ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដំឡើង​ពន្ធ​នាំ​ចូល​រថយន្ដ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​រថយន្ដ​ថ្មី​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ប្រកាស​ដល់​ពាណិជ្ជករ និង​ធុរជន​ទាំងអស់ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨​នេះ​តទៅ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ប្រកាស​ដល់​ពាណិជ្ជករ និង​ធុរជន​ទាំងអស់ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨​នេះ​តទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​សម្រេច​កែសម្រួល​អត្រាពន្ធ​អាករ​លើ​មុខទំនិញ​មួយ​ចំនួន ក្នុង​នោះ​រថយន្ត​ប្រភេទ​គ្រួសារ ក៏​ត្រូវ​បាន​ដំឡើង​ពី​៦៥​ដល់​៧០% ចំពោះ​រថយន្ត​ដែល​ប្រើប្រាស់​ចំហេះ​ឥន្ធនៈ​សុទ្ធ និង​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​៣.០០០ CC ឡើង​ទៅ ។ សេចក្តី​ប្រកាស​មួយទៀត​ដែល​ផ្ញើ​ជូន​ពាណិជ្ជករ និង​ធុរជន​នាំ​ចូល​រថយន្ត​នោះ ក៏​បាន​បង្ហាញ​ពី​ការ​កើនឡើង​ពន្ធ​មួយ​ប្រភេទ​ទៀត រហូត​ដល់​១១០%​ផង​ដែរ ។

លោក សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត​ហ្វ​ដ នៃ​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹង​ថា ការ​ដំឡើង​ពន្ធ​ពី​៦៥​ទៅ​៧០% ដែល​ប្រកាស​កាលពី​ចុងឆ្នាំ​២០១៧​នេះ គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ ក៏​ប៉ុន្តែ​មាន​ពន្ធ​មួយ​ប្រភេទ​ទៀត​ដែល​រាជរដ្ឋាភិបាល​ទើបតែ​បាន​ប្រកាស​ដំឡើង​ដូច​គ្នា​នោះ​បាន​ឡើង​រហូត​ដល់​ពី​ជាង​៨០​ទៅ​១១០% ។ ដូចនេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់ទី​ផ្សារ​រថយន្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ព្រោះ​ការ​ដំឡើង​នេះ មិន​មែន​ដំឡើង​តែ​រថយន្ត​ហ្វ​ដ​ទាំងអស់​ទេ តែ​ដំឡើង​ដល់​គ្រប់​ប្រភេទ​រថយន្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្ដង ។

លោក​បន្ត​ថា ក្រោយ​ពេល​ចេញ​សេចក្ដី​ប្រកាស​ថ្មី​មួយទៀត​ដែល​រាជរដ្ឋាភិបាល​បាន​ប្តូរ​ការ​គណនា បាន​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ត្រូវ​ឡើងថ្លៃ​បន្ថែម​ទៀត ហើយ​ការ​ឡើងថ្លៃ​នេះ ក៏​បាន​ធ្វើ​ឲ្យ​អតិថិជន​រអ៊ូរទាំ​ច្រើន​ណាស់​ដែរ រហូត​មាន​អតិថិជន​ស្ទើរតែ​លែង​ជឿជាក់​មក​លើ​ក្រុមហ៊ុន​ទៀត​ផង ។

លោក​និយាយ​ថា ៖« ពន្ធ​ថ្មី​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង បាន​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ថ្មី​ៗ​ត្រូវ​ឡើងថ្លៃ​ថែម​ទៀត ។ ជាក់ស្ដែង រថយន្ត​ហ្វ​ដ​ត្រូវ​ឡើងថ្លៃ​១​ម៉ឺន​ដុល្លារ​ថែម​ទៀត​ក្នុង​១​គ្រឿង ។ ដូចនេះ វា​ជា​បន្ទុក និង​ជា​បញ្ហា​ធ្ងន់​បំផុត​សម្រាប់​វិស័យ​រថយន្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​យើង » ។

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​គួរតែ​ប្រាប់​ដំណឹង​មក​ក្រុមហ៊ុន​លក់​រថយន្ត​ទាំង​អស់ពី​គោលការណ៍​ដំឡើង​ពន្ធ យ៉ាង​ហោច​ណាស់​ពី​៣​ទៅ​៦​ខែ​ដែរ មុន​នឹង​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន​លក់​រថយន្ត​ចាប់ផ្ដើម​អនុវត្ត​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​បាន​ពិភាក្សា និង​កំណត់​ចំនួន​នាំ​ចូល តែ​បើសិនជា​រាជរដ្ឋាភិបាល​មិន​ជូនដំណឹង​មុន​ទេ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ក្រុមហ៊ុន ហើយ​ក៏​អាច​ឈាន​ដល់​ការ​បិទទ្វារ​ក្រុមហ៊ុន​ផង​ដែរ ។

លោក​ថា ៖« មុន​នឹង​យើង​ដាក់​បញ្ជា​ទិញ​នាំ​ចូល​រថយន្ត យើង​បាន​កំណត់​តម្លៃ​ជូន​អតិថិជន ហើយ​អតិថិជន​ក៏​ព្រមព្រៀង​ទិញ​ក្នុង​តម្លៃ​មួយ​ផ្សេង តែ​នៅ​ពេល​ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ពន្ធ តម្លៃ​រថយន្ត​ក៏​ត្រូវ​ឡើង ដូចនេះ​អតិថិជន​នឹង​មិន​ទទួល​យក​រថយន្ត​នោះ​វិញ ព្រោះតែ​តម្លៃ​ខុស​គ្នា​ខ្ពស់​ពេក ។ ទាំងនេះ គឺជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដួល​រលំ​បាន ប្រសិនជា​នាំ​ចូល​រថយន្ត​ហើយ​មិន​មាន​អ្នកទិញ​នោះ » ។

លោក​បញ្ជាក់​ថា ការ​សម្រេច​ដំឡើង​ពន្ធ​បន្ថែម​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​យល់​ថា គឺជា​ការ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​មានការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​កាន់តែ​ច្រើន​មក​កាន់​ទីផ្សារ​កម្ពុជា ព្រោះ​តម្លៃ​រថយន្ត​ថ្មី​កាន់តែ​ខ្ពស់ ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី កាន់តែ​តិច ហើយ​ត្រូវ​ងាក​មក​ទិញ​រថយន្ត​មួយ​ទឹក​ប្រើប្រាស់​វិញ ដោយសារ​តែ​តម្លៃ​រថយន្ត​មួយ​ទឹក​នៅ​ទាប ។

លោកស្រី អ៊ុ​ន កញ្ញា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន HGB Auto នាំ​ចូល និង​ចែកចាយ​រថយន្ត​ជា​ច្រើន​ប្រភេទ​មក​កម្ពុជា​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ប្រាកដជា​មាន​ចំពោះ​ការ​ដំឡើង​ពន្ធ​រថយន្ត ។ ជាក់ស្ដែង នៅ​ពេល​រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ រថយន្ដ​នឹង​ឡើងថ្លៃ ហើយ​ពេល​នោះ អតិថិជន​ប្រាកដជា​នឹង​មិន​ទិញ​រថយន្ត​ថ្មី​ទេ ហើយ​ងាក​ទៅ​ប្រើ​រថយន្ត​មួយ​ទឹក​វិញ ។ ដូចនេះ គោលការណ៍​កាត់​បន្ថយ​ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​នៅ​កម្ពុជា នឹង​គ្មាន​ប្រសិទ្ធភាព ។

លោកស្រី​និយាយ​ថា ៖« យើង​ទាំងអស់​គ្នា​ចង់​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្ត​ថ្មី​ៗ ដើម្បី​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ជា​ពិសេស ការពារ​សុវត្ថិភាព​នៅ​តាម​ដង​ផ្លូវ ព្រោះ​រថយន្ត​ជជុះ​ភាគច្រើន​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​នានា តួយ៉ាង ដូច​ជា​មាន​ករណី​បុក​រះ​ដោយសារ​ហ្វ្រាំង​មិន​ស៊ី រថយន្ដ​ដាច់​ចង្កូត និង​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​នៅ​ពេល​ពន្ធ​ឡើងថ្លៃ រថយន្ដ​ថ្មី​ឡើងថ្លៃ​ដែរ ពលរដ្ឋ​ដែល​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​មាន​តិចតួច អីចឹង ពួក​គាត់​នឹង​ងាក​ទៅ​ទិញ​ឡាន​មួយ​ទឹក​ប្រើប្រាស់​វិញ»។

លោកស្រី​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ តម្រូវការ​រថយន្ត​ថ្មី​ៗ​នឹង​ធ្លាក់​ចុះ ហើយ​ការ​លក់​របស់​ក្រុមហ៊ុន​នានា ក៏​នឹង​មិន​កើនឡើង​ដូច​កាល​ឆ្នាំ​មុន​ៗ​ដែរ ។ ជាក់ស្ដែង ក្នុង​ក្រុមហ៊ុន HGB Auto កំណត់​យក​កំណើន​ត្រឹមតែ​១០% ឬ​នៅ​ថេរ​ប៉ុណ្ណោះ មិន​ហ៊ាន​កំណត់​យក​ខ្ពស់​ដូច​កាលពីមុន​ទៀត​ទេ ។

បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​បាន​ថ្លែង​ថា ការ​ដំឡើង​ពន្ធ​ទៅ​លើ​រថយន្ដ​ថ្មី​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​៣.០០០​សេ​សេ​នោះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​រថយន្ដ​ថ្មី​នោះ​ទេ ព្រោះ​សុទ្ធតែ​ជា​រថយន្ដ​ប្រណីត​ដែល​អ្នកមាន​ជីវភាព​ធូរធារ ទើប​មាន​លទ្ធភាព​ទិញ ។

លោក ពៅ ម៉ា​លី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​រូប​នេះ​បាន​ថ្លែង​កន្លង​មក​ថា ៖« រថយន្ដ​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​៣​ពាន់​សេ​សេ​នោះ សុទ្ធតែ​ប្រភេទ​រថយន្ដ​ប្រភេទ​៤៧០​ឬ​៥៧០ ដូច្នេះ​ពលរដ្ឋ​សម​ញ្ញ គាត់​មិន​ទិញ​ជិះ​ទេ ហើយ​ការ​ដំឡើង​ពន្ធ​នេះ​ថែម​ទាំង​កើន​ដល់​ចំណូល​ថវិកាជាតិ​ទៀត »​។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ថ្លែង​កាលពី​ពេល​កន្លង​ទៅ​ថា គោលការណ៍​រាជរដ្ឋាភិបាល គឺ​កាត់​បន្ថយពន្ធ​ពី​អ្នកក្រ ហើយ​ដំឡើង​ពន្ធ​ពី​អ្នកមាន​។ ក្នុង​ន័យ​នេះ​ចង់​និយាយ​ថា អ្នកមាន​ទ្រព្យធន​ច្រើន​នឹង​ត្រូវ​បង់ពន្ធ​កាន់តែ​ច្រើន​ចូល​រដ្ឋ ហើយ​អ្នក​ដែល​មិនសូវ​មាន​ទ្រព្យធន នឹង​បង់ពន្ធ​ចូល​រដ្ឋ​តិច ទៅ​តាម​ធនធាន ។ ដូចនេះ​ហើយ​ទើប​ចំណូល​មួយ​ផ្នែក​ពី​អ្នកក្រ​ថយ​ចុះ ប៉ុន្តែ​ចំណូល​ពី​អ្នកមាន​កើនឡើង​វិញ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ខែកញ្ញា ឆ្នាំ​២០១៧ មាន​យានយន្ត និង​ទោចក្រយានយន្ត​ចុះបញ្ជី​នៅ​ក្រសួង ស្មើ​ជាង​៤​លាន​គ្រឿង ក្នុង​នោះ​រថយន្ត​ធុន​ស្រាល​ជាង​៣៧​ម៉ឺន​គ្រឿង ស្មើ​៩,៣%, រថយន្ត​ធុន​ធ្ងន់​ជាង​២១​ម៉ឺន​គ្រឿង ស្មើ​៥,៤% និង​ទោចក្រយានយន្ត​ជាង​៣,៤​លាន​គ្រឿង ស្មើ​៨៥,៣% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ