ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​​ព្រះធរណី​2 ក្នុងនោះ​មួយ​មាន​កម្រិត​​7រីស្ទ័រ​​នៅ​ភូមា​ញ័រ​រង្គើ​ដល់​ក្រុង​បាងកក​ ចិន និង​វៀតណាម

15 ឆ្នាំ មុន

ការ​រញ្ជួយដី​​​ដ៏ខ្លាំង​២ដែល​​មួយ​មាន​កម្រិត​៧រីស្ទ័រ​កើត​ឡើង​​នៅ​​ប្រទេស​ភូមា​ កាលពី​យប់​ថ្ងៃទី​​២៤ មីនា កន្លងមក ។ ​បាតុភូត​រញ្ជួយដី​នេះ​កើត​ឡើង​នៅ​តំបន់​ក្បែរ​ព្រំដែន​​ភូមា​ជាប់​ជា​មួយប្រទេស​ចិន ​ប្រទេសថៃ និងប្រទេស​ឡាវ ។ នេះ​បើ​​តាម​ការ​ឱ្យ​ដឹង​​ដោយមជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​​ផ្នែក​ភូមិ​​សាស្ត្រ​​​របស់អាមេរិក ។ ​មជ្ឈ​មណ្ឌល​នេះ​​បាន​ឱ្យ​​ដឹង​ទៀត​ថា ​ការរញ្ជួយ​​ដ៏​មាន​​ឥទ្ធិពល​នេះ​កើត​ឡើង​នៅភាគខាង​​​​កើត​ភូមា​មាន​ចម្ងាយ​​​៥៥​ម៉ាយ​ ប្រហែល​​​៨៩គីឡូម៉ែត្រ ​ភាគខាង​ជើង​​ខេត្ត​ឈៀង​រ៉ៃ ​ប្រទេសថៃ ។​
គេហទំព័រ MCOT របស់ថៃ​ផ្សាយ​​ជា​ភាសា​អង់គ្លេស​​​​​ឱ្យ​​ដឹង​ថា មនុស្ស​​ម្នាក់បាន​ស្លាប់​​បាត់​​បង់ជីវិត ​ដោយសារ​ដំបូល​អគារ​ធ្លាក់​​លើ​នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ ។​ គេហទំព័រ​​នេះផ្សាយ​​​​ទៀត​ថា ការរញ្ជួយដី​​នៅភូមា​​នេះញ័រ​ង្គើ​​​ដល់​ទីក្រុងបាង​កក រាជធានី​របស់ថៃ ដែលមាន​ចម្ងាយ​​ប្រហែល​​​​៧៧២គីឡូម៉ែត្រ ​ភាគខាងត្បូង​​ចំណុច​កណ្តាល​នៃ​ការរញ្ជួយដី​នោះ​ ។​
មជ្ឈម​ណ្ឌល​​ស្រាវជ្រាវ​​ភូមិ​សាស្ត្រ​​​អាេមរិក​និយាយ​​​ថា ការរញ្ជួយដី​នេះកើត​​ឡើងជម្រៅ​​​​១០គីឡូម៉ែត្រ​ក្រោម​ដី​ ។​
ទោះបីជា​បែបណា មជ្ឈ​មណ្ឌល​​ព្រមាន​​ពី​រលកស៊ូណាមី​​ប៉ាស៊ីហ្វិក​និយាយ​ថា ការ​រញ្ជួយដី​នៅប្រទេសភូមាមិនទាន់​ឈាន​ដល់​ការ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមី​នៅឡើយទេ ។ ​ជា​មួយគ្នា​នេះ ទីភ្នាក់ងារ​​ព័ត៌​មាន​​​ចិនស៊ីនហួ​​រាយការណ៍​​ឱ្យ​​ដឹង​ថា ​ការរញ្ជួយដី​​នេះបង្ក​ឱ្យ​បាក់ដី​​ និង​ដួល​រលំ​អគារ​​ជា​ច្រើន​ និងបណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​២៥​នាក់ ។​
តាម​នាយកដ្ឋាន​​ឧតុនិយម​​ភូមា​ថា ការរញ្ជួយ​ដី​កើតឡើង​នៅ​តំបន់ Loimwe របស់ភូមា​​​នា​វេលាម៉ោង​​​៨និង​​២៩​នាទីយប់ ម៉ោង​​ក្នុងស្រុក  ​​​ជម្រៅ​​១០គីឡូម៉ែត្រ ​នៅ​តាមបណ្តោយ​ព្រំដែន​​របស់​​ភូមា​​ជាប់ជាមួយ​ប្រទេសថៃ​ និងប្រទេស​ឡាវ​​តំបន់​ត្រី​កោណ​មាស​មាន​ចម្ងាយ​ប្រហែល​​៨៧គីឡូម៉ែត្រ ពីខេត្ត​ឈៀង​រ៉ៃ​​​ភាគ​ខាង​ជើង​​
ថៃ ។ រយៈ​ពេល​ប្រហែល​​​២ម៉ោង​ក្រោយ​​​​មាន​ការ​រញ្ជួយដី​​​​មួយទៀត​កម្រិត​​៥,៤​រីស្ទ័រ វាយ​ប្រហារ​​​តំបន់នោះ​ទៀត ។
តាមប្រភពព័ត៌​មាន​​​ពីប្រទេស​​ភូមា​ថា ​ការ​រញ្ជួយដី​​ដ៏ខ្លាំង​​នេះប៉ះ​​ពាល់ដល់​តំបន់ជា​ច្រើន​​របស់ភូមា ។
យោង​តាម​​សាក្សីទាំង​ឡាយ​ថា ​ការរញ្ជួយ​ដី​​​ទាំង​នេះ​ធ្វើ​ឱ្យ​​រង្គើ​រហូត​ដល់​ក្រុង​​​ហាណូយ ​រដ្ឋ​ធានីវៀតណាម ដោយ​នៅ​ទីនោះ​មនុស្ស​​ទាំង​ឡាយ​ត្រូវ​ជម្លៀស​​ចេញពី​អគារ​ខ្ពស់​ៗ ៕