ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពែ​ទាំង​អស់នេះ ពិតជា​មិនធម្មតា​មែន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក ម៉ុ​ក ពុទ្ធា នាយក​រដ្ឋបាល​សាលា​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​សត្វ​ពពែ​១​ហ្វូង​ចំនួន​ជាង​១០​ក្បាល ប៉ុន្តែ​ចាប់​បាន​តែ​ពពែ​ឈ្មោល​១​ក្បាល​ប៉ុណ្ណោះ ។ ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក ម៉ុ​ក ពុទ្ធា នាយក​រដ្ឋបាល​សាលា​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​សត្វ​ពពែ​១​ហ្វូង​ចំនួន​ជាង​១០​ក្បាល ប៉ុន្តែ​ចាប់​បាន​តែ​ពពែ​ឈ្មោល​១​ក្បាល​ប៉ុណ្ណោះ ។ ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែមករា នេះ ចំណុច​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក ម៉ុ​ក ពុទ្ធា នាយក​រដ្ឋបាល​សាលា​ខណ្ឌដង្កោ​បាន​ថ្លែង​ថា មាន​សត្វ​ពពែ​១​ហ្វូង​ចំនួន​ជាង​១០​ក្បាល មាន​ញី មាន​ឈ្មោល មាន​តូច​-​ធំ ត្រូវ​បាន​ម្ចាស់​លែង​ចោល អត់​បាន​ឃ្វាល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ។ ពួក​វា​បាន​ដើរ​ស៊ី​ស្មៅ និង​ស្លឹកឈើ​បែប​អ​នា​ធិ​តេ​យ្យ ជា​ពិសេស​បាន​ដើរ​ស៊ី​ស្លឹក​ជ្រៃក្រឹម​នៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​អស់​នៅ​សល់​តែ​ដើម​ឆ្កឹង​ៗ​ដែល​ធ្វើ​ឲ្យ​ដើមឈើ​នេះ​ប្រឈម​នឹង​ការ​ងាប់​ខូចខាត​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដើម​ជ្រៃក្រឹម​ជា​ច្រើន​ដើម​ត្រូវ​បាន​ដាំ​កាលពី​ពេល​កន្លង​មក ដើម្បី​លំអ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​លេខ​២១៧ នោះ ក្រោយ​ការ​ដាំ​ដុះ​រួច វា​បាន​រស់​លូតលាស់​ល្អ​ហើយ ស្រាប់តែ​ពេល​នេះ​បាន​រង​ការ​ខូចខាត​ទៅ​វិញ ដោយសារ​តែ​សត្វ​ពពែ​ជាង​១០​ក្បាល​ខាងលើ ដែល​ម្ចាស់​លែង​ចោល​ឲ្យ​ដើរ​ស៊ី​បែប​អនាធិបតេយ្យ​ខាងលើ ។ ប្រភព​ខាងលើ​បាន​បន្ត​ថា លោក​បាន​ឲ្យ​មន្ត្រី​សាលា​ខណ្ឌ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​របស់​វា ដើម្បី​ឲ្យ​ចាប់ចង ឬ​ឃ្វាល​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ ហើយ​ម្ចាស់​មិន​បាន​ចេញ​មុខ​មក​ឡើយ ។ ដោយសារ​តែ​មិន​អាច​បណ្ដែតបណ្ដោយ​តទៅ​ទៀត​បាន ទើប​លោក​ដឹកនាំ​កម្លាំង​មន្ត្រី​សាលា​ខណ្ឌ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ប្រដាប់​ដោយ​ខ្សែ​ចុះ​ទៅ​ព័ទ្ធ​ចាប់​បាន​ពពែ​ឈ្មោល​១​ក្បាល រួច​ចងជើង​លើកដាក់​រថយន្ត​ដឹក​ទៅ​កាន់​សាលា​ខណ្ឌ ។

ពេល​នោះ​គ្រាន់តែ​ដឹក​ទៅ​ដល់​សាលា​ខណ្ឌ ស្រាប់តែ​លេចមុខ​ម្ចាស់​ទៅ​ដល់​ដែរ គឺ​ចេញ​មុខ​ភ្លាម​តែ​ម្ដង ហើយ​សុំ​យក​ពពែ​របស់​ខ្លួន​វិញ ប៉ុន្តែ​លោក​អភិបាល​ខណ្ឌ​បាន​ឲ្យ​ទុក​សិន រង់ចាំ​ការ​ណែនាំ​អប់រំ​គាត់​សិន ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា សត្វ​ពពែ​ពូកែ​ស៊ី​ខ្លាំង​ណាស់ គឺ​វា​ស៊ី​មិន​រើសមុខ​ឡើយ ទោះបីជា​ដើមឈើ​ខ្ពស់ ឬ​ទាប​ស៊ី​បាន​ទាំងអស់ ។ បើ​ហ្វូង​វា​ទៅ​ចំ​កន្លែង​ណា​ហើយ កន្លែង​នោះ​ប្រាកដជា​ខ្ទេច​មិន​ខាន​ឡើយ ដូច្នេះ​អ្នក​ចិញ្ចឹម​ពពែ​គួរតែ​ចង ឬ​ដាក់​ក្រោល និង​ឃ្វាល​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ផល​ប៉ះពាល់​នានា ជា​ពិសេស​សម្បត្តិ​សាធារណៈ និង​សួនច្បារ​តាម​ដងផ្លូវ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ