ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​ព្រួយបារម្ភ​ពី​តម្លៃ​ប្រាក់​បាត​មានការ​កើនឡើង

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​បាត​បាន​ក្លាយជា​ប្រធានបទ​ដ៏​ពេញ​និយម​សា​ជា​ថ្មី ដោយ​មាន​អាជីវករ​ខ្លះ​រអ៊ូរទាំ ។ តម្លៃ​ប្រាក់​បាត​បាន​កើនឡើង​ជាង​២% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ហើយ​ពេល​នេះ ប្រាក់​បាត​ជា​រូបិយប័ណ្ណ​ដែល​មើលឃើញ​តម្លៃ​កើនឡើង​ច្រើន​ជាងគេ​ក្នុង​អាស៊ី ។…

ទីក្រុង​បាងកក ៖ ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​បាត​បាន​ក្លាយជា​ប្រធានបទ​ដ៏​ពេញ​និយម​សា​ជា​ថ្មី ដោយ​មាន​អាជីវករ​ខ្លះ​រអ៊ូរទាំ ។ តម្លៃ​ប្រាក់​បាត​បាន​កើនឡើង​ជាង​២% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ហើយ​ពេល​នេះ ប្រាក់​បាត​ជា​រូបិយប័ណ្ណ​ដែល​មើលឃើញ​តម្លៃ​កើនឡើង​ច្រើន​ជាងគេ​ក្នុង​អាស៊ី ។

ប្រាក់​បាត​កើនឡើង​បាន​ប៉ះពាល់​ដល់​អ្នក​នាំ​ចេញ​ក្នុង​ប្រទេស ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​បរទេស​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ នៅ​ពេល​ពួក​គេ​ប្តូរ​ប្រាក់​ទៅ​ប្រាក់​បាត ហើយ​បុគ្គលិក​ដែល​រក​ប្រាក់​ចំណូល​បានជា​រូបិយប័ណ្ណ​បរទេស នឹង​មើលឃើញ​ប្រាក់​ធ្លាក់​ចុះ​នៅ​ពេល​ប្តូរ​ប្រាក់ ។

លោក Somjai Phagaphasvivat សេដ្ឋវិទូ​ក្នុង​សាកលវិទ្យាល័យ Thammasat បាន​និយាយ​ថា ព្រោះតែ​តម្លៃ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ វិនិយោគិន​បរទេស​បាន​ងាក​ទៅ​វិនិយោគ​លើ​ប័ណ្ណបំណុល​ថៃ​វិញ ។

ជាមួយ​គ្នា​នេះ លោក​ថា ទស្សនវិស័យ​ដ៏​ល្អ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ថៃ រួម​ជាមួយ​ផល​លើស​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ ក៏​បាន​ទាក់ទាញ​វិនិយោគិន​បន្ថែម​ទៀត​ដែរ ។

គណៈកម្មាធិការ​រួម​ផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​កិច្ច (JSCCIB) និង​ក្រុម ប្រឹក្សា​ជាតិ​អ្នក​នាំ​ចេញ​ក្នុង​ប្រទេស​ថៃ បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​តាមដាន​ចលនា​តម្លៃ​ប្រាក់​បាត ។

លោក Kalin ប្រធាន JSCCIB បាន​និយាយ​ថា អាជីវករ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ និង​ធ្វើ​ឲ្យ​ការ​លូតលាស់​នៃ​តម្លៃ​ប្រាក់​បាត​ស្រប​នឹង​រូបិយ​វត្ថុ​របស់​ប្រទេស​អាស៊ាន​ដទៃ​ទៀត ។

ជាមួយ​គ្នា​នេះ ធនាគារជាតិ​ប្រទេស​ថៃ​ក៏​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ផង​ដែរ ។

អាជីវករ​បាន​ជំរុញ​ដល់​ធនាគារជាតិ​ឲ្យ​បង្កើត​មធ្យោបាយ​បន្ថែម​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ត​ទៀត ហើយ​វិស័យ​ឯកជន​គួរតែ​បង្កើន​ការ​នាំ​ចូល​វត្ថុធាតុដើម នៅ​ពេល​តម្លៃ​ប្រាក់​បាត​នៅ​ខ្ពស់ ។ រដ្ឋាភិបាល​បាន​បន្ត​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Sontirat Sontijirawong បាន​និយាយ​ថា តម្លៃ​ប្រាក់​បាត​កើនឡើង​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​នាំ​ចេញ​របស់​ប្រទេស​ថៃ​ជា​មិន​ខាន ប៉ុន្តែ​ក្រសួង​កំពុង​តែ​តាមដាន​ផល​ប៉ះពាល់​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ