ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​អត់​ហ្ន៎ ? កីឡា​ម៉ា​រ៉ា​តុង​កម្ពុជា​ចាប់កំណើត​ដំណាល​ស្តា​ត​ចាស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នឹង​ពេលនេះ​មនុស្ស​ភាគតិច​ណាស់​ដែល​ដឹង​ថា កីឡា​ម៉ា​រ៉ា​តុង​នៅ​កម្ពុជា​ចាប់កំណើត​តាំងពី​ពេល​ណាហើយ​អ្នក​ណា​ជា​អ្នក​នាំ​ចូល​កីឡា​ប្រភេទ​នេះមក​ស្រុក​ខ្មែរ? សូ​ម្បី​តែ​កីឡាករ​មួយ​ចំនួន​ក៏​អត់​បានដឹង​ដែរ​។ បើ​តាម​ការ​បកស្រាយ​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នឹង​ពេលនេះ​មនុស្ស​ភាគតិច​ណាស់​ដែល​ដឹង​ថា កីឡា​ម៉ា​រ៉ា​តុង​នៅ​កម្ពុជា​ចាប់កំណើត​តាំងពី​ពេល​ណាហើយ​អ្នក​ណា​ជា​អ្នក​នាំ​ចូល​កីឡា​ប្រភេទ​នេះមក​ស្រុក​ខ្មែរ? សូ​ម្បី​តែ​កីឡាករ​មួយ​ចំនួន​ក៏​អត់​បានដឹង​ដែរ​។

បើ​តាម​ការ​បកស្រាយ​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា កីឡា​ម៉ា​រ៉ា​តុងជា​ប្រភេទ​កីឡា​បរ​ទស​មិនមែន​ជា​កីឡា​ប្រពៃណីរបស់​ខ្មែរ​យើង​ទេ ហើយ​បារាំង​ជា​អ្នក​នាំ​កីឡា​នេះ​ចូល​ប្រទេស​កម្ពុជា​មុនគេ​នៅ​ក្នុង​តំបន់អាស៊ាន​តាំងពី​ស្តា​ត​ចាស់​ដែល​ពី​មុនគេ​ហៅ​ថា ស្តា​ត​ឡាំ​ប៊ែ​រ​ត្រូវ​បាន​សាងសង់​រួច​ក្នុង​ឆ្នាំ១៩៩៣ ។ អំឡុង​ពេល​នោះ បារាំង​បាន​នាំចូល​កីឡា​ជា​ច្រើន​ប្រភេទ​រួម​មាន​កីឡា​អត្តពលកម្ម រត់​ល្បឿន ចោលដុំដែក និង​ចោលស្ន​ជាដើម ព្រមទាំង​គ្រូ​ជំនាញ​​មក​ជួយ​បង្ហាត់ដល់​អត្ត​ព​លិ​ក​កម្ពុជា​ទៀត​ផង ដូច្នេះ​ហើយបានជា​ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ានក៏​ដូច​ជា​ឥណ្ឌូចិន​ទៅ​មិន​រួច​ជាមួយ​អត្ត​ព​លិ​ក​កម្ពុជា​យើង​ទេ ។ មិនតែប៉ុណ្ណោះ​អ្នកជំនាញ​បារាំង​បាន​បញ្ចូល​កម្មវិធី​ប្រកួត​កីឡា​ទាំងនេះ​ទៅ​តាម​សាលារៀន​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​វិស័យ​កីឡា​កម្ពុជា​កាល​ណោះ​ខ្លាំង​ជាងគេ​។

លោក វ៉ា​ត់ ចំរើន បន្ត​ថា ម៉ា​រ៉ា​តុងជា​ប្រភេទ​កីឡា​ប្រមូលផ្ដុំ​មនុស្ស​យ៉ាងច្រើន​ហើយ​ការ​ប្រកួត​ត្រូវ​រៀបចំ​ឡើងជា​លក្ខណៈ​បើកចំហ ។ ប៉ុន្តែ​បើ​ការ​ប្រកួត​រៀបចំ​ជា​លក្ខណៈ​ជើងឯក​សម្រាប់​អ្នក​អាជីព​វិញ​គឺ​មិនសូវ​មាន​អ្នក​រត់​នោះ​ទេ​ជា​ពិសេស​នៅ​កម្ពុជា​យើង ព្រោះ​កីឡា​ម៉ា​រ៉ា​តុង​នេះ​ចម្ងាយ​ពេញ​តាម​ស្តង់ដារ​របស់​វា​គឺ​៤២​គីឡូម៉ែត្រ​១៩៥​ម៉ែត្រ ។

សព្វថ្ងៃ​យើង​បាន​បង្កើត​វា​ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ កីឡា​មហាជន ធ្វើ​យ៉ាងណា​ដើម្បី​ទាក់ទាញ​អ្នក​រត់​ឱ្យ​បាន​ច្រើន​ជា​ពិសេស​យុវជន ដើម្បី​ឱ្យ​មាន​ភាពស៊ាំ​ជាមួយនឹង​ប្រភេទ​កីឡា​ចម្ងាយ​ឆ្ងាយ​នេះ​។ ម្យ៉ាងវិញទៀត កីឡា​ចម្ងាយ​ឆ្ងាយ​នេះ វា​ត្រូវការ​ហ្វឹកហាត់​ឱ្យ​បាន​ខ្លាំងក្លា ត្រូវការ​មនុស្ស​ដែល​មាន​លក្ខណៈសម្បត្តិ​ទៅ​តាម​វិទ្យាសាស្ត្រ គេ​បាន​កំណត់​ថា មាន​តែ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​A​ប៉ុណ្ណោះ​ដែល​អាច​លេង​កីឡា​នេះ​បាន​ល្អ ព្រោះ​អ្នក​ដែល​មាន​ប្រភេទ​ឈាម​A​មាន​ភាព​អំណត់​ច្រើន ទើប​រត់​ដល់​គោលដៅ​បាន ។

សព្វ​ថ្ងៃនេះ​កីឡា​ម៉ា​រ៉ា​តុង​បាន​ក្លាយជា​ប្រភេទ​កីឡា​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​លើ​ពិភពលោក ។ ចំណែក​កម្ពុជា​វិញ​បាន​ប្រែក្លាយ​ការ​ប្រកួត​កីឡា​នេះ​ទៅ​ជា​ព្រឹត្តិ​ការណ៍​កីឡា​ទេសចរណ៍ ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហការ​ជាមួយ​ក្រសួងទេសចរណ៍ រៀបចំ​ឱ្យ​ក្លាយទៅជា​ទិវា​រត់ប្រណាំង​ដែល​ធ្វើ​ឡើង​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង ហើយ​ទិវា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល​២២​ឆ្នាំ​មក​ហើយ ។ ទិវា​​រត់​ប្រណាំង​លើក​ទី​១​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​១៩៩៦ ដោយ​បាន​កិច្ចសហការ​រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​អង្គការ​មូលនិធិ​គាំទ្រ​អង្គការ​សហប្រជាជាតិ​(Foundation Support For United Nation)​។ បន្ទាប់​មក​នៅ​ឆ្នាំ​២០០២​ត្រូវ​បាន​អង្គការ​បេះដូង​មាស​ជប៉ុន​(Heart Of Gold)​ជួយ​បន្ត​រៀបចំ​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ការ​ចាប់ផ្ដើម​ពី​ដំបូង​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​កត្តា​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ គឺជា​ឱកាស​ដ៏​ប្រពៃ​ដែល​បាន​បង្ក​លក្ខណៈ​ឱ្យ​យើង​ទាំងអស់​គ្នា​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​រក្សា​និរន្តរ​ភាព​នៃ​ការ​រៀបចំ​ទិវា​រត់ប្រណាំង​ជា​រៀង​រាល់​ឆ្នាំ ។

ជា​ពិសេស​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន កីឡាករ​-​កីឡា​ការិនី​ជាតិ និង​អន្តរជាតិ គឺជា​សក្ខីភាព​នៃ​ជោគជ័យ​សម្រាប់​ទិវា​រត់ប្រណាំង​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​អន្តរជាតិ​រយៈពេល​២២​ឆ្នាំ​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ