ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានអាកាសថ្មើរជើង មិនសូវ​ទទួល​បាន​ការ​គាំទ្រ​​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័ន​តាម​ផ្លូវជាតិ​លេខ​៤ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​បាន​កសាង​និង​សម្ពោធ​សមិទ្ធផល​ថ្មី គឺ​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២​ខ្សែ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើរ​ឆ្លងកាត់​ទៅ​មក…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័ន​តាម​ផ្លូវជាតិ​លេខ​៤ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​បាន​កសាង​និង​សម្ពោធ​សមិទ្ធផល​ថ្មី គឺ​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២​ខ្សែ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើរ​ឆ្លងកាត់​ទៅ​មក ចេញ​និង​ចូល​ផ្សារ ព្រមទាំង​សាលារៀន និង​ផ្ទះសម្បែង​ផង​ដែរ​។
ប៉ុន្តែ គេ​សង្កេត​ឃើញ​មាន​តែ​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ប្រើប្រាស់​ស្ពាន​ទាំង​២​ខ្សែ​នេះ ឯ​អ្នក​ផ្សេង​ទៀត ខ្លះ​លើកឡើង​ថា ស្ពាន​អាកាស​ថ្មើរជើង​នេះ​សង់​មិន​ចំខ្លោងទ្វារ​ផ្សារ និង​ខ្លះ​ទៀត​អះអាង​ថា ដោយសារ​តែ​កាន់​អីវ៉ាន់​ធ្ងន់​ៗ​ពិបាក​ឡើង​ចុះ ទើប​មិន​ជ្រើសរើស​ការ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ដោយ​ការ​ដើរ​តាម​ស្ពាន​អាកាស​ថ្មើរជើង​ខ្ពស់​នោះ ។

សូម​បញ្ជាក់​ថា ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​ខ្សែ​នេះ គឺ​១​ខ្សែ​ស្ថិត​នៅ​ខាងកើត​ផ្សារ​ជម្ពូ​វ័ន ទល់មុខ​វិទ្យា​ល័យ ហ៊ុន សែន ជម្ពូ​វ័ន និង​១​ខ្សែ​ទៀត​ស្ថិត​នៅ​ឆៀង​ខាងលិច​ផ្សារ​ជម្ពូ​វ័ន​បន្តិច ទល់មុខ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ហើយ​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំង​២​ខ្សែ ។ សូមព​ញ្ជា​ក់ថា គោលបំណង​សំខាន់​នៃ​ការ​បង្កើត​ស្ពាន​ទាំង​២​ខ្សែ​នេះ​ឡើង គឺ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​របួស​ពិការ ឬ​រហូត​ដល់​បាត់បង់​អាយុជីវិត​និង​ខូចខាត​ទ្រព្យសម្បត្តិ ។

មិនតែប៉ុណ្ណោះ ក៏​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​នាំ​ឲ្យ​ខាតបង់​ពេលវេលា និង​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​នៅ​ចំណុច​នោះ ដែល​មាន​ភាព​មមាញឹក។
ក្រោយ​ពេល​ស្ពាន​ទាំង​២​ខ្សែ​នេះ​លេច​ចេញជា​រូបរាង​ហើយ​នោះ បាន​តម្រូវ​ឲ្យ​បងប្អូន​អ្នក​ថ្មើរជើង​ត្រូវ​តែ​ដើរ​ឆ្លងកាត់​លើ​ស្ពាន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពួក​គាត់​ទាំងអស់​គ្នា ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី គេ​ឃើញ​មាន​តែ​បងប្អូន​មួយចំនួន​ប៉ុណ្ណោះ​ដើរ​ឆ្លង​តាម​ស្ពាន​ទាំង​២​ខ្សែ​នេះ​ជា​ពិសេស​សិស្សសាលា​ទាំង​២​ខាងលើ ប៉ុន្តែ​បងប្អូន​មួយ​ចំនួន​ទៀត​មិន​បាន​ដើរ​តាម​ស្ពាន​​ឡើយ​។ពួក​គាត់​មិន​បាន​ប្រើប្រាស់​ស្ពាន​នោះ​ទេ មាន​ន័យ​ថា ពួក​គាត់​នៅ​តែ​បន្ត​ដើរ​ឆ្លង​ផ្លូវខុស​ស្ពាន ដែល​ជា​ការ​ប្រឈម​នឹង​យានយន្ត​តូច​ធំ​គ្រប់​ប្រភេទ​ដែល​បើកបរ​លឿន​ៗ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់ពេល​បាន ។

ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា​កន្លង​ទៅ មាន​ស្ត្រី​វៀតណាម​ម្នាក់​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​RX-300 បុក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ខណៈ​នាង​កំពុង​រែក​នំ​ឆៃ​យ៉​ដើរ​ឆ្លងផ្លូវ​នោះ ។ តាម​ការ​សង្កេត អ្នក​ដែល​មិន​ដើរ​ឆ្លងកាត់​ស្ពានអាកាស​ថ្មើរជើង​នេះ ភាគច្រើន​ជា​អ្នក​ទៅ​រក​ទិញ​អី​វា​៉​ន់​នៅ​ផ្សារ​ជម្ពូ​វ័ន ។ ពួក​គាត់​ដើរ​ឆ្លង​ទៅ​ឆ្លង​មក​ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​ដែល​អាចកើត​មាន​នោះ​ឡើយ ។ អ្នកខ្លះ​មិន​ត្រឹមតែ​ដើរ​ឆ្លងថ្នល់​ម្នាក់ឯង​ទេ មាន​ទាំង​ដឹក​ដៃ​កូន​ឬ​ចៅ​ដើរ​ឆ្លង​ជាមួយ​ថែម​ទៀត ដែល​ពិតជា​គួរ​ឲ្យ​ស្រៀវ​សាច់​ជំនួស​ពួក​គាត់​ខ្លាំង​ណាស់ ព្រោះ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​នោះ​មាន​ភាព​មមាញឹក​ខ្លាំង​ណាស់ ។ ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​តូច​ធំ និង​ម៉ូតូ​បើក​តាម​នោះ​ជាប់​មិន​ដាច់​ជា​ពិសេស​រថយន្ត​ដឹក​កុងតឺន័រ និង​រថយន្ត​បែន​ដឹក​ដី ដឹក​ថ្ម ក្រួស ខ្សាច់ បើកបរ​ក្នុង​ល្បឿន​លឿន​ៗ ដែល​មិន​គួរ​ប្រថុយ​នឹង​គ្រោះថ្នាក់​បែប​នេះ​ឡើយ ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ ស្ត្រី​ម្នាក់​ឈ្មោះ សុខ ឃី អាយុ​៤២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ គាត់​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ជម្ពូ​វ័ន​នេះ ដោយ​ដើរ​ឆ្លងផ្លូវ​ចេញ​និង​ចូល​ផ្សារ​រាល់ថ្ងៃ ហើយ​ក៏​មាន​អ្នក​ដើរ​ឆ្លងផ្លូវ​របៀប​នេះ​ដូច​ជា​រូប​គាត់​ដែរ។ ស្ត្រី​រូប​នេះ​និយាយ​ទៀត​ថា ៖ «​មិនមែន​ខ្ញុំ​មិន​ចង់​ដើរ​ឆ្លង​តាម​ស្ពាន​អាកាស​ថ្មើរជើង​ទេ គឺ​កន្លង​មក ខ្ញុំ​ធ្លាប់​ដើរ​ឆ្លង​តាម​ស្ពាន​នោះ​ញឹកញាប់​ដែរ ប៉ុ​ន្ត​ក្រោយមក​ក៏​ឈប់​ដើរ​វិញ ។ឯ​មូលហេតុ គឺ​ដោយសារ​ស្ពាន​នេះ​ស្ថិត​នៅ​ខុស​ច្រកចូល​ផ្សារ ម្យ៉ាងទៀត​ស្ពាន​ខ្ពស់​ផង ឡើង​ចុះ​ៗហត់​ពេក គួប​ផ្សំ​នឹង​ការ​យួរ​អីវ៉ាន់​ធ្ងន់​ផង ទើប​ខ្ជិល​ដើរ​ឡើង​ចុះ​ស្ពាន ហើយ​ងាក​មក​ដើរ​ឆ្លង​នៅ​ខាងក្រោម​វិញ​បែប​នេះ​ដង​» ។ ទោះជា​យ៉ាងណា អ្នកស្រី សុខ ឃី ទទួលស្គាល់​ថា ពេល​ដើរ​ឆ្លងថ្នល់​នៅ​ខាងក្រោម​ម្ដង​ៗ គាត់​ក៏​មានការ​ភ័យ​ខ្លាច​ដែរ តែ​គាត់​បាន​ប្រុង​ប្រយ័ត្ន​ជា​និច្ច ៕ ​

អត្ថបទសរសេរ ដោយ