ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាទ​ «ពណ្ណរាយ»នៅស្ងាត់​ជ្រងំ​លើ​​ភ្នំ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​«​ប្រាសាទ​ពណ្ណរាយ​» គឺជា​ប្រាសាទ​មួយ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ។ ប្រាសាទ​នេះ​នៅ​លើ​កំពូលភ្នំ​ធ្វើបុណ្យ ស្ថិត​ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ​«​ប្រាសាទ​ពណ្ណរាយ​» គឺជា​ប្រាសាទ​មួយ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ។ ប្រាសាទ​នេះ​នៅ​លើ​កំពូលភ្នំ​ធ្វើបុណ្យ ស្ថិត​ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់​ឡើង​ដាច់​ឆ្ងាយ​​ពី​ប្រាសាទ​នានា​ដែល​កសាង​ឡើង​ស្របាល​គ្នា មាន​ចម្ងាយ​ជាង​២៧​គីឡូម៉ែត្រ​ពី​ទីរួមស្រុក ។ ភ្ញៀវ​ទេស​ចរ​បើ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​ពណ្ណរាយ​ត្រូវ​ជិះ​រថយន្ត ឬ​ទោចក្រយានយន្ត ហើយ​ឆ្លង​ដ​នៅ​ផែ​ចុង​កោះ ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ពេល​ទៅ​ដល់​ទីរួមស្រុក​កំពង់លែង ត្រូវ​បន្តដំណើរ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ជាង​៣​គីឡូម៉ែត្រ រួច​បន្តដំណើរ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មាន​ចម្ងាយ​ជាង​២០​គីឡូ​ម៉ែត្រ​​​ទៀត ​ទើប​ទៅ​ដល់​ភ្នំ​មួយ​ដែល​នៅ​ជាប់​ខាងឆ្វេង​ដៃ នោះ​ហើយ​គឺ​ភ្នំ​ធ្វើបុណ្យ ។ នៅ​ជើងភ្នំ​មាន​សាលា​បុណ្យ​មួយ ដែល​សង​ជាប់​នឹង​ជណ្តើរ​ឡើង​ទៅ​លើ​កំពូលភ្នំ​ដែល​ដុះ​អម​ដោយ​ដើមឈើ​តូច​ធំ ។ ដើមឈើ​ទាំងនោះ​ដាក់​ស្លាក​ឈ្មោះ​ឲ្យ​ដឹងផង​ដែរ ។

កាំជណ្តើរ​ដែល​មិនជា​ចោត​ប៉ុន្មាន មាន​ចំនួន​២០៨​កាំ ភ្ញៀវ​ទេសចរ​អាច​ឡើង និង​ឈប់​សម្រាក​ទៅ​តាម​ថ្នាក់ នីមួយ​ៗ ដើម្បី​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​បំបាត់​ការ​នឿយហត់ រួច​សឹម​បន្ត​ឡើង​ទៅ​លើ​ទៀត ។ ពេល​ឡើង​ដល់​លើ​កំពូលភ្នំ អ្នកទេសចរ​ឃើញ​ប្រាសាទ​ពីរ​ឈរ​ទន្ទឹម​គ្នា ប្រៀប​ដូច​ឥរិយា​បទ «​ស្វាគមន៍​អ្នក​ទៅ​កម្សាន្ត​» ។ ខ្យល់​កំពូលភ្នំ​បក់​បោស​ខ្លួនប្រាណ​ភ្ញៀវ​ទេសចរ ដើម្បី​ស្រូប​តំណក់ញើស​ចេញ​ដែល​ទើបនឹង​បញ្ចេញ​អស់​ថាមពល​ប្រឹង​ឡើង​កាំជណ្តើរ​ដែល​មាន​កម្ពស់​ជាង​១៤០​ម៉ែត្រ ។ ជាមួយនឹង​សំឡេង​ស្លឹកឈើ​បោកបក់​តាម​ជំនោរ​យ៉ាង​ត្រជាក់ អម​នឹង​សំឡេង​សត្វ​បក្សាបក្សី ស្រែកយំ​ខ្ញៀវខ្ញារ និង​ក្លិនក្រអូប​ចេញពី​ផ្កា​រុក្ខជាតិ​នានា ពិសេស​ក្លិនក្រអូប​នៃ​ផ្លែ​ម្កាក់ព្រៃ​ទុំ (​ខ្លះ​ហៅ​ផ្លែ​ពោន​)​ជ្រុះ​ពេញ​ដី​ផង​នោះ ធ្វើ​ឱ្យ​អ្នកទេសចរ​មាន​កម្លាំង បាត់​អស់​ការ​នឿយហត់ រួច​បន្ត​គយគន់​ប្រាសាទ​មួយគូ​ដែល​ឈរ​យ៉ាង​ត្រដែត​នៅ​ចំពោះ​មុខ ។
នៅ​លើ​កំពូលភ្នំ​ធ្វើបុណ្យ​មាន​បរិវេណ​មិនធំ​ប៉ុន្មាន​ទេ គឺ​ប្រហែល​តែ​ជាង​៥០​ម៉ែត្រ​៤​ជ្រុង​ប៉ុណ្ណោះ ។ ចំពោះ​តួ​ប្រាសាទ​មួយគូ​នោះ​សាង់​នៅ​ប៉ែក​ខាងកើត​នៃ​កំពូលភ្នំ ។ ប្រាសាទ​ពណ្ណរាយ សាងសង់​ឡើង​បែរមុខ​ទៅ​ទិស​ខាងលិច ខុស​ពី​ប្រាសាទ​កំពង់ព្រះ បែរមុខ​ទៅ​ទិស​ខាងជើង និង​ប្រាសាទ​ដទៃ​ទៀត​សង់​ឡើង​បែរមុខ​ទៅ​ទិស​ខាងកើត ។

ប្រាសាទ​នោះ​បាន​ខូចខាត​ដោយ​កត្តា​ធម្មជាតិ និង​ដោយ​គ្មាន​ការ​ថែទាំ​តាំងពី​ដើម​រៀង​មក ហើយ​បាន​រក​កល់​តែ​នឹង​ដួល​រលំ​ទៅ​តាម​វ័យ​ចំណាស់​របស់​ខ្លួន ។ នៅ​ក្នុង​តួ​ប្រាសាទ គេ​គ្មាន​ឃើញ​អ្វី​សេសសល់​ក្រៅពី​ឥដ្ឋ និង​ខ្លោងទ្វារ​ប្រាសាទ ដែល​ធ្វើ​ពី​ថ្មភក់​ប៉ុន្មាន​ដុំ​ប៉ុណ្ណោះ ។ ចំណែក​នៅ​ពីមុខ​ប្រាសាទ​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ គេ​ឃើញ​នៅ​សល់​ចម្លាក់​ផ្តែរ​មួយ​ផ្ទាំង​បញ្ឈរ​ផ្ទាល់​ដី បែរ​ទៅ​រក​ប្រាសាទ​ហាក់​ដង្ហោយហៅ​ប្រាសាទ​ឱ្យ​ជួយ​យក​ទៅ​រក្សា​ទុក​ឱ្យ​បាន​គង់វង្ស​ល្អ​ផង ។ ចំណែក​នៅ​ជាប់​ពី​ខាងក្រោយ​ប្រាសាទ គេ​ឃើញ​មានការ​សង់​ខ្ទម​អ្នកតា​មួយ​ដែល​ក្នុង​នោះ មាន​សសរ​ពេជ្រ​២​ទៅ​៣​កំណាត់ និង​នៅ​ក្បែរ​ខ្ទម​អ្នកតា​ក៏​មាន​សល់​ចម្លាក់​ព្រះ​យោនី​មួយ ។ នៅ​ជុំវិញ​តួ​ប្រាសាទ​ដូច​ជា​លើ​ផ្ទៃរាប​នៃ​កំពូលភ្នំ គេ​សង្កេត​ឃើញ​មាន​ស្មៅ និង​រុក្ខជាតិ​វល្លិ​ដុះ​ជុំ​ជិត ព្រោះតែ​គ្មាន​អ្នក​ថែរក្សា និង​សម្អាត ។ ឃើញ​ទិដ្ឋភាព​បែប​នេះ​អ្នកទេសចរ​ហាក់​ស្រងេះស្រងោច​នឹក​អាណិត​ដល់​ប្រាសាទ ដែល​ជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​កំពុង​ឈរ​កណ្តោចកណ្តែង​លើ​កំពូលភ្នំ​តែ​ឯក​ឯង ស្ទើរតែ​គ្មាន​មនុស្ស​ទៅ​លេង​កម្សាន្ត​ឡើយ ។ នៅ​តាម​កាំជណ្តើរ​ឡើង​លើ​កំពូលភ្នំ​មានការ​បាក់បែក​ដោយ​​អន្លើ ។ តាម​ការ​សង្កេត គឺ​ទំនង​ជនខិលខូច​លួច​ឡើង​កាប់​ដើមឈើ​លើ​ភ្នំ រួច​ទម្លាក់​តាម​កាំជណ្តើរ​បណ្តាល​ឱ្យ​បាក់បែក ដូច​ជា​គ្មាន​ស្តាយស្រណោះ​ឡើយ ។

លោក​សំ ចាន់​ថន អភិបាលស្រុក​កំពង់​លែងឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មិនមែន​តែ​ប្រាសាទ​ពណ្ណរាយ​ទេ ដែល​មិនសូវ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត ។ សម្រាប់​ប្រាសាទ​ពណ្ណរាយ ក្នុង​១​ឆ្នាំ​មាន​អ្នក​ភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក​ទៅ​ធ្វើបុណ្យ​ម្តង ហៅ​ថា​«​ធ្វើបុណ្យ​ឡើង​ភ្នំ​» គឺ​នៅ​ខែពេញបូណ៌មី នៃ​ខែមាឃ ជា​រៀង​រាល់​ឆ្នាំ ។ ការ​ធ្វើបុណ្យ​នេះ​មាន​រយៈពេល​៣​យប់​៣​ថ្ងៃ​ដោយ​អ្នក​ភូមិ​ធ្វើ​ប្រដេញ​គ្នា​ពីលើ​ភ្នំ​ចុះ​មក​ក្រោម រហូត​ដល់​ភូមិ​ទើប​ចប់ ។ ចំពោះ​កាំជណ្តើរ​ឡើង​លើ​ភ្នំ លោក​អភិបាលស្រុក​បញ្ជាក់​ថា ទើបតែ​កសាង​នៅ​ឆ្នាំ​២០១២​ប៉ុណ្ណោះ មិនមែន​ជា​ជណ្តើរ​បុរាណ​ទេ ។

លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ថ្លែង​ថា «​ប្រាសាទ​ពណ្ណរាយ​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​ក្នុង​ចន្លោះ​សតវត្ស​ទី​៨​ទៅ​ទី​៩ មុន​សម័យ​អង្គរ ។​ប្រាសាទ​នេះ​ខ្លះ​ហៅ​ប្រាសាទ​«​ព្រះ​នារាយណ៍​»​កសាង​តាម​រនាប​ថ​ប្រាសាទ​កំពង់ព្រះ ។ ចាប់ពី​សតវត្ស​ទី​៩​ឡើង​គេ​ហៅ​ថា «​សម័យ​អង្គរ​» តែ​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​៨ និង​ដើម​សតវត្ស​ទី​៩ ទើប​យើង​ហៅ​មុន​សម័យ​អង្គរ ។ ក្នុង​ការ​កំណត់​ពី​បេតិកភណ្ឌ​ជាតិ​មានឈ្មោះ​ហៅ​របស់​វា ដូច​ជា​ពី​ត្រឹម​សតវត្ស​ទី​៧-​ទី​៨ ហៅ​សម័យ​មុន​អង្គរ ពី​សតវត្ស​ទី​៩​ដល់​សតវត្ស​ទី​១៣​ហៅ​សម័យ​អង្គរ ពី​សតវត្ស​ទី​១៣​ដល់​១៤ ហៅ​ក្រោយ​សម័យ​អង្គរ ។ ពី​សតវត្ស​ទី​១៥​ដល់​១៧ ហៅ​សម័យ​កណ្តាល ។ ពី​សតវត្ស​១៧​ឡើង ហៅ​សម័យ​ទំនើប » ៕​

អត្ថបទសរសេរ ដោយ