ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បង្ហាញ​តម្រុយ​រីក​ចម្រើន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី លើ​​តុ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ កាលពី​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី
លើ​​តុ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ កាលពី​ថ្ងៃ​ទី​២១ មក​រា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ថា ដោយ​ទទួល​បាន​កិច្ចសហការ​យ៉ាង​ល្អជា​មួយ​លោកគ្រូ​ចាស់​ៗ និង​អ្នក​ដែល​មាន​បទ​ពិសោធន៍​ស្រាប់ លោក​សង្ឃឹមថា វិស័យ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា អាច​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។

លោក​ថា សព្វ​ថ្ងៃនេះ​ធនធានមនុស្ស​នៅ​ក្នុង​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា មាន​ច្រើន​ណាស់ យើង​មិន​មាន​អ្វី​ដែល​ពិបាក​ទៀត​នោះ​ទេ សំខាន់​ឱ្យ​តែ​ចេះ​រួមចិត្តរួមគំនិត​ជាមួយ​គ្នា​ធ្វើការ មិនយូរ​ប៉ុន្មាន​នោះ​ទេ​វិស័យ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ពិតជា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​មិន​ខាន ។ លោក​ថា បញ្ហា​ចំពោះ​មុខ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ខិតខំ​ជំរុញ​ដល់​មន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម​របស់​យើង​ឱ្យ​ឈាន​ទៅ​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិ ។ ដូច្នេះ​ហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ ខិតខំ​រៀបចំ​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​មួយ​នេះ​ឡើង ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ទៅ​បាន ។ វគ្គ​បណ្ដុះបណ្ដាល​នេះ​គ្រោង​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​មក​ម៉្លេះ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​ខ្លះ​ទើប​ពន្យារពេល​មក​ធ្វើ​នៅ​ដើមឆ្នាំ​២០១៨​នេះ​តែ​ម្ដង​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​២១ មក​រា ។

សហព័ន្ធ​បាន​អញ្ជើញ​លោកស្រី ​Rachei  RAMOS​ ជនជាតិ​ហ្វី​លី​ពី​ន​ជា​គ្រូឧទ្ទេស​កម្រិត​កំពូល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ មក​ជួយ​បង្ហាត់​បង្រៀន ។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ បន្ត​ថា ចំពោះ​ការ​ចូលរួម​រយៈពេល​៣​ថ្ងៃ​លោក​សង្កេត​ឃើញ​ថា សិក្ខាកាម​ទាំង​២៥​នាក់​មានការ​ស្វែង​យល់​បាន​ច្រើន ជា​ពិសេស​អ្វី​ដែល​ពួក​គាត់​មិន​ធ្លាប់​ទទួល​បាន​ពី​មុន​មក និង​ខិតខំ​សិក្សា​នូវ​អ្វី​ដែល​ត្រូវ​ស្វែង​យល់​បន្ថែម​ទៅ​លើ​ការ​​អនុវត្ត​ការងារ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ចំណោម​ចៅក្រម​និង​អាជ្ញាកណ្ដាល​ទាំង​២៥​នាក់​នេះ​មាន​៨​នាក់​បាន​ប្រឡង​ជាប់​ជា​ចៅក្រម អាជ្ញាកណ្ដាល​កម្រិត​មូលដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​សហ​ព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ ដែល​អាច​ចាត់​ទុក​ថា​ជា​ជំហាន​ដំបូង​ដែល​អាច​ឱ្យ​ពួក​គាត់​ឈាន​ទៅ​ដល់​ការ​ធ្វើ​ជា​ចៅក្រម​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ ។

មិនតែប៉ុណ្ណោះ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​មាន​គម្រោង​ធ្វើការ​បណ្ដុះ​បណ្ដាល​​ចៅក្រម និង​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​យ៉ាង​ហោច​ណាស់​ក៏​២​ទៅ​៣​នាក់​ដែរ​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ចូលរួម​ធ្វើ​ចៅក្រម​នៅ​ពេល​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក​បាន​លើក​ឡើង​ទៀត​ថា នេះ​ជា​ជោគជ័យ​ថ្មី​មួយ​សម្រាប់​សហព័ន្ធ​កីឡា​វាយ​កូន​​ឃ្លី​លើ​តុ​កម្ពុជា ព្រោះ​ពី​មុន​មក​យើង​មិន​ដែល​មាន​វគ្គ​បណ្ដុះបណ្ដាល​បែប​នេះ​ឡើយ​ដូច្នេះ​​វគ្គ​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ នៅ​ខែមីនា ខាង​មុខ លោក​នឹង​រៀប​ចំ​ឱ្យ​មាន​វគ្គ​នេះ​ជា​បន្ត​ទៀត ហើយ​លោក​ក៏​មាន​គម្រោង​ស្នើ​សុំ​ទៅ​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លីលើតុ​អន្តរជាតិ​រៀបចំ​ឱ្យ​មានការ​ប្រឡង​ជ្រើសរើស​ចៅក្រម​អាជ្ញាកណ្ដាល​អន្តរ​ជាតិ​​នៅ​កម្ពុជា​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ