ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​បង្កើតក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​ផលិតផលសម្រាប់​នាំ​ចេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ទំនិញ​កម្ពុជា​ភាគ​ច្រើន​​នាំ​ចូល​ទៅ​ចិន​អត់​បង់ពន្ធ តែ​នៅ​ជាប់​បញ្ហា​អនាម័យ​និង​ភូតគាម​អនាម័យ ខណៈ​ដែល​ភាគី​ចិន​តម្រូវ​ឱ្យ​មាន​ទាំង​អនាម័យ និង​ស្តង់ដា​អន្តរជាតិ​។ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ទំនិញ​កម្ពុជា​ភាគ​ច្រើន​​នាំ​ចូល​ទៅ​ចិន​អត់​បង់ពន្ធ តែ​នៅ​ជាប់​បញ្ហា​អនាម័យ​និង​ភូតគាម​អនាម័យ ខណៈ​ដែល​ភាគី​ចិន​តម្រូវ​ឱ្យ​មាន​ទាំង​អនាម័យ និង​ស្តង់ដា​អន្តរជាតិ​។ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ក៏​ដូច​ជា​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ក្រសួង​គ្រោង​នឹង​បង្កើត​ក្រុមការងារ​ត្រួត​ពិនិត្យ​មួយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ធ្វើការ​ជាមួយ​ភាគី​ចិន ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៨ មក​រា កន្លង​មក​ថា សព្វ​ថ្ងៃនេះ ទំនិញ​កម្ពុជា​ភាគច្រើន​នាំ​ចេញ​ទៅ​ចិន​អត់​តម្រូវ​ឲ្យ​បង់​ពន្ធ​ទេ ប៉ុន្តែ​ជាប់​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ​ទៅ​លើ​ផលិតផល​មួយ​ចំនួន ព្រោះ​ចិន​ត្រូវការ​ឱ្យ​ទំនិញ​បរទេស​នាំ​ចូល​ជា​ទំនិញ​ដែល​គោរព​តាម​ស្តង់ដា​អន្តរជាតិ ។

លោក​បន្ដ​ថា បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើកកម្ពស់​គុណភាព​ផលិតផល​ជាមួយ​ភាគី​​ចិន​ហើយ​នោះ ក្រសួង​គ្រោង​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​គុណភាព​ផលិត ដែល​មាន​មន្ត្រី​មក​ពី​អន្តរក្រសួង​ពាក់ព័ន្ធ​ចូលរួម​ធ្វើ​ការងារ​ជាមួយ​ភាគី​ចិន ដើម្បី​ត្រួតពិនិត្យ​ទំនិញ​ចេញ​-​ចូល និង​ចែករំលែក​បទ​ពិសោធន៍​ត្រួតពិនិត្យ​ផលិតផល​ទៅ​វិញ​ទៅ​មក ឱ្យ​ស្រប​ទៅ​តាម​​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ។

លោក ស៊ា​ង ថៃ សង្កត់ធ្ងន់​ថា ៖« យើង​មិន​ត្រឹមតែ​ពិនិត្យ​លើ​អនាម័យ និង​ភូតគាម​អនាម័យ​ទេ ត្រូវ​ពិនិត្យ​ទាំង​ស្តង់ដា​ផលិតផល​ថា តើ​ផលិតផល​ទាំងនោះ​គោរព​តាម​ស្តង់ដា​អន្តរជាតិ​ឬទេ ។​ក្រៅពី​នេះ ប្រទេស​នីមួយ​ៗ​គេ​ក៏​ធ្វើ​ដូច​យើង​ដែរ គឺ​ស្វែងរក​ក្រុមហ៊ុន​ណា​ដែល​ផលិត​នូវ​ផលិតផល​ក្លែងក្លាយ ត្រូវ​កត់ត្រា​នៅ​ក្នុង​បញ្ជី​ដើម្បី​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក » ។

លោក​បន្ត​ថា ៖« ពេល​យើង​បង្កើត​ក្រុមការងារ​បាន ហើយនឹង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ចិន ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​, ទស្សនកិច្ច​សិក្សា​, ប្តូរ​បទ​ពិសោធន៍ ដើម្បី​ឱ្យ​ទំនិញ​យើង​មាន​លំហូរ​កាន់តែ​ល្អ​នា​ពេល​អនាគត » ។

អនុស្សរណៈ​យោគយល់​គ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើកកម្ពស់​គុណភាព​ផលិត​ផល​ជាមួយ​ភាគី​ចិន បាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក​។ អនុស្សរណៈ​នេះ​មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ហើយ​ក្រោយ​រយៈពេល​៣​ឆ្នាំ បើ​គ្មាន​ភាគី​ណា​ចង់​លុប​ទេ វា​នឹង​បន្ត​៣​ឆ្នាំ​បន្ថែម​ទៀត ។ នេះ​បើ​តាម​លោក ស៊ា​ង ថៃ។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ចំពោះ​ចំណីអាហារ​ចាំបាច់​ត្រូវ​មាន​ស្តង់ដា និង​មានការ​បញ្ជាក់​គុណភាព សុវត្ថិភាព​ចំណី​អាហារ អនាម័យ និង​ភូតគាម​អនាម័យ​នេះ ។ ភូតគាម​អនាម័យ ពិតជា​របាំង​មួយ​ហៅ​ថា របាំង​ដ៏​រឹង​មាំ​ខ្លាំង​ដែល​ពិបាក​នឹង​ងាយ​ឆ្លង​ផុត​ចំពោះ​ឧស្សាហកម្ម ខ្នាត​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា ។

លោកស្រី​បន្ត​ថា ៖« រឿង​អនាម័យ និង​ភូតគាម​អនាម័យ ប្រទេស​គេ​អនុញ្ញាត​ឱ្យ​នាំ​ចូល គេ​ឆែក​មើល​គ្រប់​ជំហាន ត្រួតពិនិត្យ​ម្តង​ហើយ​ម្តងទៀត ។ មុន​នឹង​យើង​នាំ​ចូល គេ​មក​យក​ផលិតផល​យើង​ត្រួតពិនិត្យ​គុណភាព ទម្រាំ​ស្នើ​សុំ​នាំ​ចូល​ទៅ​បាន ត្រូវ​ចំណាយ​ពេល​ជាង​១​ឆ្នាំ​។ នៅ​ពេល​ទៅ​ដល់​ប្រទេស​គេ​ហើយ គេ​មិន​ទាន់​ឱ្យ​ចូល​ទៀត ត្រូវ​បើក​កុងតឺន័រ​យក​ផលិតផល​យើង​ទៅ​ត្រួតពិនិត្យ​គុណភាព​ថា ពិត​មាន​ស្តង់ដា អនាម័យ​ហើយ​បាន​គេ​ឱ្យ​យើង​ចូល » ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​មាន​ប្រសាសន៍​​ថា ការ​យល់​ដឹង​ជា​សាធារណៈ​ពាក់ព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ​នេះ មិន​ថា​នៅ​កម្ពុជា​ទេ នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​ដូច​គ្នា គឺ​នៅ​មាន​កម្រិត​នៅឡើយ ។

សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដែល​ចង់​ដឹង​ពី​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ​នេះ អាច​ទាក់ទង​មក​ខាង​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ពិភាក្សា​ធ្វើ​យ៉ាងម៉េច​ឱ្យ​ទទួល​បាន​ជោគជ័យ ដោយ​អាច​អនុលោម​ភាព​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ