ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ស្ដារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ស្នើ​ពលរដ្ឋ​ដាំ​ពូជស្រូវ​មាន​ហាងឆេង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​ស្នើ​ឲ្យ​ប្រជា​កសិករ​ជ្រើសរើស​ពូជស្រូវ​ដែល​មាន​ហាងឆេង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​លក់​បាន​ថ្លៃ​មក​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​ស្នើ​ឲ្យ​ប្រជា​កសិករ​ជ្រើសរើស​ពូជស្រូវ​ដែល​មាន​ហាងឆេង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​លក់​បាន​ថ្លៃ​មក​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ផ្គត់ផ្គង់​ទៅ​កាន់​ប្រទេស​ដែល​មាន​តម្រូវការ ជា​ពិសេស​ប្រទេស​ជា​ដៃគូ​ជាមួយ​កម្ពុជា ។

លោក​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៦ នៅ​សណ្ឋា​គារ ស៊ូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា កន្លង​មក ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ដ​ថា កសិករ​គួរតែ​ងាក​មក​ដាំ​ដុះ​ពូជស្រូវ​ល្អ​ៗ និង​មាន​ហាង​ឆេង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដែល​កម្ពុជា​កំពុង​មាន​ស្រាប់ ។ លោក​ថ្លែង​ថា ៖« បច្ចុប្បន្ន អង្ករ​ក្រអូប​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​អង្ក​របាយ​ឆ្ងាញ់ និង​មាន​គុណ​ភាព​លំដាប់​ពិភពលោក ។ ដូចនេះ អង្ករ​យើង​ក៏​បាន​ល្បីល្បាញ​ទៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ហើយ​ប្រទេស​ទាំងនោះ ក៏​ចង់បាន​អង្ករ​ពី​យើង​ទៅ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​របស់​គេ​ដែរ ។ កត្តា​ទាំងនេះ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជា​កសិករ ក្នុង​ការ​យក​ពូជស្រូវ​ដែល​ល្អ និង​មានគុណ​ភាព​មក​ដាំ​ដុះ ផ្គត់ផ្គង់ និង​នាំ​ចេញ » ។

លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រជា​កសិករ ហើយ​ជំរុញ​និង​លើកទឹកចិត្ត​ពួក​គាត់​ឲ្យ​ងាក​មក​ដាំ​ដុះ​ពូជស្រូវ​ណា​ដែល​មាន​ទីផ្សារ​និង​តម្លៃ​ខ្ពស់ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហើយ​ជា​ពិសេស​នោះ ក៏​អាច​លើកកម្ពស់​កម្រិតជីវភាព​ប្រជា​កសិករ​បាន​មួយ​កម្រិត​ផង​ដែរ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា នៅ​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​ត្រៀម​នាំ​អង្ករ​ក្រអូប​ពី​កម្ពុជា​ចំនួន​៣០​ម៉ឺន​តោន ព្រោះ​ប្រទេស​ចិន​បាន​ដាក់​គោលការណ៍​លែង​ផលិត​អង្ករ ដែល​យក​ប្រភព​ទឹក​ក្រោម​ដី​មក​ប្រើ​ដូច​មុន​ទៀត​ហើយ ព្រោះ​គេ​ខ្លាច​ប៉ះពាល់​ដល់​បរិស្ថាន​របស់​ប្រទេស​គេ ។

ដូចនេះ​ហើយ​ចិន​ត្រូវ​ងាក​មក​រក​អង្ករ​ពី​ប្រទេស​ផ្សេង​ទៅ​ផ្គត់ផ្គង់​វិញ ក្នុង​នោះ​កម្ពុជា ក៏​ជា​ប្រទេស​ដៃគូ​មួយ​របស់​ចិន​ផង​ដែរ ។

លោក​បន្ត​ថា ថ្មី​ៗ​នេះ​កម្ពុជា​ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​មួយ​នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ដើម្បី​ពិចារណា​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន​បន្ថែម​ទៀត ក្នុង​បរិមាណ​៣០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ។

តំណាង​សហគមន៍​គ្រឹ​ង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក គង់ វុ​ទ្ធី បាន​ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​សម្រាប់​កសិករ​ក្នុង​ការ​ផលិត​ពូជស្រូវ​ក្រអូប​នោះ គឺ​កង្វះ​ទឹក​សម្រាប់​ស្រោច​ស្រព ព្រោះស្រូវ​ក្រអូប​ត្រូវការ​ទឹក​គ្រប់គ្រាន់ ខុស​ពី​ពូជស្រូវ​ដែល​កសិករ​ដាំ​ដុះ​សព្វថ្ងៃ ។ ដោយសារ​កត្តា​ទាំងនេះ​ហើយ ទើប​កសិករ​មួយ​ចំនួន​នៅ​តែ​ដាំ​ដុះ​ពូជស្រូវ​ដែល​សល់​ពី​ដូនតា ជា​ប្រភេទ​អង្ក​របាយ​រឹង​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ