ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​នឹង​ស្ទង់​មតិ​ដើម្បី​កំណត់​អនាគត​នៃ​ព័ត៌មាន​ពិត ឬ​ក្លែងក្លាយ

6 ឆ្នាំ មុន

ក្រោយ​ការ​កែប្រែ​មុខងារ​ថ្មី​របស់ News Feed និង Explore Feed នៅ​ពេល​ខាង​មុខ​ហ្វេ​ស​ប៊ុ​ក​នឹង​ធ្វើការ​ស្ទង់​មតិ ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ឆ្លើយ​សំណួរ​ចំនួន​២ ដើម្បី​វាយតម្លៃ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ ឬ​ព័ត៌មាន​ពិត…

ក្រោយ​ការ​កែប្រែ​មុខងារ​ថ្មី​របស់ News Feed និង Explore Feed នៅ​ពេល​ខាង​មុខ​ហ្វេ​ស​ប៊ុ​ក​នឹង​ធ្វើការ​ស្ទង់​មតិ ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ឆ្លើយ​សំណួរ​ចំនួន​២ ដើម្បី​វាយតម្លៃ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ ឬ​ព័ត៌មាន​ពិត ។ សំណួរ​ទាំង​ពីរ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក រួម​មាន ១-​តើ​អ្នក​ទទួលស្គាល់​វេ​ប​សាយ​ព័ត៌មាន​នេះ​ឬទេ ? ២-​តើ​អ្នក​ជឿជាក់​លើ​ប្រភព​ព័ត៌មាន​ទាំងនេះ​ក្នុង​កម្រិត​ណា ?

សំណួរ​ស្ទង់​មតិ​កើត​ចេញពី​ការ​សម្រេចចិត្ត​របស់​លោក Mark Zuckerberg នាយក​ប្រតិបត្តិ Facebook ដែល​លោក​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា លោក​នឹង​ស្វែងរក​ចំណេះដឹង​របស់​អ្នក​ប្រើប្រាស់​ដើម្បី​កំណត់​ថា តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​កំពុង​សរសេរ​​ដោយ​ស្មោះត្រង់ និង​រឿង​គួរ​ឱ្យ​ទុកចិត្ត ដែល​សក្ដិ​សម​នឹង​លេចឡើង​នៅ​ក្នុង News Feed របស់​អ្នក​ប្រើប្រាស់ ។

គួរ​ជម្រាប​ថា កន្លង​មក ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​បច្ចុប្បន្នភាព (Update) ចំនួន​២​លើក ។ លើក​ទី​១ ហ្វេ​ស​ប៊ុ​កបាន​បន្ថែម​មុខងារ Explore Feed ដែល​ធ្វើ​ឱ្យ Page ជា​ច្រើន​នៅ​កម្ពុជា​ធ្លាក់ Like ជា​បន្តបន្ទាប់ និង​លើក​ទី​២ ហ្វេ​ស​ប៊ុ​កបាន​ធ្វើការ​កែប្រែ​ទៅ​លើ News Feed ដោយ​បាន​ដាក់​អាទិភាព​ឲ្យ​អ្នក​ប្រើប្រាស់​ឃើញ​នូវ​រាល់​ការ Post របស់​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ជា​ជាង​ឃើញ​ការ Post របស់ Pages ផ្សេង​ៗ​ដូច​ជា បណ្ដាញ​ផ្សព្វផ្សាយ​, Page ក្រុមហ៊ុន​យីហោ​ធំ​ៗ និង Page ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

ចំពោះ​គម្រោង​ស្ទង់​មតិ​ថ្មី​នេះ អាច​ផ្តល់​ផល​ល្អ​សម្រាប់​គេហទំព័រ ឬ​បណ្តាញ​ផ្សព្វផ្សាយ​ធំ​ៗ​មួយ​ចំនួន​ដែល​ទទួលស្គាល់​ថា ជា​ស្ថាប័ន​សរសេរ​ព័ត៌មាន​ពិត ឥត​បន្លំ ដែល​រាល់​ការ​បង្ហោះ​របស់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងនោះ នឹង​ផុស​នៅ​លើ​ផ្ទាំង​ដំបូង​នៅ​ពេល​បើក គេ​ហៅ​ថា News Feed ។

បណ្តាញ​សង្គម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ដែល​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​នេះ នឹង​មិន​ពិចារណា​អំពី​ការ​ពិត ភាព​ស្មោះត្រង់ ឬ​វិជ្ជាជីវៈ​ព័ត៌មាន​នៅ​ពេល​វាយតម្លៃ​លើ​អង្គការ​ព័ត៌មាន​ទេ ។ ផ្ទុយ​ទៅ​វិញ លោក Zuckerberg និង​ក្រុមការងារ​នឹង​ធ្វើការ​ស្ទង់​មតិ​មនុស្ស​​ប្រមាណ​២​ពាន់​លាន​នាក់ ដែល​អ្នក​ទាំងនោះ​អាច​ជា​មិត្តភក្តិ​របស់​អ្នក ឬ​អ្នក​ផ្សេង​ទៀត ដោយ​នឹង​សម្រេច​ថា តើ​ព័ត៌មាន​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​នោះ​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត ឬ​យ៉ាងណា ។

អ្នកនាំពាក្យ​របស់​ហ្វេ​ស​ប៊ុ​កបាន​និយាយ​ថា ៖« អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​ចង់​ឃើញ​ព័ត៌មាន​ត្រឹមត្រូវ និង​ព័ត៌មាន​ពាក់ព័ន្ធ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​ព័ត៌​មាន​ពី​ប្រភព​ដែល​ពួក​គេ​ទុកចិត្ត » ។

លោក​បន្ត​ថា ៖« សំណួរ​គឺថា តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ការ​វាស់​ស្ទង់​នោះ​ល្អ​អាច​ទទួលយក​បាន​។ យើង​អាច​ព្យាយាម​សម្រេចចិត្ត​ដោយ​ខ្លួនឯង ប៉ុន្តែ​នេះ​អាច​មិន​ងាយស្រួល​សម្រាប់​​យើង​ទេ ។ យើង​បាន​ពិចារណា​សួរ​អ្នកជំនាញ​ពី​ខាងក្រៅ ដែល​នឹង​ធ្វើការ​សម្រេចចិត្ត​នេះ ប៉ុន្តែ​ទំនងជា​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​រៀបរយ​ទេ » ។

ដូច្នេះ លោក​បន្ថែម​ថា ៖« យើង​បាន​សម្រេចចិត្ត​ថា ការ​បង្កើត​សហគមន៍​កំណត់​ប្រភព​ណា ដែល​ត្រូវ​បាន​គេ​ជឿ​ទុក​ចិត្តជា​ទូទៅ​នឹង​ក្លាយជា​គោលដៅ​ដ៏​សំខាន់​បំផុត » ។

កន្លង​មក លោក Mark Zuckerberg និយាយ​ថា ៖« បច្ចុប្បន្ន​នេះ មាន​ព័ត៌មាន​មិន​ពិត និង​មាតិកា​មិន​ល្អជា​ច្រើន​នៅ​ក្នុង​ពិភពលោក ខណៈ​ដែល​បណ្តាញ​សង្គម​បាន​បើក​ឲ្យ​មនុស្ស​ចែករំលែក​ព័ត៌មាន​បាន​លឿន​ជាង​មុន ហើយ​ប្រសិនបើ​យើង​មិន​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទេ ថ្ងៃក្រោយ វា​នឹង​កើតឡើង​កាន់តែ​ច្រើន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ