ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ម្រេច​កំពត​ឆ្នាំ​មុនទទួល​បាន​ជាង​100​តោន តែ​ជួប​បញ្ហា​ទីផ្សារ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ទីផ្សារ​ផលិតផល​ម្រេច​ខេត្តកំពត​ហាក់​មាន​កំណើន​​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​សប្បាយ​រីករាយ​ក្នុង​ការ​បង្កបង្កើន​ផល និង​ពង្រីក​ការ​ដាំ​ដុះ ក៏​ប៉ុន្តែ​បច្ចុប្បន្ន ទីផ្សារ​ផលិតផល​មួយ​នេះ​ហាក់​ជួប​បញ្ហា បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ធំ​ៗ​មក​បណ្ដាក់ទុន​វិនិយោគ​ដំណាំ​នេះ ។…

ខេត្តកំពត ៖ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ទីផ្សារ​ផលិតផល​ម្រេច​ខេត្តកំពត​ហាក់​មាន​កំណើន​​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​សប្បាយ​រីករាយ​ក្នុង​ការ​បង្កបង្កើន​ផល និង​ពង្រីក​ការ​ដាំ​ដុះ ក៏​ប៉ុន្តែ​បច្ចុប្បន្ន ទីផ្សារ​ផលិតផល​មួយ​នេះ​ហាក់​ជួប​បញ្ហា បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ធំ​ៗ​មក​បណ្ដាក់ទុន​វិនិយោគ​ដំណាំ​នេះ ។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៧ ទិន្នផល​ម្រេច​កំពត​ទទួល​បាន​រហូត​ដល់​១០២​តោន ក៏​ប៉ុន្តែ​លក់​ចេញ​តាម​រយៈ​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត បាន​ត្រឹមតែ​៦៤​តោន​ប៉ុណ្ណោះ បើ​ទោះបីជា​តម្លៃ​នៅ​ថេរ​ក៏​ដោយ ។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៧​ ​កន្លង​ទៅ​នេះ ដោយសារ​កំណើន​ផ្ទៃដី​ចម្ការ​ម្រេច​អាច​ទទួលផល​បាន​នោះ បាន​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ។ ដូចនេះ​ហើយ​ទើប​ទិន្នផល​បាន​កើនឡើង​ដល់​ជាង​១០០​តោន​សម្រាប់​ម្រេច​ដែល​មាននៅ​ក្នុង​សហគមន៍ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ផលិតផល​ម្រេច​ដែល​លក់​ឲ្យ​ក្រុមហ៊ុន​តាម​រយៈ​សមាគម​បាន​ត្រឹមតែ​៦៤​តោន​ប៉ុណ្ណោះ នៅ​សល់​ប៉ុន្មាន​ទៀត​មិន​ទាន់​បាន​លក់​ចេញ​នៅឡើយ​ទេ ។

លោក សោម សុខា ផលិតករ​ម្រេច​ខេត្តកំពត​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ទីផ្សារ​ម្រេច​នៅ​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​នេះ កាន់តែ​ពិបាក និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​កាន់តែ​ខ្លាំង ។

លោក​និយាយ​ថា ៖« កាលពីមុន អ្នក​ផលិត​ម្រេច​បាន​ហើយ អត់​ភ័យ​ព្រួយ​រឿង​លក់​ទេ គឺ​ប្រមូល​ម្រេច​យក​ទៅ​លក់​ជូន​សហគមន៍ ដែល​មាន​ឈ្មួញ​រង់ចាំ​ទិញ​នៅ​ទីនោះ​ស្រាប់ ក៏​ប៉ុន្តែ​ពេល​នេះ​វិញ ការ​កុម្ម​ង់​ទិញ​ពី​ឈ្មួញ​សម្រាប់​នាំ​ចេញ​នោះ​បាន​ធ្លាក់​ចុះ ខណៈ​ទិន្ន​ផល​​ម្រេច​របស់​កសិករ​កើន​ឡើងជា​បន្តបន្ទាប់ » ។

លោក​បន្ត​ថា អ្វី​ជា​បញ្ហា​នោះ ម្រេច​ដែល​កសិករ​លក់​ឲ្យ​ឈ្មួញ​តាម​រយៈ​សហគមន៍​នោះ មិន​ទាន់​ទទួល​បាន​ប្រាក់​នៅឡើយ​ទេ គឺ​គេ​យក​ផលិតផល​ទៅ​បាត់​ហើយ តែ​មិន​បាន​លុយ​។ ដូច្នេះ អ្នក​ដែល​មាន​ទុន​តិចតួច​កាន់តែ​ជួប​ការ​លំបាក ព្រោះ​ត្រូវ​បង់​ទៅ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដែល​ខ្លួន​បាន​ខ្ចី​មក​ធ្វើ​ទុន​លើ​ចម្ការ​ម្រេច ។ ដោយសារ​តែ​បញ្ហា​នេះ ក៏​បាន​បង្ខំ​ឲ្យ​កសិករ​ត្រូវ​លក់​ម្រេច​ដែល​ខ្លួន​ផលិត​បាន​សម្រាប់​លក់​ជូន​សហគមន៍​នោះ ទៅ​ឲ្យ​ឈ្មួញ​នៅ​ខាងក្រៅ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​សហគមន៍​រហូត​ដល់​ជាង​ពាក់​កណ្ដាល ដើម្បី​បាន​ប្រាក់​ត្រឡប់​មក​វិញ​ខ្លះ​ៗ ។

បើ​តាម​លោក សុខា ផលិតករ​ម្រេច​ជើង​ចាស់​រូប​នេះ​បាន​បន្ថែម​ថា លោក​មើលឃើញ​ថា ទីផ្សារ​ម្រេច​កសិករ​ក្នុង​ខេត្តកំពត ជា​ពិសេស ក្នុងស្រុក​កំពង់ត្រាច ចាប់ផ្ដើម​មាន​បញ្ហា​ចាប់តាំងពី​មាន​ក្រុមហ៊ុន​ធំ​ៗ​ទៅ​បណ្ដាក់ទុន​វិនិយោគ​ដំណាំ​នេះ​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ផ្ទាល់​។
លោក​និយាយ​ថា ៖« កាលពីមុន ក្រុមហ៊ុន ឈ្មួញ​ទិញ​ម្រេច​ពី​កសិករ មិន​ទាន់​ផលិត​ខ្លួនឯង​ទេ តែ​ក្រោយមក អ្នកទិញ​ទាំងនោះ ក៏​មក​វិនិយោគ​ដោយ​ខ្លួន​គេ​ផ្ទាល់ ។ អីចឹង​ហើយ​ទើប​បរិមាណ​ម្រេច​ដែល​គេ​បម្រុង​នឹង​ទិញ​ពី​កសិករ ត្រូវ​កាត់​បន្ថយ ដោយ​យក​ផលិតផល​របស់​គេ​មក​ជំនួស​វិញ » ។
បើ​តាម​ការ​បញ្ជាក់​ពី​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត ក្នុង​ឆ្នាំ​២០១៧ តម្លៃ​ម្រេច​មិន​ប្រែប្រួល​ទេ ពោល​គឺ​ម្រេចស​២៨​ដុល្លារ​, ម្រេច​ក្រហម​២៥​ដុល្លារ និង​ម្រេចខ្មៅ​១៥​ដុល្លារ​ក្នុង​១​គីឡូក្រាម ។ តម្លៃ​នេះ​សម្រាប់​តែ​ម្រេច​ដែល​លក់​តាម​សហគមន៍ ក៏​ប៉ុន្តែ​បើសិនជា​កសិករ​លក់​ទៅ​ឲ្យ​ភ្ញៀវ​វិញ ម្រេចខ្មៅ​លក់​បាន​ត្រឹមតែ​៥​ដុល្លារ ឬ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម មាន​ន័យ​ថា ឈ្មួញ​ឲ្យ​តម្លៃ​ម្រេច​កំពត ដូចនឹង​តម្លៃ​ម្រេច​នៅ​បណ្ដា​ខេត្ត​ផ្សេង​ៗ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ