ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រង​គ្រោះ​ម្នាក់ អំពាវនាវ​សាលាដំបូង​ខេត្ត​ព​ន្លឿ​ន​នីតិវិធី

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អ្នកស្រី អ៊ឹ​ង ស្រី​មុំ អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​គ្លីនិក​ធ្មេញ​មួយ​កន្លែង​នៅ​ផ្សារ​ឈើ​កាច់ ស្រុក​បាភ្នំ បាន​អះអាង​ថា អ្នកស្រី​ត្រូវ​បាន​បុរស​ឈ្មោះ…

ខេត្តព្រៃវែង ៖ អ្នកស្រី អ៊ឹ​ង ស្រី​មុំ អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​គ្លីនិក​ធ្មេញ​មួយ​កន្លែង​នៅ​ផ្សារ​ឈើ​កាច់ ស្រុក​បាភ្នំ បាន​អះអាង​ថា អ្នកស្រី​ត្រូវ​បាន​បុរស​ឈ្មោះ ឆ​ន វណ្ណៈ ព្រមទាំង​ប្រពន្ធ និង​ម្តាយក្មេក ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​សន្លប់ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ២០១៧ នៅ​មុខ​គ្លីនិក​របស់​អ្នកស្រី តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​ជាង​៤​ខែ​ហើយ អ្នកស្រី​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ​។ អ្នកស្រី អ៊ឹ​ង ស្រី​មុំ បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៧ កញ្ញា ២០១៧ មាន​ភ្ញៀវ​២​នាក់​ប្តី​ប្រពន្ធ បាន​ចូល​មក​ព្យាបាល​ធ្មេញ​ក្នុង​គ្លីនិក​របស់​គាត់ ក្រោយ​ពី​ព្យាបាល​ហើយ​ភ្ញៀវ​ទាំង​២​ក៏​ចេញ​ទៅ​វិញ បម្រុង​ឡើង​ជិះ​ម៉ូតូ​ហើយ​នោះ​ស្រាប់តែ​ស្ត្រី​ម្នាក់​ឈ្មោះ ណេ​ត ជា​អ្នកលក់​សាច់​ជ្រូក​នៅ​ក្បែ​នោះ ស្រែកហៅ​អ្នក​ទាំង​ពីរ​ទៅ​រៀបរាប់​ប្រាប់ ដោយ​បរិហារកេរ្តិ៍​ពី​គ្លីនិក​របស់​អ្នកស្រី ធ្វើ​ឲ្យ​អ្នកស្រី​ទ្រាំ​មិន​បាន ក៏​ស្រែក​ឡើង​ថា និង​បុក​អំបិលម្ទេស​អុជ​ធូប​ដាក់​បណ្ដាសា​អ្នក​ណា​ដែល​ដើរ​និយាយ​បរិហារកេរ្តិ៍ ពី​គ្លីនិក​អ្នកស្រី ភ្លាម​នោះ​ស្ត្រី​ឈ្មោះ ណេ​ត ច្រឡោត ហើយ​ក៏​ស្រែក​ជេរ​អ្នកស្រី​ផ្អើល​ពេញ​ផ្សារ ។ បន្ទាប់​មក​បុរស​ឈ្មោះ ឆ​ន វណ្ណៈ ដែល​ត្រូវជា​កូនប្រុស​ស្ត្រី​ឈ្មោះ ណេ​ត នោះ​ជិះ​ម៉ូតូ​មក​ដល់ ក៏​ស្ទុះ​មក​ចាប់​បោច​សក់ និង​វាយ​អ្នកស្រី នៅ​មុខ​គ្លីនិក​អ្នកស្រី​តែ​ម្តង ហើយ​ពេល​ប្រទាញប្រទង់​គ្នា នោះ​ស្រី្ត​ឈ្មោះ ណេ​ត និង​កូនប្រសារ​ស្រី​ឈ្មោះ ញ៉ សា​វឿ​ន ហៅ​ប៉ូច ក៏​ចូល​មក​ជួយ​ព្រួត​វាយ​អ្នកស្រី​ទៀត បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ទើប​អ្នកស្រុក​ជិតខាង​ចូល​មក​ចាប់​ឃាត់​បំបែកចេញ តែ​អ្នកស្រី​បាន​ដួល​សន្លប់​បាត់​ទៅ​ហើយ ដោយសារ​តែ​ត្រូវ​គេ​ចាប់​បោច​សក់​បោក​ផ្ទប់​នឹង​ជញ្ជាំង​កញ្ចក់​។

ដោយឡែក​លោក រស់ សិលា ដែល​ត្រូវជា​ប្តី​របស់​អ្នកស្រី អ៊ឹ​ង ស្រី​មុំ បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​អ្នកជំងឺ​ចូល​មក​ដក​ធ្មេញ​នោះ គាត់​ជា​អ្នក​ដក​ធ្មេញ​ឲ្យ តែ​ក្រោយ​ពី​ដក​ហើយ​នោះ ពេល​អ្នកជំងឺ​ចេញ​ទៅ គាត់​ក៏​ចេញពី​គ្លីនិក​ទៅ​ដែរ​គឺ​ទៅ​ផ្ទះ​នៅ​ខាងក្រោយ​។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ក្មេង​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ថា ប្រពន្ធ​គាត់​ត្រូវ​គេ​វាយ​ហើយ ពេល​គាត់​រត់​មក​ដល់​ឃើញ​ប្រពន្ធ​សន្លប់​បាត់ ក៏​ទូរ​សព្ទ័​ប្តឹង​អធិការ​ស្រុក ដើម្បី​បញ្ជា​កម្លាំង​ចុះ​មក​ព្រោងព្រាត​ពេញ​មុខ​គ្លីនិក​ភ្លាម​ៗ​តែ​ម្តង តែ​មិន​បាន​ចាប់​ជន​បង្ក​នោះ​ទេ ចំណែក​រូប​គាត់​ក៏​នាំ​ប្រពន្ធ​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុងស្រុក លុះ​ស្អែក​ឡើង​ក៏​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ទៀត​។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​អះអាង​ថា ក្រោយ​ពី​កើតហេតុ​ប៉ុន្មាន​ថ្ងៃ នគរបាល​ស្រុក​បាភ្នំ​បាន​ប្រាប់​គាត់​ថា ភាគី​ខាង​ជន​បង្ក​សុំ​សង​លុយ​១​លាន រៀល ព្រមទាំង​ធ្វើការ​សុំ​ទោស​ទទួលកំហុស​ដែល​បាន​ធ្វើ​មក​លើ​នារី​រង​គ្រោះ ហើយ​ភាគី​ជន​រង​គ្រោះ ក៏​ឆ្លើយ​តប​ថា បើ​គេ​ព្រម​សុំ​ទោស​ទទួលកំហុស ជន​រង​គ្រោះ​ក៏​ព្រម​អត់​ទោស​ដែរ ប៉ុន្តែ​មិន​ទាន់​បាន សុំ​ទោស​ផង បែរជា​ជន​បង្ក​បោះពាក្យ​សម្ដី​ថា គេ​មិន​សុំ​ទោស​មិន​សង​អ្វី​ទាំងអស់ ចង់​ប្តឹង​ដល់​ណា​ដល់ ទៅ​មិន​ដែល​អ្នកក្រ​ប្តឹង​ឈ្នះ​អ្នកមាន ធ្វើ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ក្តៅក្រហាយ ក៏​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលា ដំបូង​ខេត្តព្រៃវែង​តែ​ម្តង​។

ប៉ុន្តែ​តាំងពី​ដាក់​ពាក្យ​រហូត​មក​ដល់​ពេល​នេះ​ជាង​៤​ខែ​ហើយ សំណុំរឿង​បាន បញ្ជូន​ដល់​ដៃ​លោក ភា ជា ចៅក្រម​ស៊ើបសួរ​ហើយ តែ​មិនឃើញ​មាន​ចំណាត់ការ​អ្វី​សោះ ទើប​តាម​រយៈ សារ​ព​ត៌​មាន គ្រួសារ​ជន​រង​គ្រោះ សំណូមពរ​ឲ្យ​សាលាដំបូង​ខេត្ត​ជួយ​ព​ន្លឿ​ន​នីតិវិធី​ឲ្យ បាន​ឆាប់​ផង ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​គាត់​ឆាប់​ទទួល​បាន​យុត្តិធម៌​។ លោក រស់ សិលា ព្រមទាំង​ប្រពន្ធ​លោកស្រី អ៊ឹ​ង ស្រី​មុំ បាន​បញ្ជាក់​ប្រាប់​ថា ពួក​គាត់​គ្រាន់តែ​ចង់​ឲ្យ​ភាគី​បង្ក​ទទួលកំហុស និង​ធ្វើការ​សុំ​ទោស​ចំពោះ​គ្រួសារ​គាត់ ប៉ុណ្ណោះ គឺ​មិន​ចង់បាន​សំណង​អ្វី​ទេ ប៉ុន្តែ​បើ​ច្បាប់​សម្រេច​តម្រូវ​ឲ្យ​ភាគី​បង្ក​សង​ជា​សំណង សំណង​ទាំង អស់​គឺ​គាត់​សុំ​ប្រគល់​ទៅ​ឲ្យ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​។ ចំពោះ​ការ​លើក​ឡើង​ខាងលើ​នេះ ត្រូវ​បាន​បុរស​ឈ្មោះ ឆ​ន វណ្ណៈ ជា​ភាគី​ម្ខាង​ទៀត​អះអាង​ប្រាប់​ថា រូបគេ និង​ក្រុម​គ្រួសារ​មិន​បាន​ព្រួត​វាយ​នារី​រង​គ្រោះ​ទេ គឺ​នារី​រង​គ្រោះជា​អ្នកក្រ​បួ​ចក​អាវ​ខ្លួន​អូស​ចូល​ទៅ​មុខ​គ្លីនិក​នោះ ហើយ​ឃើញ​បែប​នោះ​ម្តាយ និង​ប្រពន្ធ របស់​គេ​ក៏​ចូល​ទៅ​ចាប់​បំបែក តែ​ចាប់​មិន​ឈ្នះ​ទៀត​ដោយ​ឈ្មោះ អ៊ឹ​ង ស្រី​មុំ បាន​ខាំ​ដៃ​ខ្លួនឯង​ឲ្យ​មាន​របួស និង​បោច​សក់​ខ្លួនឯង​បោក​ផ្ទប់​នឹង​កញ្ចក់ រួច​ធ្វើ​ជា​សន្លប់ គឺ​មាន​ចេតនា​ទាំងស្រុង ចំណុច​នេះ​រូបគេ​ក៏​បាន ដាក់​ពាក្យ​ប្តឹង​បក​វិញ​ហើយ​ដែរ​។ ជុំវិញ​បញ្ហា​ខាងលើ​ជាមួយនឹង​ការ​ស្នើ​សុំ​របស់​ភាគី​ជន​រង​គ្រោះ ត្រូវ​បាន​លោក ញ៉ឹ​ក រ៉ា​នី អ្នកនាំពាក្យ​សាលាដំបូង​ខេត្តព្រៃវែង ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា សំណុំរឿង​មួយ​នេះ​លោក​មិន​ទាន់​បានដឹង​នោះ​ទេ ប៉ុន្តែ​ទោះ​យ៉ាងណា​ពេល​ទៅ​ដល់​កន្លែងធ្វើការ​វិញ លោក​នឹង​ឆែក​មើល ហើយ​លោក​នឹង​ជំរុញ​ឲ្យ​មានការ​ចាត់ការ​រឿង​នេះ​អោយ​បាន​ឆាប់​បំផុត​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ