ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ណាខ្លះ​កៀរគរ​ចំណូល​ពី​វិស័យ​អចលនទ្រព្យ​ចូល​រដ្ឋ​បាន​ច្រើន​ជាងគេ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រក​ចំណូល​បាន​ចំនួន​ជាង​៩០​លាន​ដុល្លារ​ចាក់​បញ្ចូល​ទៅ​ក្នុង​ថវិកាជាតិ តាម​រយៈ​ការ​ផ្ដល់​សេវា​ផ្នែក​សុរិយោដី​, សេវា​សំណង់​, សេវា​ជួល​ទីតាំង​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រក​ចំណូល​បាន​ចំនួន​ជាង​៩០​លាន​ដុល្លារ​ចាក់​បញ្ចូល​ទៅ​ក្នុង​ថវិកាជាតិ តាម​រយៈ​ការ​ផ្ដល់​សេវា​ផ្នែក​សុរិយោដី​, សេវា​សំណង់​, សេវា​ជួល​ទីតាំង​រោងចក្រ សហគ្រាស និង​ពន្ធ​លើ​ការ​ផ្ទេរ​អចលនទ្រព្យ តាម​រយៈ​មន្ទីរ​ក្រោម​ឱវាទ​នៅ​ទូ​ទាំង​ប្រទេស ។ នេះ​បើ​តាម​របាយ​ការណ៍​បូក​សរុប​ប្រចាំឆ្នាំ​២០១៧ របស់​ក្រសួង ។ ក្នុង​នោះ ខេត្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​មាន ខេត្ត​ព្រះ​សីហ​នុ​, កណ្ដាល និង​ខេត្តកំពង់ចាម ។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ លោក នួន ប៉ុក បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ មន្ទីរ​បាន​ចេញ​លិខិតអនុញ្ញាត​សាង​សង់​លំនៅ​ឋាន​គ្រប់​ប្រភេទ​ត្រឹម​ថ្នាក់​ខេត្ត និង​ប្លង់​មក​ពី​ច្រក​ចេញចូល​តែ​មួយ មាន​ទុន​វិនិយោគ​ស្មើនឹង​ប្រមាណ​៦៩​លាន​ដុល្លារ ។ លោក​ថា ៖« មន្ទីរ​សម្រេច​បានការ​ងារ​ប្រមូល​​សេវា​សាធារណៈ​ពី​ផ្នែក​សំណង់​, សុរិយោដី និង​ចំណូល​ពន្ធ​ប្រថាប់ត្រា​បាន​ជាង​២៦​ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណ​៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ » ។

ដោយឡែក មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្ដាល បាន​រក​ចំណូល​ជូន​រដ្ឋ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​២​ពាន់​លាន​រៀល ស្មើ​ប្រមាណ​៥៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

លោក លឹ​ម ចាន់​សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តកណ្តាល បានឱ្យ​ដឹង​ថា មន្ទីរ​បាន​ពិនិត្យ​និង​ផ្តល់​យោបល់​លើក​សំណើសុំ​លិខិត​អនុ​ញ្ញាត​សាងសង់​ប្រមាណ​៨៩​ច្បាប់ បើក​ការដ្ឋាន​សាងសង់​៣៦​ច្បាប់ និង​បើក​អាជីវកម្ម​សាងសង់​១​ច្បាប់​។ តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រុង​តា​ខ្មៅ ទទួល​បាន​លិខិត​អនុញ្ញាត​សាងសង់​និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​ចំនួន​៣៥​ច្បាប់ មាន​ផ្ទៃក្រឡា​ជាង​៤៩​ម៉ឺន​ម៉ែត្រក្រឡា និង​មានទុន​វិនិយោគ​ជាង​២​លាន​ដុល្លារ ។

លោក​បញ្ជាក់​ថា ៖« មន្ទីរ​ប្រមូល​ចំណូល​សេវា​សាធារណៈ​ពី​វិស័យ​ដីធ្លី និង​សំណង់ តាម​រយៈ​ច្រក​ចេញចូល​តែ​បាន​ប្រមាណ​២.២៨៨​លាន​រៀល ឬ​ស្មើ​ប្រមាណ​៥៧​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ » ។

លោក ធួន ជេដ្ឋា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ចាម បានឱ្យ​ដឹង​ដែរ​ថា មន្ទីរ​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ដោយ​រដ្ឋបាល​ខេត្ត​ចំនួន​៥៧​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង​១,៩​ពាន់​ម៉ែត្រការ៉េ និង​មាន​ទុន​វិនិយោគ​ជាង​៧​លាន​ដុល្លារ ។ ចេញ​លិខិតអនុញ្ញាត​សាងសង់​តាម​ច្រក​ចេញចូល​តែ​មួយ​មាន​២២​គម្រោង ។

លោក​បន្ត​ថា ៖« មន្ទីរ​ប្រមូល​ចំណូល​ពី​ផ្នែក​សេវា​សុរិយោដី សេវា​សំណង់ និង​ពន្ធ​ប្រថាប់ត្រា​បាន​ជាង​១.១៩១​លាន​រៀល ឬ​ស្មើ​ប្រមាណ​២៩​ម៉ឺន​ដុល្លារ »​។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៨​នេះ វិស័យ​សំណង់​កម្ពុជា​នៅ​តែ​ដំណើរការ​ល្អ។ តាម​ការ​ស្រង់​ទិន្នន័យ​ពី​នាយកដ្ឋាន​សំណង់​ក៏​បាន​បញ្ជាក់​ច្បាស់​ថា នៅ​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន​ដែល​ក្រសួង និង​មន្ទីរ​រាជធានី​-​ខេត្ត កំពុង​តែ​ពិនិត្យ​នៅ​តាម​សាលា​ក្រុង ស្រុក ខណ្ឌ ដែល​ទទួល​បាន​ប្រតិភូកម្ម​អំណាច នៅ​មាន​គម្រោង​ប្លង់ កំពុង​ពិនិត្យ គម្រោង​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សាងសង់ អគារ​ធំ​ៗ និង​សំណង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ។

លោក​បញ្ជាក់​ថា ៖« នៅ​ឆ្នាំ​២០១៨ ខ្ញុំ​មើលឃើញ​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សាងសង់​នៅ​ទីក្រុង​ភ្នំពេញ ជា​ពិសេស នៅ​ខេត្ត​ព្រះ​សីហ​នុ គម្រោង​ធំ​ៗ​មាន​ច្រើន​នៅ​ទីនោះ​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​ការ​វិនិយោគ​វិស័យ​សំណង់​អគារ​នៅ​កម្ពុជា ព្រោះ​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​នៅ​តែ​មាន​តម្រូវការ ។ តម្រូវការ​អគារ​ការិយាល័យ​នៅ​តែ​មាន ព្រោះ​កំណើនប្រជាជន​កាន់តែ​កើន ហើយ​ភ្ញៀវ​បរទេស​កាន់តែ​ចូល​មក​ច្រើន​។ ដូច្នេះ តម្រូវការ​នៃ​ការ​ស្នាក់​នៅ គឺ​នៅ​តែ​មាន​តម្រូវការ​ដដែល » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ ក្រសួង​បាន​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​ពី​ផ្នែក​សេវា​សុរិយោដី​, សេវា​សំណង់​, សេវា​ជួល​ទីតាំង​រោងចក្រ សហគ្រាស និង​ពន្ធ​លើ​ការ​ផ្ទេរ​អចលនទ្រព្យ​សរុប​ជាង​៣៧១​ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណ​ជាង​៩២​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ