ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយចេញពីកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត ក្នុងករណីលួចមានស្ថានទម្ងន់ទោស ជិះម៉ូតូដេញធាក់ម៉ូតូសិស្សសាលាម្នាក់ផ្តួល រួចទុកម៉ូតូកញ្ចាស់ខ្លួនឯងចោល ដណ្តើមយកម៉ូតូសិស្សជិះគេចខ្លួនបាត់ ។
ជនសង្ស័យខាងលើឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យមុនឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បានធ្វើសកម្មភាពជិះម៉ូតូម៉ាកវែវកញ្ចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ និងមិនស្គាល់ស៊េរីពីទិសខាងជើងទៅទិសខាងត្បូង តាមដងផ្លូវលំក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដេញកៀងម៉ូតូសិស្សស្រីវ័យ១៣ឆ្នាំម្នាក់ ដែលបើកបរស្របទិស ។
សមត្ថកិច្ចបន្តថា លុះជនសង្ស័យជិះហួសម៉ូតូជនរងគ្រោះឈ្មោះ បល.សថរ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប្រហែល១០ម៉ែត្រ ជនសង្ស័យក៏ធាក់ម៉ូតូជនរងគ្រោះម៉ាកស៊ូមើអ៊ិច ពណ៌ទឹកក្រូចលាយខ្មៅ ស៊េរីឆ្នាំ២០១៥ ផ្តួលរួចទុកម៉ូតូវែវកញ្ចាស់នោះចោល ដណ្តើមម៉ូតូសិស្សស្រីនោះជិះគេចទៅបាត់តែម្តង ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ករណីខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ និងសាកសួរជនរងគ្រោះ ដើម្បីដឹងពីភិនភាគជនសង្ស័យ ។ សមត្ថកិច្ចបន្តថា បន្ទាប់ពីចុះស្រាវជ្រាវស្រាប់តែប្រទះឃើញម៉ូតូរបស់ជនរងគ្រោះចតចោលនៅមុខកាស៊ីណូ គាប់ជួនជនសង្ស័យដើរចេញពីកាស៊ីណូមកឡើងជិះម៉ូតូដែលសមត្ថកិច្ចកំពុងតាមរក ក៏ចាប់វាយខ្នោះយកទៅសួរនាំតែម្តង នៅវេលាម៉ោង០៨និង២៣នាទីយប់ ថ្ងៃដដែល ។
ខណៈធ្វើការសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូដេញធាក់រួចយកម៉ូតូជនរងគ្រោះជាសិស្សស្រីខាងលើពិតប្រាកដមែន ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា យោងចម្លើយជនសង្ស័យ ពេលនេះសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកម៉ូតូម៉ាកស៊ូមើអ៊ិច ដែលរកឃើញនឹងប្រគល់ជូនម្ចាស់វិញក្រោយបញ្ចប់នីតិវិធី ៕
ចែករំលែកព័តមាននេះ