ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រកប​របរ​ដាំ​ថ្នាំជក់​នៅ​តែ​បន្ត ខណៈ​អាជ្ញាធរ​ចង់ឱ្យ​ដាំ​ឆ្លាស់​ដំណាំ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដំណាំ​ថ្នាំជក់ ជា​រប​រត​ជំនាន់​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម តាំងពី​បុរាណកាល​មក ។ រហូត​ដល់​បច្ចុប្បន្ន អ្នកស្រុក​នេះ​នៅ​តែ​បន្ដ​ដាំ​ដុះ​ប្រភេទ​ថ្នាំ​កា​តាប​និង​ថ្នាំខ្លាំង​ដដែល តែ​មិនសូវ​សម្បូរ​ដូច​មុន​ទេ ព្រោះតែ​ទីផ្សារ​លក់​បាន​ថោក…

ខេត្តកំពង់ចាម ៖ ដំណាំ​ថ្នាំជក់ ជា​រប​រត​ជំនាន់​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម តាំងពី​បុរាណកាល​មក ។ រហូត​ដល់​បច្ចុប្បន្ន អ្នកស្រុក​នេះ​នៅ​តែ​បន្ដ​ដាំ​ដុះ​ប្រភេទ​ថ្នាំ​កា​តាប​និង​ថ្នាំខ្លាំង​ដដែល តែ​មិនសូវ​សម្បូរ​ដូច​មុន​ទេ ព្រោះតែ​ទីផ្សារ​លក់​បាន​ថោក ។

លោក វ័​រ សា​រុំ អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១០ មក​រា ថា លោក​មានស្រុក​កំណើត​នៅ​ភូមិ​នេះ​តែ​ម្តង ដោយ​ឪពុក​ម្តាយ​របស់​លោក​បាន​ប្រកប​របរ​ដាំ​ថ្នាំជក់​រាល់​ឆ្នាំ ក្រោយ​រដូវ​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ទៅ​វិញ ចំណែក​លោក​ផ្ទាល់​បាន​រៀន​ដាំ​ដុះ ហើយ​នៅ​តែ​បន្ត​របរ​នេះ​ដដែល ។

លោក​បន្ត​ថា រាល់ថ្ងៃ លោក​បាន​ដាំ​ថ្នាំជក់​ចំនួន​៣​កន្លែង​ស្មើ​ជាង​១​ម៉ឺន​ដើម ដោយ​ប្រើ​រយៈពេល​៣​ខែ​វា​នឹង​ហុច​ផល ។ លោក​បាន​នាំ​កូនចៅ​ទៅ​កាច់​ដើម្បី​ហាល​ឲ្យ​ស្ងួត​ល្អ និង​ហាន់​ទុក​លក់ ។

លោក​ថា ៖« កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​ខ្ញុំ​ធ្វើ​បាន​ជាង​២០០​គីឡូក្រាម​ជា​ប្រភេទ​ថ្នាំខ្លាំង ហើយ​មាន​គេ​មក​ទិញ​ដោយ​ក្នុង​១​គីឡូក្រាម​តម្លៃ​ជាង​១​ម៉ឺន​រៀល គ្រាន់​ដោះស្រាយ​ជីវភាព​ស្ទើរ​បាន​គ្រប់គ្រាន់ ។ ដោយឡែក ដីចម្ការ​នៅ​ភូមិ​ទី​១​និង​ទី​២ ត្រូវ​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​អស់ ហើយ​អ្នក​នៅ​ទីនោះ​ក៏​មិន​បាន​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​បន្ត​ទៀត​ដែរ ។ រីឯ​ក្មេង​ៗ​សព្វ​ថ្ងៃនេះ ច្រើន​តែ​នាំ​គ្នា​ចេញ​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ​ៗ​ដើម្បី​រក​ប្រាក់​មក​ផ្ត​ត់​ផ្គង់​ជីវភាព សូ​ម្បី​តែ​កូនប្រុស​ស្រី​របស់ខ្ញុំ រួម​ទាំង​ចៅ​តូច​ម្នាក់​បាន​ទៅ​ស៊ី​ឈ្មួ​ល​គេ​នៅ​ប្រទេស​ថៃ​បាត់​ទៅ​ហើយ លុះ​ពេល​មាន​រដូវ​បុណ្យ​ទាន​ម្តង​ៗ ទើប​ត្រឡប់​មក​ផ្ទះ​វិញ » ។

លោក​បាន​ត្អូញត្អែរ​ថា កម្លាំង​របស់​លោក​បាន​ចុះ​ខ្សោយ​បន្ដិច​ម្ដង​ៗ មិន​ដូច​កាលពីមុន​ទៀត​ទេ គឺ​វា​ចេះ​តែ​ថមថយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ សម្រាប់​ទីផ្សារ​នៅ​ឆ្នាំ​២០១៨​នេះ លោក​មាន​ក្តី​រំពឹង​ថា តម្លៃ​ថ្នាំខ្លាំង​មិន​ធ្លាក់​ចុះ​ទេ គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំទៅ​ដែរ ។

លោក សន សុខ មេឃុំ​កោះសំរោង មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​របស់​លោក​បាន​បន្ត​ប្រពៃណី​ដាំ​ថ្នាំជក់​តាំងពី​ដូនតា​មក​ដល់​សព្វ​ថ្ងៃនេះ ។ បច្ចុប្បន្ន ក្នុង​ប្រទេស​កម្ពុជា​បាន​រៀបចំ​ទិវា​លុប​បំបាត់​ថ្នាំជក់ ហើយ​អាជ្ញាធរ​កំពុង​តែ​មាន​ផែនការ​ឲ្យ​ពលរដ្ឋ​ដាំ​ដំណាំ​ឆ្លាស់​ក្នុង​នោះ​មាន​ដូច​ជា ពោត និង​ត្រសក់​វិញ ព្រោះ​មាន​គម្រោង​គាំទ្រ​ពី ADB ហើយ​ពេល​បាន​ផល នឹង​ជួយ​រក​ទីផ្សារ​ឲ្យ​ថែម​ទៀត ។ ផែនការ​នេះ​នឹង​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​អ្នកស្រុក​កុំ​ឲ្យ​មាន​ចំណាកស្រុក ។

លោក គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​វិញ មាន​ប្រសាសន៍​​ដែរ​ថា សម្រាប់​ដំណាំ​ថ្នាំជក់​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេមេគង្គ គឺ​ដាំ​បាន​ប្រមាណ​១.៩០០​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​ជាង​៣.៤០០​ហិ​កតា ស្មើនឹង​៥៨%​នៃ​ផែនការ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​។ ចំពោះ​តម្លៃ​ទីផ្សារ​វិញ គឺ​មាន​ប្រជា​កសិករ​មួយ​ចំនួន​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន BAT អាស្រ័យ​ទៅ​តាម​ពេលវេលា និង​គុណភាព​សន្លឹក​ថ្នាំជក់ ។

ផល​ប៉ះពាល់​សុខភាព​ដោយសារ​ថ្នាំជក់ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​មុន​អាយុ​រហូត​ដល់​១៥​ឆ្នាំ ហើយ​មនុស្ស​ប្រមាណ​៧,២​លាន​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ អឹ​ុ​ង ភិ​រុណ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​សាស្ត្រាចារ្យ​បន្ដ​ថា ការ​ប្រើប្រាស់​ថ្នាំជក់ បាន​កើនឡើង​នូវ​ថ្លៃ​ចំណាយ​ប្រចាំ​គ្រួសារ ថ្លៃ​ព្យាបាល​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំជក់ ខណៈ​ផលិតផល​ថ្នាំជក់​កាន់តែ​មាន​តម្លៃ​សមរម្យ​, ការ​ផ្សព្វផ្សាយ​ក៏​កាន់តែ​ទាក់ទាញ​តាម​រយៈ​នារី​ផ្សព្វផ្សាយ​ជាដើម ។

លោក​ថ្លែង​ថា ៖« ដើម្បី​កាត់​បន្ថយ​ការ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ធានា​ឲ្យ​បាន​នូវ​និរន្ដរភាព​ការងារ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​ទាមទារ​ឲ្យ​មានការ​គាំទ្រ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ពី​ភាគី​ពាក់ព័ន្ធ​រួម​មាន អ្នក​បង្កើត​គោលនយោបាយ​សុខភាព​សាធារណៈ និង​គណៈកម្មការ​ត្រួតពិនិត្យ​ផលិត​ផល​ថ្នាំជក់​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​អង្គការ​ដៃគូ​នានា ក្នុង​ការ​បង្កើត និង​អនុវត្ត​ច្បាប់ និង​លិខិត​បទ​ដ្ឋា​គតិ​យុ​ត្ត​នានា​ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់»។

កាលពី​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​អនុក្រឹត្យ​ស្ដី​ពី​វិធានការ​ហាម ការ​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​ទី​សាធារណៈ ដោយ​មាន​ទាំង​ការ​ផាកពិន័យ​ដល់​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស ប៉ុន្តែ​ការ​អនុវត្ត​នេះ ពុំ​ទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ ។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា នៅ​លើ​ពិភពលោក មាន​មនុស្ស​ស្លាប់​ប្រមាណ​៧,២​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ក្នុង​នោះ​កម្ពុជា​មាន​មនុស្ស​១​ម៉ឺន​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ការ​ប្រើប្រាស់​ថ្នាំជក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ