ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ដាក់​របាំង​ដែក​សងខាង​ផ្លូវ​ការពារ​គ្រោះថ្នាក់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ក៏​ដូច​ជា​ក្រុម​អ្នកដំណើរ​ជា​ច្រើន​ទៀត​បាន​និយាយ​ដូច​ៗ​គ្នា​ថា ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ទំនប់​បឹង​ស្នេហ៍​ម្តង​ៗ ពួក​គាត់​មានការ​ព្រួយបារម្ភ​ណាស់ ព្រោះ​ផ្លូវ​នេះ​មាន​ទំហំ​តូច និង​កំពស់​រហូត​ដល់​ទៅ​ជាង​៥​ម៉ែត្រ ហើយ​សងខាង​ផ្លូវ​គ្មាន​អ្វី​រាំង​ទប់​នោះ​ទេ…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ក៏​ដូច​ជា​ក្រុម​អ្នកដំណើរ​ជា​ច្រើន​ទៀត​បាន​និយាយ​ដូច​ៗ​គ្នា​ថា ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ទំនប់​បឹង​ស្នេហ៍​ម្តង​ៗ ពួក​គាត់​មានការ​ព្រួយបារម្ភ​ណាស់ ព្រោះ​ផ្លូវ​នេះ​មាន​ទំហំ​តូច និង​កំពស់​រហូត​ដល់​ទៅ​ជាង​៥​ម៉ែត្រ ហើយ​សងខាង​ផ្លូវ​គ្មាន​អ្វី​រាំង​ទប់​នោះ​ទេ ដែល​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ផ្លូវ​ទំនប់​បឹង​ស្នេហ៍​នេះ ត្រូវ​បាន​គេ​សាងសង់​ឡើង​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ដោយ​មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ​គិត​ចាប់ពី​ស្ពាន​ស្នេហ៍ រហូត​មក​ដល់​ផ្សារ​ស្នេហ៍ ដែល​មាន​ទំហំ​ទទឹង​៤​ម៉ែត្រ និង​កំពស់​ជាង​៥​ម៉ែត្រ ។

ដោយសារ​តែ​ផ្លូវ​នេះ​សាងសង់​កាត់​វាល​បឹង ទើប​នៅ​សងខាង​ផ្លូវ​គ្មាន​ដើមឈើ​នោះ​ទេ ហើយ​គេ​ក៏​មិន​បាន​ដាក់​របាំង​ដែក​ការពារ​នៅ​អម​សងខាង​ផ្លូវ​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ ។ អ្នកស្រុក​ទាំងនោះ​បាន​សំណូមពរ​សុំ​ឲ្យ​ខាង​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង មេត្តា​ជួយ​ធ្វើ​របាំង​ដែក​ដាក់​នៅ​អម​សងខាង​ផ្លូវ​នេះ​ផង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​តទៅ​ទៀត ។

ប្រជាពលរដ្ឋ​ទាំង​អស់នោះ​បាន​បញ្ជាក់​ទៀត​ថា ផ្លូវ​ទំនប់​បឹង​ស្នេហ៍​នេះ បច្ចុប្បន្ន​មិន​មែនមាន​បញ្ហា​តែ​រឿង​អត់​របាំង​ដែក​សងខាង​ផ្លូវ​នោះ​ទេ តួ​ផ្លូវ​ទាំងមូល​ក៏​កំពុង​តែ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដែរ ដោយសារ​តែ​គេ​បើក​ឲ្យ​មាន​រថយន្ត​យី​ឌុ​ប​ធំ​ៗ បើក​ឆ្លងកាត់​ច្រើន​ពេក​មួយ​យប់​ៗ​រាប់រយ​គ្រឿង​ឯណោះ គេ​ដឹកស្រូវ​យក​ទៅ​លក់​នៅ​ច្រក​បន្ទាយ​ចក្រី ហេតុនេះ​ហើយ​ពួក​គាត់​សំណូមពរ​ឲ្យ​ជួយ​ធ្វើ​ទាំង​របាំង​ដែក និង​ជួសជុល​ផ្លូវ​ផង បើ​បាន​ប៉ុណ្ណេះ​ពួក​គាត់​ត្រេកអរ​ណាស់ ។

ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​នេះ ត្រូវ​បាន​លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ផ្លូវ​ទំ​បន់​បឹង​ស្នេហ៍​នេះ​លោក​ទទួលស្គាល់​ថា វា​ពិតជា​ខូចខាត​ខ្លាំង​មែន ហើយ​ក៏​មាន​ហានិភ័យ​ខ្លាំង​មែន ។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​គម្រោង​ស្នើ​សុំ​ទៅ​គណៈកម្មការ​ត្រួតពិនិត្យ​របស់​ក្រសួង ដើម្បី​ឲ្យ​ចុះ​មក​ត្រួតពិនិត្យ​មើល ដើម្បី​លើក​គម្រោង​ធ្វើការ​ជួសជុល និង​ដាក់​របាំង​ដែក​ឲ្យ​បាន​ឆាប់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ