ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហរ​របស់​ជប៉ុនបន្ត​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​តាម​គន្លង​អា​មេ​រិ​ក​ និង​អឺរ៉ុប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​សម្ភាសន៍​នៅ​ទីក្រុង​តូ​ក្យូ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ជប៉ុន បាន​អះអាង​ថា ជប៉ុន​នៅ​តែ​បន្ត​គាំទ្រ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហើយ​ជប៉ុន​សង្ឃឹមថា ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន ខណៈ​សហរដ្ឋអាមេរិក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​សម្ភាសន៍​នៅ​ទីក្រុង​តូ​ក្យូ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ជប៉ុន បាន​អះអាង​ថា ជប៉ុន​នៅ​តែ​បន្ត​គាំទ្រ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហើយ​ជប៉ុន​សង្ឃឹមថា ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន ខណៈ​សហរដ្ឋអាមេរិក និង​សហ​គមន៍​អឺរ៉ុប បាន​សម្រេច​ជា​ផ្លូវការ «​ព្យួរ​ជំនួយ​» ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​នៅ​កម្ពុជា ។

លោក Nishida Jun ជំនួយការ​អគ្គនាយក​នៃ​នាយកដ្ឋាន​គោលនយោបាយ​តំបន់​នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​និង​អូ​សេ​អា​នី បាន​ប្រាប់​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ កាលពី​ថ្ងៃ​ទី​២២ ខែមករា នៅ​ក្រសួងការបរទេស​ជប៉ុន ក្នុង​ទីក្រុង​តូ​ក្យូ​ថា ជប៉ុន​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​តែងតែ​គាំទ្រ​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​នៅ​អាស៊ាន ។

មន្ត្រី គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ

នៅ​ពេល​សួរ​ថា តើ​អ្វី​ទៅ​ដែល​ជំរុញ​ឱ្យ​ជប៉ុន នៅ​តែ​មាន​ជំហរ​គាំទ្រ​ដល់ គ​.​ជ​.​ប និង​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា បើ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​តាំងពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ជា​លទ្ធផល​នៃ​ការ​រំលាយ​គណបក្ស​ប្រឆាំង បាន​ធ្វើ​ឱ្យ​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​សម្រេច​ផ្អាក​ជំនួយ​ដល់ គ​.​ជ​.​ប ទៅ​ហើយ​នោះ លោក Nishida Jun មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ជប៉ុន​មិន​អាច​លែងដៃ​ពី​កម្ពុជា​ឡើយ ។

លោក Nishida Jun មាន​ប្រសាសន៍​បន្ថែម​ថា​៖ «​ជប៉ុន​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិប​តេយ្យ​។ អ៊ីចឹង​យើង​សង្ឃឹមថា ប្រទេស​ជា​សមាជិក​អាស៊ាន ខ្ញុំ​មិន​សំដៅ​ថា​ប្រទេស​ណាមួយ​នោះ​ទេ គឺ​រក្សា​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​។ ជា​ធម្មតា លទ្ធិប្រជាធិបតេយ្យ​តែង​ដើរទៅ​មុខ​ឬ​ជួនកាល​អាច​ដើរ​ថយក្រោយ​បន្តិច ។ ដូច្នេះ​បើ​យើង​មើលឃើញ​ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​បន្តិច​នៅ​ក្នុង​ប្រទេស​នោះ​(​កម្ពុជា​) យើង​មិន​អាច​មិន​រវល់​នោះ​ទេ គឺ​មាន​ន័យ​ថា​យើង​មិន​អាច​លែងដៃ​បាន​ទេ​ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​ដំណើរ​នោះ​កាន់តែ​វិល​ទៅ​រក​ភាព​មិនល្អ ។ អ៊ីចឹង យើង​បន្ត​ការ​គាំទ្រ​»​។

លោក Nishida Jun ផ្តល់​បទ​សម្ភាសន៍

សូម​បញ្ជាក់​ថា កន្លង​មក​ជប៉ុន​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​រឹតចំណង​ទាក់ទង​រវាង​កម្ពុជា និង​ជប៉ុន ក៏​ដូច​ជា​ចំណងទាក់ទង​រវាង​ជប៉ុន​និង​អាស៊ាន​រយៈពេល​៥០​ឆ្នាំ ក្នុង​ការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំនួយ​បច្ចេកទេស​ផ្សេង​ៗ​ផង​ដែរ ។ សម្រាប់​កម្ពុជា ជប៉ុន​គឺជា​តួអង្គ​សំខាន់​មួយ​ដល់​ដំណើរការ​នៃ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ក្នុង​នោះ​ជំនួយ​របស់​ប្រទេស​ជប៉ុន​កន្លង​មក សម្រាប់​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មាន​ដូច​ជា ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជាដើម សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ កន្លង​មក​។

លោក ទេព នី​ថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ដំណើរ​ការ​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា នៅ​ទីស្តីការ គ​.​ជ​.​ប ថា ការ​រៀបចំ​គម្រោង​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ធ្វើ​តាម​ការ​អនុម័ត​របស់​រដ្ឋសភា​ប្រចាំឆ្នាំ និង​រៀបចំ​គម្រោង​ទៅ​តាម​ជំនួយ​បរទេស​ដែល​បាន​ផ្តល់​ឲ្យ ។

មន្ត្រី គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ

កាលពី​ឆ្នាំ​២០១៦ ជប៉ុន​បាន​ផ្តល់​ដល់ គ​.​ជ​.​ប នូវ​កុំព្យូទ័រ សហគមន៍​អឺរ៉ុប​បាន​ផ្តល់​សម្ភារ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឃុំ សង្កាត់ ។

សម្រាប់​ឆ្នាំ​២០១៧ គ​.​ជ​.​ប​.​បាន​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ ប៉ុន្តែ​ប្រសិនបើ​មានការ​ផ្តល់​ថវិកា​ពី​បណ្តា​ប្រទេស និង​អង្គការ​នានា​នោះ គ​.​ជ​.​ប​នឹង​កាត់​គម្រោង​ថវិកា​របស់​រដ្ឋ ហើយ​ដាក់​ចូល​ថវិកា​ដែល​គេ​ផ្តល់​ជូន ។

លោក ទេព នី​ថា បញ្ជាក់​ថា «​ឆ្នាំ​២០១៨​នេះ ជប៉ុន​បាន​ផ្តល់​ចំនួន​៧​លាន​ដុល្លារ ហើយ នៅ​ចំពោះ​មុខ​នេះ គាត់​នឹង​ផ្តល់​ហិប​ឆ្នោត​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​៥​លាន​ដុល្លារ ។ ហិប​ឆ្នោត​នេះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​។

មន្ត្រី គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ

ចំណែក​ភាគី​ចិន ផ្តល់​ហិប​ឆ្នោត​មក​បន្ថែម​ទៀត ព្រោះថា​ហិប​ឆ្នោត​ដែល​ជប៉ុន​ផ្តល់​ជូន​នោះ​មិន​គ្រប់គ្រាន់​ទេ ។ លើស​ពី​នេះ ចិន​ក៏​បាន​ផ្តល់​វិទ្យុទាក់ទង​មួយ​ចំនួន​ទៀត​ផង​ដែរ»។

បើ​តាម​លោក​ទេព នី​ថា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គ​.​ជ​.​ប មាន​គម្រោង​ស្នើ​សុំ​ភាគី​ចិន​នូវ​ថវិកា​បន្ថែម​ទៀត ដើម្បី​យក​មក​សាងសង់​ទីស្នាក់ការ​សម្រាប់​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​បោះ​ឆ្នោត​ដែល​ពុំ​ទាន់​សាងសង់ ។

ទោះបីជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ព្យូ​ការ​ផ្តល់​ជំនួយ​ដល់ គ​.​ជ​.​ប ក្តី តែ​លោក​ទេព នី​ថា អះអាង​ថា គ​.​ជ​.​ប បាន​រៀបចំ​យុទ្ធវិធី​សម្រាប់​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ដោយ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​រួច​ជា​ច្រើន​ហើយ ។

លោក Nishida Jun ផ្តល់​បទ​សម្ភាសន៍

ទាក់ទង​នឹង​ការ​ទទួល​ថវិកា​ពី​បរទេស​នេះ​ដែរ លោក ខន កែវ​មនោ ប្រធាន​នាយ​ដ្ឋា​ន​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ​នៃ គ​.​ជ​.​ប ក៏​បាន​លើក​ឡើង​ពី​ការ​ប្រកាស​ផ្តល់​ថវិកា​របស់​ប្រទេស​រុ​ស្ស៊ី សម្រាប់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​ផ្តល់​ជា​ថវិកា ឬ​សម្ភារ​ណាមួយ​មក គ​.​ជ​.​ប នៅឡើយ​ទេ ទោះ​បីជា​ប្រទេស​នេះ​ធ្លាប់ ប្រកាស​ថា​ផ្តល់​ជំនួយ​ក្តី ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អគ្គលេខាធិការ គ​.​ជ​.​ប នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហ​គមន៍​អឺរ៉ុប​ដែល​ជា​ម្ចាស់​ជំនួយ​មួយ​ដល់ គ​.​ជ​.​ប បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​ដំណើរ​ការ​​បោះ​ឆ្នោត​នៅ​កម្ពុជា ជាមួយនឹង​សហរដ្ឋអាមេរិក កាលពី​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ