ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដំបូង​គេ​នឹង​ប្រគល់​ផ្ទះ​ជូន​ពលរដ្ឋ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​សាធារណៈ​តម្លៃ​សមរម្យ ក្រោម​ការ​វិនិយោគ​របស់​វិនិយោគិន​ខ្មែរ​សហការ​ជាមួយ​រាជរដ្ឋាភិបាល នឹង​ប្រកាស​ទទួល​លុយ​កក់​ពី​អតិថិជន​នៅ​ចុង​ខែមករា ឆ្នាំ​២០១៨​នេះ ក្រោយ​ពន្យារពេល​ជិត​១​ឆ្នាំ ។ គម្រោង​លំនៅ​ឋាន​មួយ​នេះ​បាន​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​កាលពី​ដើមឆ្នាំ​២០១៧​កន្លង​មក ហើយ​ក្នុងអំឡុងពេល​នោះ…

រាជធានី​ភ្នំពេញ ៖ គម្រោង​លំនៅ​ឋាន​សាធារណៈ​តម្លៃ​សមរម្យ ក្រោម​ការ​វិនិយោគ​របស់​វិនិយោគិន​ខ្មែរ​សហការ​ជាមួយ​រាជរដ្ឋាភិបាល នឹង​ប្រកាស​ទទួល​លុយ​កក់​ពី​អតិថិជន​នៅ​ចុង​ខែមករា ឆ្នាំ​២០១៨​នេះ ក្រោយ​ពន្យារពេល​ជិត​១​ឆ្នាំ ។

គម្រោង​លំនៅ​ឋាន​មួយ​នេះ​បាន​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​កាលពី​ដើមឆ្នាំ​២០១៧​កន្លង​មក ហើយ​ក្នុងអំឡុងពេល​នោះ ម្ចាស់​គម្រោង​ថា នឹង​ទទួល​ប្រាក់​ពី​អតិថិជន​នៅ​រយៈ​ពេល​​២-៣​ខែ​ក្រោយ​បុក​គ្រឹះ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ទទួល​ប្រាក់​កក់​ចុះ​ឈ្មោះ​ទិញ​គម្រោង​មួយ​នេះ​នៅឡើយ​ទេ ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី ម្ចាស់​គម្រោង​លំនៅ​ឋាន​សាធារណៈ​ដំបូង​គេ​នៅ​កម្ពុជា បាន​និយាយ​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​នឹង​ទទួល​លុយ​កក់​ពី​អតិថិជន​នៅ​ចុង​ខែមករា ឆ្នាំ​២០១៨​​នេះ ។ ការ​យឺតយ៉ាវ​ទទួល​លុយ​ពី​អតិថិជន​នេះ ដោយសារ​តែ​ក្រុមហ៊ុន​រង់ចាំ​លិខិតអនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​សិន ព្រោះ​ក្រុមហ៊ុន​មិន​ធ្វើ​អ្វី​បំពាន​ច្បាប់​ទេ បើ​ទោះបីជា​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ក៏​ពិតមែន ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« ចាប់តាំងពី​គម្រោង​បាន​ប្រកាស​បុក​គ្រឹះ​សាងសង់​មក គឺ​យើង​ត្រូវ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​រួចរាល់ សិន មុន​នឹង​យើង​ចាប់ផ្ដើម​សង់ផ្ទះ » ។

លោក​ឧកញ៉ា​បន្ត​ថា ក្រុមហ៊ុន​បាន​សន្យា​ថា គម្រោង​នេះ​នឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​ដែល​​បាន​ចុះ​ឈ្មោះ នៅ​ដំណាច់ឆ្នាំ​២០១៨ ។ ដូចនេះ ធ្វើ​យ៉ាងណា ត្រូវ​តែ​ប្រគល់​ផ្ទះ​ជូន​ពួក​គាត់​ឲ្យ​បាន​នៅ​ចុងឆ្នាំ​២០១៨ បើ​ទោះបីជា​មិន​បាន​ប្រគល់​ទាំងអស់​ព្រម​ៗ​គ្នា ក៏​ត្រូវ​ប្រគល់​បណ្ដើរ​ៗ​ដែរ ព្រោះ​អ្វី​ដែល​ក្រុមហ៊ុន​បាន​សន្យា​ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​២៥ មក​រា ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​ចុះហត្ថលេខា​ជាមួយ​ធនាគារ​២ ក្នុង​ការ​បង់​រំលស់​គម្រោង​ផ្ទះ​នេះ​។ ចំនួន​ប្រាក់​ត្រូវ​បង់​ប៉ុន្មាន​ក្នុង​១​ខែ​នោះ មាន​តែ​រង់ចាំ​មើល​ថា តើ​ធនាគារ​អាច​មាន​លទ្ធភាព​ទុក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ក៏​ដូច​ជា​មន្ត្រីរាជការ​បង់​រំលស់​ប្រចាំខែ ។ លោក​ឧកញ៉ា​ថា ៖«​បើសិន​ធនាគារ​ជា​ដៃគូ​របស់​យើង គេ​ទុក​ពេល​យូរ​ឲ្យ​ពលរដ្ឋ​បង់​រំលស់ ដូចនេះ ចំនួន​ប្រាក់​ដែល​បង់​ប្រចាំខែ​ក៏​នឹង​តិច តែ​បើសិនជា​គេ​ទុក​ពេល​ខ្លី ការ​បង់​រំលស់​របស់​ពលរដ្ឋ​ប្រចាំខែ​អាច​នឹង​ច្រើន​បន្តិច ក៏​ប៉ុន្តែ​យើង​បាន​ចរចា​ជាមួយ​ធនាគារ​ឲ្យ​ទុក​ពេល​យូរ​បន្តិច ដើម្បី​មាន​លទ្ធភាព​បង់​រំលស់​ប្រចាំខែ​នៅ​តិច » ។

លោក​ឧកញ៉ា​បន្ថែម​ថា ចំពោះ​តម្លៃ​ផ្ទះ​ដែល​បាន​សន្យា​នៅ​ចន្លោះ​ពី​២​ម៉ឺន​៥​ពាន់​ដុល្លារ ទៅ​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នឹង​មិន​ប្រែប្រួល​ទេ គឺ​នៅ​រក្សា​ដដែល ដូចនេះ ពលរដ្ឋ​មិនបាច់​ភ័យ​ព្រួយ​ពី​ការ​ឡើងថ្លៃ​ទេ ។

ម្ចាស់​គម្រោង​នេះ​បញ្ជាក់​ថា ៖«​យើង​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​គម្រោង​លំនៅ​ឋាន​សាធារណៈ​ពី​វិនិយោគិន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ ព្រោះ​ក្រុមហ៊ុន​យើង​តែ​មួយ​មិន​អាច​ផ្គត់ផ្គង់​បាន​ទេ ហើយ​គម្រោង​របស់​យើង​នៅ​តែ​មាន​ចំណាប់អារម្មណ៍​ពី​សំណាក់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ជា​ពិសេស មន្ត្រី​រាជការ ។ ជាក់ស្ដែង បច្ចុប្បន្ន យើង​បាន​ស្រង់​ឈ្មោះ​ពី​អ្នក​ចុះ​ឈ្មោះ​ទិញ បាន​រហូត​ដល់​ជាង​៤​ពាន់​នាក់ ខណៈ​ផ្ទះ​មាន​ត្រឹមតែ​ជាង​២​ពាន់​ល្វែង​ប៉ុណ្ណោះ ។ ដូចនេះ យើង​នឹង​ពិនិត្យ​មើល​លក្ខខណ្ឌ​ថា តើ​អ្នក​ណាខ្លះ​នឹង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ទិញ​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​របស់​យើង ហើយ​អ្នក​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ទិញ​ទេ » ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មាន​គម្រោង​លំនៅ​ឋាន​សាធារណៈ​ចំនួន​៣ ដែល​បាន​ប្រកាស​សាងសង់​ផ្គត់ផ្គង់​ជូន​អ្នកមាន​ចំណូល​ទាប និង​មធ្យម រួម​មាន គម្រោង​ក្រុម​ហ៊ុន WorldBride Land របស់​លោក​ឧកញ៉ា សៀ ឫ​ទ្ធី វិនិយោគ​ទឹកប្រាក់​៦០​លាន​ដុល្លារ​អា​មេ​រិ​ក​, គម្រោង​ក្រុមហ៊ុន ប៊ុ​ន​ជេ​ស្ន មិន​ប្រកាស​ពី​ចំនួន​ទឹកប្រាក់​វិនិយោគ និង​គម្រោង​អា​រ៉ា​ខា​វ៉ា ដែល​សហការ​ជាមួយ​វិនិយោគិន​ជប៉ុន បោះទុន​វិនិយោគ​ប្រមាណ​ជាង​៧០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ