ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ និង​ចត​រថយន្ដ​ក្រោម​ដើមឈើ​នៅ​រមណីយដ្ឋាន​កែប​ក៏​អស់​លុយ​ដែរ

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ខេត្ត​កែប​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា «​តារា​រះ​នា​ទិសនិរតី​» និង​បាន​ចូល​ជា​សមា​ជិក​ក្លិប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក ហើយ​ថ្មី​ៗ​នេះ ខេត្ត​ក៏​បាន​ទទួល​ជ័យ​លា​ភី​ថ្មី​មួយទៀត គឺ​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ…

ខេត្ត​កែប ៖ ខេត្ត​កែប​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា «​តារា​រះ​នា​ទិសនិរតី​» និង​បាន​ចូល​ជា​សមា​ជិក​ក្លិប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក ហើយ​ថ្មី​ៗ​នេះ ខេត្ត​ក៏​បាន​ទទួល​ជ័យ​លា​ភី​ថ្មី​មួយទៀត គឺ​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ងាក​មក​ទស្សនា និង​លំហែកាយ​នៅ​តំបន់​នេះ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ មិន​ថា​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភក្តិ​ទេ ពួក​គេ​ហាក់​មិន​សប្បាយចិត្ត​នៅ​ពេល​ចង់​អង្គុយ​ក្រោម​ដើមឈើ បែរជា​មាន​គេ​ក្រាលកន្ទេល​គិតលុយ ដែល​កាលពីមុន​មាន​តែ​នៅ​តំបន់ឆ្នេរ​ខ្សាច់​ប៉ុណ្ណោះ តែ​ពេល​នេះ​គឺ​ស្ទើរតែ​គ្រប់​ដើមឈើ​នៅ​តាម​សមុទ្រ​ទៅ​ហើយ ។

រមណីយដ្ឋាន​កែប មិន​ថា​រថយន្ត ឬ​កន្លែង​អង្គុយ​លេង​ក្រោម​ដើមឈើ​ទេ គឺ​សុទ្ធតែ​ត្រូវ​បង់លុយ​ទាំងអស់ ។ ចំណែក​រថយន្ដ​ដែល​ចូល​ទៅ​ដល់ទី​នោះ ក៏​ត្រូវ​បង់ថ្លៃ​ចំណត​ផង​ដែរ ដោយ​មិនដឹង​ថា តើ​បាន​រួមចំណែក​អភិវឌ្ឍន៍​អ្វីខ្លះ​ដល់​រមណីយដ្ឋាន​នេះ ខណៈ​សេវា​សាធារណៈ​មួយ​ចំនួន​នៅ​មាន​កង្វះខាត ពិសេស​បង្គន់​អនាម័យ ដែល​ជា​កត្តា​សំខាន់​បំផុត ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​កំពុង​មាន​សក្ដានុពល​ទេស​ចរណ៍​មួយ​នេះ បាន​ប្រាប់​កោះសន្តិភាព​ថា ជា​រឿយ​ៗ ពួក​គេ​តែងតែ​ឆ្លៀត​ធ្វើ​ដំណើរ​ទៅ​លម្ហែ​អារម្មណ៍​នៅ​ទឹកដី​ខេត្តកំពត និង​កែប​នេះ ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រស់ស្រាយ ដោយ​ឃើញ​ទេសភាព​ធម្មជាតិ​តាម​ដងព្រែក ព្រៃ​ភ្នំ និង​សមុទ្រ​ល្ហល្ហេវ​ដាច់​កន្ទុយភ្នែក ជា​ពិសេស អាហារ​សមុទ្រ​ដ៏​សម្បូរ​បែប​នៅ​ផ្សារ​ក្ដាម និង​ហូប​អាហារ​ក្រោម​ដើមឈើ អម​ដោយ​ជំនោរ​សមុទ្រ​យ៉ាង​ត្រជាក់ចិត្ត​។

ក៏​ប៉ុន្ដែ​នៅ​ពេល​ពួក​គេ​ចង់​អង្គុយ​លេង​នៅ​ក្រោម​ដើមឈើ​នោះ សុទ្ធតែ​មាន​កន្ទេល​បង​ប្អូន​ប្រជាពលរដ្ឋ​ដាក់​គិតលុយ​ទាំងអស់ ដោយ​កន្ទេល​១ តម្លៃ​ពី​១​ម៉ឺន​ដល់​៤​ម៉ឺន​រៀល ហើយ​ក្នុង​១​ដើម ក្រាលកន្ទេល​២​ក៏​មាន ទៅ​តាម​ម្លប់​ធំ​ឬ​តូច និង​ស្ថានភាព​ទីកន្លែង​។ ក្នុង​នោះ​ប្រសិនបើ​ពួក​គេ​មាន​កន្ទេល​ខ្លួនឯង ក៏​ត្រូវ​បង់លុយ​ឲ្យ​ពួក​គាត់​៥​ពាន់​រៀល​ដែរ ។ ចំណែក​រថយន្ដ​វិញ ត្រូវ​បង់​៤​ពាន់​រៀល​សម្រាប់​ថ្លៃ​ចំណត ។

ការ​ចំណាយ​ទាំងនេះ វា​ពិតជា​បាន​ចូលរួម​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ឲ្យ​ប្រសើរ​ឡើង និង​សង្ឃឹមថា បាន​រួមចំណែក​អភិវឌ្ឍន៍​រមណីយដ្ឋាន​ដ៏​ល្អ​មួយ​នេះ​ឲ្យ​កាន់តែ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ថែម​ទៀត ក៏​ប៉ុន្ដែ​ពួក​គេ​គិត​ថា អ្វី​ដែល​គួរ​ចំណាយ និង​អ្វី​មិន​គួរ ដោយ​គ្រាន់តែ​អង្គុយ​ក្រោម​ដើមឈើ ក៏​អស់​លុយ​ដែរ​នោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បក​ស្រាយ​តាម​ទូរស័ព្ទ​ប្រាប់​កោះសន្តិភាព​កាល​ថ្ងៃ​ទី​១៦ មក​រា ថា ចំពោះ​ថ្លៃ​ភាស៊ី​រថយន្ត គឺជា​របស់​ឯកជន​ដែល​គាត់​បាន​ដេញថ្លៃ​ជាមួយ​រដ្ឋបាល​ខេត្ត​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ចំពោះ​បញ្ហា​ការ​ជួល​កន្ទេល ឬ​អង្រឹង​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ឆ្នេរកែប គឺ​ខេត្ត​មិន​មាន​គោលការណ៍ ឬ​តម្រូវ​ឲ្យ​ធ្វើ​ឡើយ ។

លោក ប៉ុក ទាំង បកស្រាយ​ថា ៖« តាម​ពិត ខេត្ត​កែប​សម្រាប់​ថ្ងៃ​ធម្មតា គឺ​មិន​ឲ្យ​អ្នក​ណា​ក្រាលកន្ទេល​នៅ​ក្រោម​ម្លប់ឈើ ឬ​នៅ​តាម​មាត់​ឆ្នេរ​ទេ ។ នេះ​ជា​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត តែ​ត្រង់​ថា អ្នក​ដែល​ឆ្លៀត​លួច​ក្រាលកន្ទេល​ហ្នឹង​គឺ​មាន​ពេល​លួច ភាគ​ច្រើន​ពេល​ល្ងាច ឬ​ជិត​យប់​អីហ្នឹង ហើយ​ខេត្ត​បាន​ដាក់​វិធានការ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ តែ​នៅ​មិន​អាច​ទប់​ឈ្នះ​បាន​ឡើយ តែ​បើសិនជា​យើង​ថា មិន​ឲ្យ​មាន​អីចឹង​សោះ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ពួក​គាត់​ដែរ ។ រហូត​មក​ដល់​ឥឡូវនេះ ពេល​ដែល​ខេត្ត​បាន​បំពាក់​ភ្លើង​នៅ​តាម​ផ្លូវ​បាន​ភ្លឺ​ស្អាត​អស់ហើយ ពួក​គាត់​ឆ្លៀត​មក​ដាក់​កន្ទេល​ជួល​ពេល​យប់​ទៀត ដែល​ពី​មុន​មិន​ធ្លាប់​មាន​សោះ ហើយ​ខាង​ខេត្ត ក៏​មិន​ដែល​បាន​ទទួល​ថវិកា​ពី​ពួក​គាត់​ឡើយ ប៉ុន្តែ​សំខាន់ គឺ​នៅ​លើ​ឆ្នេរ ដាច់ខាត​មិន​ឲ្យ​មានការ​ជួល​កន្ទេល​ឡើយ » ។

លោក​បន្ត​ថា ៖« សម្រាប់​ការ​យក​លុយ​ឡាន ឬ​យក​ភាស៊ី គឺជា​ការ​ដេញថ្លៃ​រវាង​ឯកជន និង​រដ្ឋបាល​ខេត្ត​កែប ព្រោះ​បើ​មិន​មានការ​យក​លុយ​ភាស៊ី​ទេ តើ​មាន​លុយ​ឯណា​សម្រាប់​ឲ្យ​ភ្នាក់ងារ​ដែល​គាត់​គ្រប់គ្រង​ក្នុង​ការ​ប្រមូល​សំរាម​រាល់ថ្ងៃ និង​បង់​ថវិកា​ចូល​រដ្ឋ​មួយ​ចំណែក​នោះ » ។

លោក​ថា ៖« តាម​ពិត​ទៅ កែប​គឺ​មាន​កន្លែង​ចំណតរថយន្ត តែ​ភាគច្រើន​ភ្ញៀវ​គាត់​មិន​ធ្វើ​តាម​ទេ គាត់​រកតែ​កន្លែង​ស្រួល អីចឹង​ធ្វើ​ឲ្យ​អ្នក​ដែល​គាត់​ប្រមូល​លុយ​ភាស៊ី​ហ្នឹង​ត្រូវ​ដើរ​យក​ដល់​កន្លែង ហើយ​ពួក​គាត់​គិត​ថា ខេត្ត​កែប​នេះ​ដើរ​យក​លុយ​ដល់​កន្លែង សូ​ម្បី​តែ​នៅ​ក្រោម​ដើមឈើ ដែល​គាត់​គិត​ថា មិនមែន​ជា​កន្លែង​ចំណត » ។

លោក​បន្ថែម​ថា ៖« ខេត្ត​ក៏​មាន​គម្រោង​ធ្វើ​ចំណតរថយន្ត​ដែរ តែ​ថវិការដ្ឋ​មិន​ធ្លាក់​មក​ទាំង​ដុំ​ៗ​នោះ​ទេ អីចឹង​យើង​ឆ្លៀត​ពង្រីក​ឆ្នេរ​បន្តិច​ៗ​បាន​មួយ​ចំនួន​ហើយ ប៉ុន្តែ​ដល់​ពេល​យើង​មាន​កន្លែង​ត្រឹមត្រូវ​ហើយ ពួក​គាត់​រអ៊ូ​ថា ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​ចង់​ហូប និង​ឆ្ងាយ​ពី​កន្លែង​ពួក​គាត់​ចង់​លេង នេះ​ហើយ​ជា​ច​រិ​ក​របស់​ខ្មែរ​យើង​» ។

លោក ប៉ុក ទាំង បញ្ជាក់​ថា សម្រាប់​ថ្ងៃ​បុណ្យ រឹតតែ​ទប់ទល់​មិន​ឈ្នះ​ទៀត អីចឹង​មាន​តែ​បណ្ដោយ​ឲ្យ​ពួក​គាត់​ធ្វើ​ទៅ ហើយ​ខេត្ត​ក៏​បាន​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ត្រឹមត្រូវ​សម្រាប់​ពួក​គាត់​ដែរ គឺ​អ្នក​ដែល​ចង់​ដាក់​កន្ទេល​ជួល ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ ឬ​ដាក់​កិច្ចសន្យា​ក្នុង​ការ​ប្រមូល​សំរាម​នៅ​តំបន់​ឆ្នេរកែប​ឲ្យ​បាន​ស្អាត​ជា​និច្ច ។

ទោះជា​យ៉ាងណា ខេត្ត​កែប​បាន​និង​កំពុង​សាងសង់​បង្គន់​អនាម័យ​នៅ​តំបន់​មួយ​ចំនួន​រួចរាល់​ហើយ ប៉ុន្តែ​តំបន់​ខ្លះ​គ្មាន​កន្លែង​អាច​សាងសង់​បាន ។ ទោះបី​យ៉ាងនេះ​ក្ដី ខេត្ត​នៅ​តែ​បន្ត​គម្រោង​នេះ​បន្តបន្ទាប់​ទៅ​តាម​ការ​គ្រោងទុក​របស់​រដ្ឋបាល​ខេត្ត ។ នេះ​បើ​តាម​លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ