ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ព្យាបាល​ឥត​គិតថ្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥត​គិតថ្លៃ ជាង​៣​ពាន់​នាក់ ក្នុង​ខេត្តពោធិ៍សាត់ ។ គិត​មក​ដល់​ពេល​នេះ សមាគម​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥត​គិតថ្លៃ ជាង​៣​ពាន់​នាក់ ក្នុង​ខេត្តពោធិ៍សាត់ ។ គិត​មក​ដល់​ពេល​នេះ សមាគម​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ហើយ និង​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ​-​កម្ម​ការ​នី ប្រជាពលរដ្ឋ​សរុប​ជា​២៥​ម៉ឺន​នាក់ និង​មាន​ករណី​ជំងឺ​ធ្ងន់ធ្ងរ​ជាង​៣​ពាន់​នាក់ បាន​បញ្ជូន​បន្ត​មក​ព្យាបាល នៅ​តាម​មន្ទី​ពេទ្យ និង​អង្គការ​ជា​ដៃគូរ​ក្នុង​រាជធានី​ភ្នំពេញ ។

ក្រោម​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខមាលភាព ចំពោះ​កម្មករ​-​កម្ម​ការ​នី​រោងចក្រ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​ឲ្យ​ក្រុមការងារ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​បាន​សហការ​ជាមួយ​អាជ្ញាធរ ចុះ​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិសាត់ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា​នេះ ។

តាម​ការ​បញ្ជាក់​លោក​វេជ្ជបណ្ឌិត ចាន់ សុ​ភ័​ស្ឌ អនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​បេសកកម្ម​តាម​បណ្តា​ខេត្ត​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បានឱ្យ​ដឹង​ថា គោលបំណង​សំខាន់ របស់​សមាគម គឺ​ផ្តល់​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ឫ​សាសនា ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ផ្តល់​ជំនាញ​ដល់​និស្សិត​ពេទ្យ​ឲ្យ​មាន​ជំនាញ​បន្ថែម ។

ចំពោះ​សកម្ម​មនុស្សធម៌​នេះ គឺ​ដើម្បី​បង្ខិត​សេវា​សុខាភិបាល និង​សកម្មភាព​មនុស្សធម៌​ឱ្យ​គៀក​នឹង​ប្រជាពលរដ្ឋ​តាម​សហ​គម​ក្រីក្រ និង​ដើម្បី ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ លោក​បាន​បញ្ជាក់​ថា នេះ​គឺជា​បេសកកម្ម​ដំបូង​សម្រាប់​ឆ្នាំ​២០១៨ នឹង​ជា​លើក​ទី​៣ សម្រាប់​ខេត្តពោធិ៍សាត់ ដែល​ក្រុមការងារ​បាន​ចុះ​ពិន​ត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ ការ​ពិនិត្យ​ព្យាបាល​នេះ​នឹង​ធ្វើ​ឡើង រយៈពេល​មួយ​ព្រឹក ដែល​មាន​គ្រូពេទ្យ​ជំនាញ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ជំងឺ​មាត់​ធ្មេញ ផ្នែក​រោគ​ស្ត្រី ផ្នែក​ត្រចៀក​ច្រមុះ​បំពង់ក ផ្នែក​វះកាត់​តូច ផ្នែក​ឫសដូងបាត និង​ផ្នែក​ជំងឺ​សើ​ស្បែក ជាង​នេះ​ទៅ​ទៀត មាន​ផ្នែក​មន្ទីរពិសោធន៍ ដែល​អាច​ពិនិត្យ​ឈាម​ឃើញ​លទ្ធផល​ភ្លាម​ៗ ។
លោក​ជំទាវ ជុំ សុ​ផា​នី អភិបាលរង តំណាង​ឯកឧត្តម ម៉ៅ ធន​និ​ន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិសាត់ បាន​ជំនួស​មុខ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​បាន​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ ប្រកបដោយ​វិជ្ជាជីវៈ សីលធម៌ មក​ពិនិត្យ​ដោយ​មិន​គិត​ប្រាក់​ដល់​មូលដ្ឋាន​ផ្ទាល់ ។
ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ទឹកមុខ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ដែល​បាន​ពិនិត្យ​ព្យាបាល ជូន​ពួក​គាត់​យ៉ាង​យកចិត្តទុកដាក់​និង​មិន​គិតថ្លៃ និង​បាន​សំណូមពរ​ឲ្យ​សមាគម​ចុះ​មក​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​បាន​កាន់តែ​ច្រើន ។
សូម​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​មនុស្សធម៌​នេះ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​សរុប​ចំនួន ៣១០៧​នាក់ និង​បញ្ជូន​មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៣២​នាក់ ក្រោម​ការ​ឧ​ប​ត្ថ​ម​ទាំងស្រុង​ពី​សំណាក់​សមាគម ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ