ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ស្បៀង​ដ៏​សំខាន់​លើ​ពិភពលោក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា នៅ​សណ្ឋា​គារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា នៅ​សណ្ឋា​គារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​អនាគត កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ស្បៀងអាហារ​ដ៏​សំខាន់​មួយ​នៅ​លើ​ពិភពលោក ហើយនឹង​ទទួលស្គាល់​ជា​ស្បៀងអាហារ​មានគុណ​ភាព ។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ អង្ករ​កម្ពុជា​ដែល​យក​ទៅ​ប្រកួតប្រជែង​នៅ​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​បាន​ទទួលស្គាល់​ជា​អង្ករ​ល្អ​ជាងគេ​លំដាប់​ពិភពលោក មាន​ន័យ​ថា កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ជា​ប្រទេស​កសិកម្ម ។

លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​រូប​នេះ​បាន​បន្ត​ថា តម្រូវការ​ស្បៀង​នៅ​លើ​ពិភព​លោក បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់​។ ជាក់ស្ដែង តាម​ការ​ព្យាករ ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក នឹង​កើនឡើង​ដល់​៩,៣​ពាន់​លាន​នាក់ ហើយ​តម្រូវការ​ស្បៀងអាហារ​នឹង​កើន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ។ លោក​ថា ៖«​បើ​ក្រឡេក​មក​មើល​ស្ថានភាព​ប្រទេស​កម្ពុជា​យើង​វិញ​ឃើញ​ថា កម្ពុជា​មាន​សក្ដានុ​ពល​ខ្ពស់​ក្នុង​ការ​ផលិត​ស្បៀងអាហារ​ផ្គត់ផ្គង់​មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​នឹង​ឈាន​ទៅ​ផ្គត់ផ្គង់​សម្រាប់​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ទៀត​ផង » ។

លោក​បន្ថែម​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ស្បៀង​ដ៏​សំខាន់​នៅ​ពេល​ខាង​មុខ ក្នុង​នាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រជា​កសិករ​ក្នុង​ការ​ផលិត​ស្បៀង ជា​ពិសេស ផលិតផល​ស្រូវ​អង្ករ​ណា​ដែល​មាន​ហាងឆេង​សម្រាប់​ទីផ្សារ​អន្តរជាតិ ហើយនឹង​ជ្រើសរើស​ពូជស្រូវ​មាន​តម្លៃ​មក​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​ប្រាក់​ចំណូល​របស់​ពួក​គាត់​បន្ថែម និង​លើកទឹកចិត្ត​ឲ្យ​កសិករ​កាន់តែ​ប្រឹងប្រែង​ផលិត​ស្បៀង​មាន​គុណភាព​សម្រាប់​ផ្គត់ផ្គង់ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​មាន​កូតា​នាំ​ចេញ​អង្ករ​ក្រអូប​ចំនួន​៣០​ម៉ឺន​តោន​ទៅ​ក្រៅ​ប្រទេស​។ ក្រៅពី​នេះ កម្ពុជា​នឹង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​នាំ​យក​ពូជស្រូវ​ដែល​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ពិភពលោក មក​ដាំ​ផ្គត់ផ្គង់​ទៅ​បណ្ដា​ប្រទេស​មាន​តម្រូវការ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​ស្រេច​ហើយ​ក្នុង​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​កសិកម្ម និង​ជំរុញ​ឲ្យ​មានការ​វិនិយោគ​នូវ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម មុន​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ ជាក់ស្ដែង ក្រសួងកសិកម្ម និង​ពាណិជ្ជកម្ម​តែងតែ​កៀងគរ​វិនិ​យោគិន​បរទេស និង​ក្នុងស្រុក ឲ្យ​មក​បណ្ដាក់ទុន​បង្កើត​រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​ក្នុងស្រុក មុន​នឹង​នាំ​ចេញ​ផលិតផល​សម្រេច​ទៅ​បរទេស ។

លោក គង់ វុ​ទ្ធី តំណាង​ប្រជា​សហគមន៍​គ្រឹ​ង​លាវ ក្នុងស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម គួរ​ចុះ​ពិនិត្យ​ផ្ទាល់​ជាមួយ​កសិករ ដើម្បី​ឲ្យ​ដឹង​ថា កសិករ​ត្រូវការ​អ្វីខ្លះ និង​ជួប​ការ​លំបាក​អ្វីខ្លះ ក្នុង​គោលបំណង​ជំរុញ​ការ​ផលិត ផលិតផល​ខ្មែរ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ ។ លោក​ថា ៖« ថ្នាក់​ដឹក​នាំ​ធំ​ៗ​គួរតែ​ចុះ​មក​មើល​ផ្ទាល់ ហើយ​សូមកុំ​ទាន់​ជឿជាក់​លើ​ថ្នាក់​ក្រោម​រាយការណ៍​ទៅ ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​បាន​រាយការណ៍​ពី​អ្វី​ជា​វិជ្ជមាន និង​មិន​បាន​រាយ​ការណ៍​ពី​ចំណុច​អវិជ្ជមាន​ទៅ​ថ្នាក់លើ​ទេ » ។

លោក​បន្ត​ថា បច្ចុប្បន្ន ទីផ្សារ​ផលិតផល​កសិកម្ម​ហាក់​គ្មាន​ស្ថិរភាព​ច្បាស់លាស់​ឡើយ ពោល​គឺ​ផលិតផល​របស់​ខ្មែរ​អាច​ផ្គត់ផ្គង់​បាន​តាម​រដូវ​កាល និង​គ្មាន​ស្ថិរភាព​យូរអង្វែង​ដូច​ផលិតផល​បរទេស​ទេ គឺ​កសិករ​នៅ​តែ​បង្កបង្កើន​ផល​តាម​បែប​បុរាណ​នៅឡើយ ខុស​ពី​ប្រទេស​ជិតខាង ដែល​គេ​មាន​ផលិតផល​គ្រប់​រដូវ​សម្រាប់​ផ្គត់ផ្គង់ ។ លោក​ថា ៖ «កសិករ​ចង់​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ចុះ​អប់រំ​ពី​បច្ចេកទេស​ដាំ​ដុះ​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់​រដូវ ជា​ជាង​បាន​តែ​មួយ​រយៈ ហើយ​ត្រូវ​នាំ​ពី​ប្រទេស​ក្រៅ​មក​ផ្គត់ផ្គង់​ជំនួស​វិញ » ។

គួរ​រំឭក​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្រូវ​អង្ករ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១០ ដែល​កាលនោះ បរិមាណ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជិត ៤​ម៉ឺន​តោន ហើយ​បរិមាណ​នាំ​ចេញ​បាន​កើន​៥​ដង រហូត​ដល់​២០​ម៉ឺន​តោន​នៅ​ឆ្នាំ​បន្ទាប់ ។ បរិមាណ​នាំ​ចេញ​បាន​កើនឡើង​រហូត​ដល់​៤០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៣ ដោយ​កើនឡើង​ជិត​១០​ដង​ធៀប​នឹង​ឆ្នាំ​២០១០ ។

នៅ​ដំណាច់ឆ្នាំ​២០១៧ កម្ពុជា​សម្រេចការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង​៦៣៥.០០០​តោន​ទៅ​កាន់​ប្រទេស​៦៣​ក្នុង​សកលលោក ។

តាម​ទិន្នន័យ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា ទីផ្សារ​នៃ​ប្រទេស​ជា​សមាជិក​សហ​ភាព​​អឺរ៉ុប​បាន​ស្រូប​យក​អង្ករ​កម្ពុជា​៤៣% នៃ​បរិមាណ​នាំ​ចេញ​សរុប ស្រប​ពេល​ទីផ្សារ​ចិន​កំពុង​ប្រជែង​ក្នុង​ល្បឿន​យ៉ាង​រហ័ស​ក្នុង​ការ​ស្រូប​យក​អង្ករ​ពី​កម្ពុជា ដោយ​មាន​ចំណែក​៣៤%​នៃ​ការ​នាំ​ចេញ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ