ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​កៅស៊ូ​កម្ពុជា​កាន់តែ​ប្រសើរ​ដែល​កំពុង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ការ​ដាំ​ដុះ និង​នាំ​ចេញ​ទិន្នផល​កៅស៊ូ​របស់​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង បើ​ទោះជា​កេរ្តិ៍ឈ្មោះ​កៅស៊ូ​កម្ពុជា​មិនសូវ​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​​ឧស្សាហកម្ម​ធំ​ៗ​ដូច​ជា សហភាព​អឺរ៉ុប ចិន ឬ​អា​មេ​រិ​ក​ក្តី ។…

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ការ​ដាំ​ដុះ និង​នាំ​ចេញ​ទិន្នផល​កៅស៊ូ​របស់​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង បើ​ទោះជា​កេរ្តិ៍ឈ្មោះ​កៅស៊ូ​កម្ពុជា​មិនសូវ​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​​ឧស្សាហកម្ម​ធំ​ៗ​ដូច​ជា សហភាព​អឺរ៉ុប ចិន ឬ​អា​មេ​រិ​ក​ក្តី ។ ដោយសារ​តែ​ភាព​ប្រសើរ​ឡើង​នៃ​វិស័យ​នេះ វា​បាន​ចូលរួម​ចំណែក​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រក្សា​បាន​នូវ​កំណើន​៧%​ជា​រៀង​រាល់​ឆ្នាំ ។

តាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល​១២​ខែ​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​កើនឡើង​៣៣% ដែល​មាន​ចំនួន​១៨៨.៨៣២​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ។ ចំណែក​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ អាច​លក់​បាន​ថ្លៃ​ជា​មធ្យម​១.៤២២​ដុល្លារ​ក្នុង​១​តោន កើនឡើង​៣០៣​ដុល្លារ​ក្នុង​១​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ប៉ុ​ល សុ​ផា បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២២ មក​រា ថា ទិន្នផល​កៅស៊ូ​នឹង​បន្ត​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ចាប់ពី​ឆ្នាំ​នេះ រហូត​ដល់​ឆ្នាំ​២០២៥ ។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ លោក ម៉ែ​ន សុ​ភ័ក្ត្រ អគ្គលេខាធិការ​សមាគម​ចម្ការ​កៅស៊ូ​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដំណាំ​កៅស៊ូ​មាន​សន្ទុះ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ទាំង​ការ​ដាំ​ដុះ និង​ការ​នាំ​ចេញ ។ ការ​កើនឡើង​នេះ ដោយសារ​ផ្ទៃដី​ដាំ​កៅស៊ូ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​កើនឡើង​យ៉ាង​គំហុក តាម​រយៈ​ការ​ផ្តល់​សម្ប​ទាន​សេដ្ឋកិច្ច និង​ការ​ផ្តល់​ដី​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ ។ ចំណែក​តម្លៃ​កៅស៊ូ​ក៏​ទទួល​បាន​សមរម្យ​ផង​ដែរ​ចាប់តាំងពី​ឆ្នាំ​២០១០ ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​កសិករ និង​វិស័យ​ឯកជន​វិនិយោគ​ទៅ​លើ​វិស័យ​នេះ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​លើក​ឡើង​កាលពី​ពេល​កន្លង​ទៅ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​កំណើន​បាន​ល្អ​ប្រសើរ ដោយសារ​មានការ​ទ្រទ្រង់​ពី​វិស័យ​៣​សំខាន់​ៗ គឺ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ហើយ​ក្នុង​នោះ ដំណាំ​កសិឧស្សាហកម្ម​រួម​មាន កៅស៊ូ និង​ដំឡូង មាន​និន្នាការ​កាន់តែ​ល្អ​ប្រសើរ​ដែល​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

កំណើន​នៃ​ឧស្សាហកម្ម​យានយន្ដ និង​របកគំហើញ​ថ្មី​នៃ​រថយន្ដ គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នៃ​ឧស្សាហកម្ម​កៅស៊ូ​មានការ​រីក​ចម្រើន ។ បណ្ដា​ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ ដោយសារ​តែ​កំណើន​នៃ​ឧស្សាហ​កម្ម​យានយន្ដ​។ ចំណែក​អា​មេ​រិ​ក​ខាងជើង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​រឹង​មាំ ខណៈ​ដែល​បណ្ដា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​លើ​ទីផ្សារ​មួយ​នេះ​ក្នុង​ពេល​អនាគត ។

ថ្លែងប្រាប់​កោះសន្ដិភាព​កាលពី​ខែធ្នូ​កន្លង​មក លោក​ចេ​ហ្វ បូ​ដ (Jef BOEDT) អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​វា​ជា​រឿង​ស្មុគស្មាញ​មួយ ព្រោះ​វា​មាន​និន្នាការ​ទៅ​តាម​ទីផ្សារ​ប្រេង និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក ពិសេស​គឺ​ការ​ថមថយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ។ ប៉ុន្ដែ​ដោយសារ​កំណើន​ប្រជា​សាស្ត្រ និង​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​យានយន្ដ​សព្វថ្ងៃ ធ្វើ​ឲ្យ​ទីផ្សារ​ដំណាំ​នេះ​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ខាង​មុខ ។

លោក ចេ​ហ្វ និយាយ​ថា ៖« ក្រុមហ៊ុន​យើង​មានបទពិសោធន៍​ដាំ​កៅស៊ូ​ជាង​១០០​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត ដូច្នេះ​បញ្ហា​តម្លៃ គឺ​យើង​ដឹង​ច្បាស់ វា​មិន​ស្ថិតស្ថេរ​នោះ​ទេ ឆ្នាំ​នេះ​ធ្លាក់​ចុះ តែ​៥​ឆ្នាំ​ក្រោយ វា​អាច​នឹង​ឡើងថ្លៃ​វិញ ហើយ​ខ្ញុំ​ជឿជាក់​ថា តម្លៃ​កៅស៊ូ​នឹង​កើនឡើង​ទៀត​នៅ​ឆ្នាំ​២០១៨ ដោយសារ​កំណើន​នៃ​ប្រជាសាស្ត្រ​នៅ​លើ​ពិភពលោក និង​ការ​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​យានយន្ដ នោះ​នឹង​ធ្វើ​ឲ្យ​តម្រូវការ​កៅស៊ូ​កើនឡើង ។ ខ្ញុំ​លើក​ហេតុផល​មួយ​ដែល​អ្នក​អាច​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក កាលពី​ខ្ញុំ​មក​ដល់​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០១០ ការ​ប្រើប្រាស់​យានយន្ដ​ដូច​ជា រថយន្ដ និង​ម៉ូតូ គឺ​មាន​តិចតួច​ណាស់ តែ​សព្វ​ថ្ងៃនេះ នៅ​តាម​ដងផ្លូវ​ពោរពេញ​ដោយ​យាន​យន្ដ ពិសេស​គឺ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ខ្ញុំ​ជឿជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​បន្ដ​រីក​ចម្រើន​ថែម​ទៀត ។ នេះ​ជា​ហេតុផល​ចម្បង​ដែល​ទីផ្សារ​កៅស៊ូ​នឹង​ប្រសើរ​ឡើង ដូច្នេះ​ចូរ​អ្នក​កុំ​ផ្លាស់​ប្ដូរ​ទិស​ដៅ ប្រសិនបើ​អ្នកមាន​ចម្ការ​កៅស៊ូ » ។

លោក ម៉ែ​ន សុ​ភ័ក្ត្រ បានឱ្យ​ដឹងផង​ដែរ​ថា កៅស៊ូ គឺជា​ដំណាំ​មួយ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​កម្ពុជា​តាំងពី​យូរណាស់​មក​ហើយ ។ លោក​បន្ត​ថា វិស័យ​កៅស៊ូ​បាន​ធ្វើ​ឱ្យ​កើនឡើង​នូវ​រូបិយប័ណ្ណ​បរទេស​តាម​រយៈ​ការ​នាំ​ចេញ​, ជួយ​បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​, ទាក់ទាញ​ការ​វិនិយោគ​ក្នុង​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​ផលិតផល​ពាក់កណ្តាល​សម្រេច ហើយ​នា​ពេល​អនាគត អាច​នឹង​មាន​វិនិយោគិន​បរទេស​បង្កើត​រោងចក្រ​កែ​ច្នៃ​ផលិតផល​សម្រេច​ផង​ដែរ ។ ក្រៅពី​នេះ វិស័យ​កៅស៊ូ​ក៏​បាន​ចូលរួម​ចំណែក​បង់ពន្ធ​ជូន​រដ្ឋ​ជា​ច្រើន​ដែរ​ដូច​ជា ពន្ធ​ប្រាក់​ចំណេញ និង​ពន្ធ​នាំ​ចេញ​ជាដើម ។

បើ​តាម​របាយការណ៍​នាយកដ្ឋាន​កៅស៊ូ ផ្ទៃដី​ដាំ​កៅស៊ូ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៤៣​ម៉ឺន​ហិ​កតា (៤៣៦.៣៣៩) ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ជាង​១៧​ម៉ឺន​ហិ​កតា ស្មើនឹង​៣៩,០១% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​២៦​ម៉ឺន​ហិ​កតា ស្មើនឹង​៦០,៩៨% ។ ខេត្ត​ដែល​ដាំ​កៅស៊ូ​ច្រើន​ជាងគេ គឺ​កំពង់ចាម ត្បូងឃ្មុំ រតនគិរី និង​ក្រចេះ រួម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត។ ពេញ​មួយ​ឆ្នាំ​២០១៧ ផលិតកម្ម​កៅស៊ូ​សម្រេច​បាន​ចំនួន​១៩៣.២៨៦​តោន កើនឡើង​ចំនួន​៤៨.០៨៧​តោន ស្មើនឹង​៣៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក ប៉ុ​ល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កៅស៊ូ​នេះ​កាន់តែ​ប្រសើរ​ជាង​មុន អគ្គនាយក​ដ្ឋាន​កៅស៊ូ​កម្ពុជា តែងតែ​ជំរុញ​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​ឱ្យ​ថែទាំ​ចម្ការ និង​ការ​ប្រមូល​ផល​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

លោក​ប្រាប់​បន្ថែម​ថា ៖« ផលិតផល​កៅស៊ូ​ស្រុក​ខ្មែរ​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ចាប់ពី​ឆ្នាំ​នេះ រហូត​ដល់​ឆ្នាំ​២០២៤-២០២៥ គឺ​កើនឡើង​រហូត ហើយ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា រួម​មាន ចិន វៀតណាម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី » ។

យ៉ាងណាមិញ លោក ម៉ែ​ន សុ​ភ័ក្ត្រ លើក​ឡើង​ថា កៅស៊ូ​កម្ពុជា​មានគុណ​ភាពល្អ​តាម​ស្តង់ដា​អន្តរជាតិ ប៉ុន្តែ​ទីផ្សារ​នាំ​ចេញ​នៃ​ផលិតផល​នេះ​ហាក់​គ្មាន​ភាពរឹងមាំ​ទេ ដោយ​សារ​មិន​ទាន់​មាន​ប្រទេស​ណាមួយ​ដែល​ជាទី​ផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​នាំ​ចេញ​ទទួលស្គាល់​ផ្តាច់មុខ​ទេ ខណៈ​ការ​លក់​រាល់​ថ្ងៃនេះ បាន​ត្រឹមតែ​លក់​ឱ្យ​ឈ្មួញកណ្តាល​ដូច​ជា ប្រទេស​ម៉ា​ឡេ​ស៊ី វៀតណាម និង​សិង្ហ​បុរី ដែល​យក​ទៅ​លក់​បន្ត​ទៀត​ទៅ​ប្រទេស​ចិន អឺរ៉ុប និង​ប្រទេស​ផ្សេង​ៗ​ទៀត ។

លោក​បាន​សង្កត់ធ្ងន់​ថា ៖« អីចឹង អ្នកទិញ​ធំ គេ​ទៅ​ទិញ​នៅ​វៀតណាម​ដែល​មាន​ទិន្ន​ផល​​ច្រើន នៅ​ថៃ និង​ម៉ា​ឡេ​ស៊ី​តែ​ម្តង គេ​អត់​ទិញ​ផ្ទាល់​ពី​យើង​ទេ ។ អីចឹង យើង​ជាទី​ផ្សារ​បន្ទាប់បន្សំ និង​បំពេញបន្ថែម​របស់​ពួក​គាត់ ប្រសិនបើ​គេ​ខ្វះ​បរិមាណ គេ​អាច​មក​ទិញ​យើង បើ​មិន​អីចឹង​ទេ វៀតណាម​ដែល​ជា​ប្រទេស​ជិតខាង​យើង ឬ​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី មក​បញ្ជា​ទិញ​ច្រើន​ជាង​មុន​បន្តិច​ទៅ ដើម្បី​បំពេញបន្ថែម​ទីផ្សារ​របស់​គេ​ផ្សេង​ៗ ។ អីចឹង​ហើយ​ផលិត​របស់​យើង​ឈ្មោះ​នៅ​មាន​កម្រិត​នៅឡើយ ប៉ុន្តែ​គុណភាព​គឺ​យើង​ល្អ​ហើយ។ អ្នក​ដែល​បាន​ប្រើប្រាស់​ផលិតផល​របស់​យើង គេ​ទទួលស្គាល់​ថា យើង​មានគុណ​ភាព​ស្តង់ដា​ដូច​គេ​ដែរ » ។

លោក​បន្ថែម​ថា ការណ៍​ដែល​កៅស៊ូ​កម្ពុជា មិនសូវ​មានឈ្មោះ​នៅ​លើ​ទីផ្សារ ដោយសារ​បរិមាណ​នាំ​ចេញ​មាន​ចំនួន​តិច ហើយ​ប្រទេស​បញ្ជា​ទិញ​ធំ​ៗ​ដូច​ជា អឺរ៉ុប ជប៉ុន និង​ចិន​ជាដើម​ត្រូវការ​ចំនួន​ច្រើន ។

លោក​បញ្ជាក់​ថា ដើម្បី​លើកកម្ពស់​ឈ្មោះ​ផលិតផល​កៅស៊ូ​កម្ពុជា រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងពាណិជ្ជកម្ម ឬ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​បង្កើត​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៅ​ប្រទេស​ដែល​ប្រើប្រាស់ និង​ទិញ​កៅស៊ូ ដើម្បី​ឱ្យ​ប្រទេស​ធំ​ៗ​ទាំងនោះ​ជួយ​ទិញ​ផលិត​ផល​កម្ពុជា ក្នុង​កម្រិត​តម្លៃ​មួយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដូច​ផលិតផល​ដទៃ​ដែរ​។ ទោះជា​បែប​នេះ​ក្តី លោក​លើក​ឡើង​ថា ៖« ប៉ុន្តែ​វា​ពិបាក​ដែរ ដោយសារ​ទិន្នផល​របស់​យើង​មាន​បរិមាណ​តិច ហើយ​ប្រទេស​បញ្ជា​ទិញ​មាន​ចំនួន​ច្រើន​រហូត​១​ម៉ឺន ឬ​២​ម៉ឺន​តោន ហើយ​កម្ពុជា​លក់​ភាគច្រើន​ត្រឹមតែ​ម្តង​១០០​តោន ទៅ​៥០០​តោន​ប៉ុណ្ណោះ » ។

លោក ប៉ុ​ល សុ​ផា ទទួលស្គាល់​ថា កត្តា​ដែល​កៅស៊ូ​កម្ពុជា មិនសូវ​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​បណ្តា​ប្រទេស​ឧស្សាហកម្ម​ធំ​ៗ ដោយសារ​ទីផ្សារ​នាំ​ចេញ​មិនមែន​ជាទី​ផ្សារ​ផ្ទាល់ ដែល​ភាគច្រើន​នាំ​ចេញ​តាម​រយៈ​ទីផ្សារ​របស់​ប្រទេស​វៀតណាម ដែល​ធ្វើ​ឱ្យ​ប្រទេស​ខាងក្រៅ​មិន​បានដឹង​ពី​ផលិតផល​របស់​កម្ពុជា ។

លោក​បាន​អះអាង​ថា ៖« ដោយសារ​បញ្ហា​នេះ​ហើយ ទើប​ទាំង​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​តែង​ធ្វើការ​ផ្សព្វផ្សាយ​នៅ​តាម​ទីផ្សារ​ធ្វើ​ម៉េច​ឱ្យ​បាន​ទៅ​តាម​ទីផ្សារ​ចុង​ក្រោយ ដើម្បី​ឱ្យ​កៅស៊ូ​យើង​នេះ​មាន​កិត្តិនាម​នៅ​លើ​ទីផ្សារ​អន្តរជាតិ » ។

ខណៈ​បច្ចុប្បន្ន បើ​ទោះបីជា​ការ​នាំ​ចេញ​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន ជួយ​ដល់​សេដ្ឋ​កិច្ចជាតិ​ពិតមែន ប៉ុន្តែ​អ្នក​ដាំ​ក៏​ដូច​ជា​អ្នក​នាំ​ចេញ ហាក់​មិនសូវ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ទេ ព្រោះតែ​តម្លៃ​កៅស៊ូ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​ទ្រឹង​ត្រឹម​កម្រិត​១.៥០០​ដុល្លារ​ក្នុង​១​តោន​ប៉ុណ្ណោះ ចំណែកឯ​ថ្លៃដើម​ផលិតកម្ម​ក៏​ខ្ពស់​ផង​ដែរ ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អគ្គលេខាធិការ​សមាគម​ចម្ការ​កៅស៊ូ​កម្ពុជា​លោក ម៉ែ​ន សុ​ភ័ក្ត្រ ។

បើ​តាម​ជំនួប​ពិភាក្សា​ការងារ​វិនិយោគ​រវាង​ភាគី​ចិន និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧​នេះ ខេត្ត​សាន​ស៊ី ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ជាមួយ​កម្ពុជា ដើម្បី​ទិញ​កៅស៊ូ​កម្ពុជា ចំនួន​៣០​ម៉ឺន​តោន ដែល​សង្ឃឹមថា នឹង​អាច​ចាប់ផ្ដើម​ដំណើរការ​នាំ​ចូល​ពី​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨ នេះ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​នៅ​ស​ប្តា​ហ៍​ទី​៣​នៃ​ខែមករា ឆ្នាំ​២០១៨ ជ័រ​ស្ងួត​មាន​តម្លៃ​៤.៣៦០​រៀល និង​ជ័រ​កក​២.១២០​រៀល​ក្នុង​១​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ