងារ​បាន​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​រួចរាល់​សិន ទើប​ចាប់ផ្ដើម​សាងសង់​ផ្ទះ​បន្ត​ទៀត ។ គម្រោង​លំនៅ​ឋាន​នេះ នឹង​ត្រូវ​ប្រគល់​ផ្ទះ​ជូន​អតិថិ​ជន​ជា​បណ្ដើរ​ៗ​នៅ​ចុងឆ្នាំ​២០១៨​នេះ បើ​ទោះបីជា​មិន​បាន​ប្រគល់​ទាំងអស់​ព្រម​គ្នា ក៏​ត្រូវ​ប្រគល់​គម្រោង​ផ្ទះ​ណា​ដែល​សង់​រួច​ដែរ ។

គួរ​បញ្ជាក់​ថា លក្ខខណ្ឌ​សម្រាប់​អ្នកមាន​បំណង​ទិញ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​មួយ​នេះ រួម​មាន ជា​អ្នក​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ​, ចំណូល​ខ្ពស់​បំផុត​ត្រឹម​៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ និង​ជា​អ្នក​មិន​ទាន់​មាន​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ​ផ្ទាល់ខ្លួន​ជាដើម ។

លោក អៀង អូ​នី អភិបាលរង​រាជធានី​ភ្នំពេញ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ ដើម្បី​លក់​ជូន​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន​តម្លៃ​ខ្ពស់​ស្នាក់​នៅ​បាន ។ ការ​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ គឺជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិត​ៗ ។

លោក​បន្ត​ថា តម្រូវការ​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ឡើងជា​បន្តបន្ទាប់​យោង​ទៅ​តាម​កំណើន​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា​ផ្លាស់​មក​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​កំណើន​សិស្ស​-​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ