ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​ណែនាំ​ផ្ដល់​ព័ត៌មាន​ពិត​ដល់​ភ្ញៀវ និង​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ណែនាំ​ដល់​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​មាន​វត្តមាន​ប្រចាំការ​២៤​ម៉ោង និង​មាន​បដិសណ្ឋារកិច្ច​សមរម្យ​ចំពោះ​ភ្ញៀវ​ទេសចរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ណែនាំ​ដល់​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​មាន​វត្តមាន​ប្រចាំការ​២៤​ម៉ោង និង​មាន​បដិសណ្ឋារកិច្ច​សមរម្យ​ចំពោះ​ភ្ញៀវ​ទេសចរ ហើយ​អ្វី​សំខាន់​នោះ គឺ​ត្រូវ​ផ្ដល់​ព័ត៌មាន​ពិត និង​ទាន់សភាពការណ៍​ដល់​ភ្ញៀវ ខណៈ​ព័ត៌មាន​នោះ ទៀត​សោត ក៏​ត្រូវធ្វើ​បច្ចុប្បន្នភាព (Update) ជា​ប្រចាំ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មណ្ឌល​ព័ត៌​មាន​​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​២៣ មក​រា នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក អេ​រិច ដឺ​ឡូ​ប៊ែ​ល អគ្គនាយក​ក្រុមហ៊ុន​ព្រ​លាន​យន្តហោះ​កម្ពុជា ។

លោក អេ​រិច ដឺ​ឡូ​ប៊ែ​ល អគ្គនាយក​ក្រុមហ៊ុន​ព្រ​លាន​យន្តហោះ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧ មាន​អ្នកដំណើរ​ជាង​៤​លាន​នាក់​បាន​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​យ៉ាង​តិច​៧​លាន​នាក់​។ ដូច្នេះ ការ​បង្កើត​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​នេះ ជា​ការ​រៀបចំ​កែ​លម្អ​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​សម្រាប់​អ្នកដំណើរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ស្រប​តាម​ស្ដង់ដា​អន្តរជាតិ ។

លោក ថោ​ង ខុន បាន​ថ្លែង​ថា ដើម្បី​ទទួល​សាទរ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ បុគ្គលិក​ដែល​​បម្រើ​ការងារ​ក្នុង​មណ្ឌល​ព័ត៌មាន​នេះ ត្រូវ​អនុវត្ត​ការងារ​ចាំបាច់​មួយ​ចំនួន រួម​មាន ៖ ត្រូវ​មាន​វត្តមាន​ជា​ប្រចាំ​ដើម្បី​បម្រើសេវា​ជូន​ភ្ញៀវ​២៤​ម៉ោង​លើ​២៤​ម៉ោង ។ ត្រូវ​មាន​បដិ​សណ្ឋារកិច្ច រួសរាយ​រាក់ទាក់​ស្វាគមន៍​ភ្ញៀវ​ទេសចរ ផ្ដល់​ព័ត៌មាន​ពិត​ៗ និង​ទាន់​សភាព​ការណ៍​ប្រាប់​ដល់​ភ្ញៀវ ដើម្បី​ឲ្យ​ពួក​គេ​ស្វែងរក ឬ​ចង់បាន​អ្វីមួយ​ចំ​គោលដៅ​ដូច​ចិត្ត​ដែល​គេ​ចង់បាន ។ ប៉ុន្តែ​ការ​ផ្ដល់​ព័ត៌មាន​នេះ ក៏​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​ផង​ដែរ ពីព្រោះ​ព័ត៌មាន​នានា​ក្នុង​សង្គម​តែងតែ​វិវត្តន៍​ទៅ​មុខជា​និច្ច ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៣ កម្ពុជា​នឹង​សម្រេច​ឲ្យ​បានការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦​លាន​នាក់​, នៅ​ឆ្នាំ​២០២៥ ឲ្យ​បាន​១១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ ឲ្យ​បាន​១៥​លាន​នាក់ ដែល​នឹង​នាំ​ចំណូល​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​បុគ្គលិក​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ជាង​១​លាន​៥​សែន​នាក់ ។ លោក​ថា ដើម្បី​សម្រេច​បាន​គោលដៅ​នេះ មណ្ឌល​ព័ត៌មាន​ទេស​ចរណ៍ ក៏​ដើរតួ​សំខាន់​ណាស់​ដែរ​ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា ដើម្បី​ដំណើរការ​ប្រតិបត្តិការ​ការងារ​របស់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា ប្រកបដោយ​និរន្តរភាព ប្រសិទ្ធភាព និង​ផ្តល់​នូវ​ព័ត៌មាន ក៏​ដូច​ជា​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​តាម​គោលដៅ​នីមួយ​ៗ មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ទម្រង់​៣​ប្រភេទ រួម​មាន ៖

១-​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រសួងទេសចរណ៍

២-​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា​សាងសង់ និង​ដំណើរការ​ដោយ​ផ្នែក​ឯកជន និង​មណ្ឌល

៣-​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​កម្ពុជា​សាងសង់ និង​ដំណើរការ​រួម​គ្នា​ដោយ​ផ្នែក​រដ្ឋ​-
ឯកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ