ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ស្រែក​«​ចោរ​ៗ» ល្មម​បាន​មួយ​នេះតដៃ​ម៉ា​យូរ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាណាព្យាបាល​ជន​រង​គ្រោះ រួម​ទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ជា​ច្រើន​នាក់ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​នគរបាល​ក៏​ដូច​ជា ប្រព័ន្ធ​តុលាការ សូម​មេត្តា​ជួយ​ផ្តល់​ភាព​យុត្តិធម៌ ដល់​កូនប្រុស​គាត់​ពីរ​នាក់…

ខេត្តកំពង់ឆ្នាំង ៖ អាណាព្យាបាល​ជន​រង​គ្រោះ រួម​ទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ជា​ច្រើន​នាក់ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​នគរបាល​ក៏​ដូច​ជា ប្រព័ន្ធ​តុលាការ សូម​មេត្តា​ជួយ​ផ្តល់​ភាព​យុត្តិធម៌ ដល់​កូនប្រុស​គាត់​ពីរ​នាក់ ដែល​ត្រូវ​បាន​ជន​ដៃដល់​មួយ​ក្រុម លើកគ្នា​មក​បង្ក​របួស​ស្នាម​កូនប្រុស​គាត់​ដល់​ផ្ទះ បែរជា​ជន​បង្ក​ប្តឹង​ទារ​សំណង​ពី​កូនប្រុស​គាត់​ដែល​ជា​ជន​រង​គ្រោះ​ទៅ​វិញ ។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សុខ សុ​ធួន អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស្រស់ មេ​សា អាយុ​២៣ ឆ្នាំ មាន​ទីលំនៅ​ខាងលើ ។
ក្រុម​អា​ព្យាបាល​ជន​រង​គ្រោះ​ដូច​ជា​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ គឺ​នៅ​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨ ស្រាប់តែ​មាន​ក្មេង​១​ក្រុម​បាន​មក​វាយ​របង​ផ្ទះ​ពួក​គាត់ ហើយ​បាន​ទាញ​ទ្វាររបង​របើក​បម្រុង​ចូល​អុកឡុក​ក្នុងផ្ទះ ពេល​នោះ​ពួក​គាត់​បាន​ឲ្យ​កូន​ៗ​ចុះ​មើល និង​បាន​ទាញ​ទ្វាររបង​បិទ​វិញ ហើយក៍​ត្រូវ​ក្រុម​បង្ក​ចាក់​កូនប្រុស​គាត់ បណ្តាល​ឲ្យ​រង​របួស​ភ្លៅ​ខាងស្តាំ ដោយ​ឃើញ​សភាព​មិន​ស្រួល​ពួក​គាត់​បាន​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ជួយ និង​បាន​ស្រែ​កថា «​ចោរ​ៗ» ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​បាន​នាំ​គ្នា​មក​ជួយ ចំណែក​ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ដេញចាប់​បាន​ម្នាក់​ដែល​មានឈ្មោះ សាំង សា​រឿ​ន ហៅ​ពៅ រស់នៅ​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលា ប្អៀ​រ ខណៈ​ពេល​ចាប់ខ្លួន​ឈ្មោះ​ខាងលើ​បាន​តដៃ ត្រូវ​ប្រជាពលរដ្ឋ​វាយ​បណ្តាល​ឲ្យ​ទ្រោម​ខ្លួន​ដែរ ។

ក្រោយមក​ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥ ខែមករា នេះ​កូនប្រុស​គាត់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ កោះហៅ​កូនប្រុស​គាត់​ម្នាក់​ឈ្មោះ ស្រស់ មេ​សា ទៅ​សាកសួរ​ពី​បទ​បង្ក​របួស​ស្នាម ហើយ​បាន​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​ឃុំខ្លួន​ជាង​១​ម៉ោង និង​ក្រោយ​ពី​ការ​សាកសួរ​ទើប​អោយ​កូនប្រុស​គាត់​មក​ផ្ទះ​វិញ នៅ​ម៉ោងជាង​៨​យប់ ។

ដំណើរ​រឿងហេតុ​នៅ​យប់​កើតហេតុ ពួក​គេ​បាន​ទៅ​លេង​បុណ្យ​ក្នុងភូមិ រហូត​ដល់​ម៉ោងជាង​១០​យប់ បាន​នាំ​គ្នា​មក​ផ្ទះ​វិញ ដោយ​ពុំ​មាន​ទាស់​ពាក្យ​សម្តី ឬ​ប៉ះពារ​អ្វី​ដល់​នរណា​សោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ មាន​ក្រុម​ក្មេង​១​ក្រុម ដែល​គេ​ស្គាល់ឈ្មោះ សាំង សា​រ៉​ន ហៅ​ពៅ រស់នៅ​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​ចូល​អុកឡុក និង​ទាញ​ទ្វាររបង​ចូល​ដល់​ក្នុងផ្ទះ​របស់​ខ្លួន និង​បាន​បង្ក​ឲ្យ​ពួក​គេ​រង​គ្រោះ​របួស​គ្រប់​គ្នា​ទៀត ។

លោក ជូ ផុ​ន មេ​ភូមិ​ត្រពាំង​គ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ម៉ោងជាង​១០​យប់ មាន​ក្រុម​ក្មេង​មក​ពី​ភូមិ​គល់​គប់ មួយ​ក្រុម​បាន​ប្រាប់​គាត់​ថា ពួក​គេ​មិន​ហ៊ាន​ទៅ​ផ្ទះ​ទេ ហើយ​បាន​ឲ្យ​ពួក​គាត់​ជូន​ទៅ​ផ្ទះ ពេល​នោះ​មាន​ប្រជា​ការពារ​ភូមិ អនុប្រធាន​ភូមិ និង​រូប​លោក​បាន​ជូន​ក្រុម​ក្មេង​មក​ពី​ភូមិ​គល់​គប់ ចេញ​ដល់​ថ្នល់ជាតិ​លេខ​៥៣ ទៅ​ហើយ ពួក​គាត់​ជា​អាជ្ញាធរ​ភូមិ​ប្រជា​ការពារ​បាន​ត្រឡប់​មក​វិញ ។ លុះដល់​ម៉ោងជាង​១១​យប់​ស្រាប់តែ​ឮ​ថា មាន​ក្មេង​មក​អុកឡុក​នៅផ្ទះ​ជន​រង​គ្រោះ​ខាងលើ គាត់​បាន​រត់​ត្រឡប់​មក​វិញ តែ​រត់​មិន​ទាន់​គេ​ទេ ពេល​ទៅ​ដល់​ឃើញ​ប្រជាពលរដ្ឋ​ចាប់​បាន​ក្មេង​ភាគី​ខាង​គល់​គប់​ម្នាក់ ដោយ​មាន​របួស និង​ត្រូវ​បាន​ប្រជា​ការពារ​ដាក់​ខ្នោះដៃ​ផង នៅ​ថ្នល់ជាតិ​លេខ​៥៣ គាត់​ក៏​ប្រាប់​ថា​« កុំ​ដាក់​ខ្នោះ​គ្នា​អី​គ្នា​មាន​របួស​ទៅ​ហើយ » ។

ពួក​គាត់​ជា​អាណាព្យាបាល​និយាយ​ថា មក​បង្ករឿង​ចាក់​កូនប្រុស​គាត់​បណ្តាល​ឲ្យ​រង​របួស​ហើយ ប្តឹង​កូនប្រុស​គាត់​ទៀត ហេតុនេះ​ពួក​គាត់​សូម​សំណូមពរ​ដល់​សមត្ថកិច្ច និង​ប្រព័ន្ធ​តុលាការ សូម​មេត្តា​ជួយ​ផ្តល់​ក្តី​យុត្តិធម៌ ដល់​កូនប្រុស​គាត់​ផង ។
ជុំវិញ​វិញ​បញ្ហា​នេះ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ឈ្មោះ សាំង សា​រ៉​ន ហៅ​ពៅ​បាន​ទេ ប៉ុន្តែ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សំ សុខា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រៃ​បាក់ បាន​បញ្ជាក់​ដែរ​ថា យប់​នោះ​ក្រោយ​ពេល​កើតហេតុ លោក​បាន​មក​ដល់ ឃើញ​ឈ្មោះ សាំង សា​រ៉​ន ហៅ​ពៅ មាន​របួស​ក្បាល ហើយ​លោក​បាន​ឲ្យ​ប្រជា​ការពារ ដោះ​ខ្នោះដៃ និង​បាន​ដឹក​ឈ្មោះ​ពៅ នេះ​យក​ទៅ​អោយ​ក្រុម​គ្រួសារ​គេ ប៉ុន្តែ​ពេល​ដឹក​ចេញ​មក​បាន​បន្តិច ត្រូវ​បងប្អូន​ភាគី​ខាង​ភូមិ​គល់​គប់ មក​ដល់​សុំ​យកឈ្មោះ ពៅ ទៅ​ព្យា​ល​បាល​សិន ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ។ លោក​បាន​បញ្ជាក់​ថា ឈ្មោះ សាំង សា​រ៉​ន ហៅ​ពៅ​នេះ មាន​របួស​ព្រោះ​បាន​តដៃ​ជាមួយ​ប្រជាពលរដ្ឋ ពេល​ចាប់ខ្លួន ។

តាម​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា តាម​ពិត​យប់​នោះ​ភាគី​ខាង​ភូមិ​គល់​គប់ បាន​ទៅ​បង្ក​អុកឡុក​នៅផ្ទះ​ភាគី​ម្ខាង​ទៀត បណ្តាល​ឲ្យ​កូនចៅ​គេ​មាន​របួស​ស្នាម ហើយ​បាន​ស្រែ​កថា​« ចោរ​ៗ »​ទើប​ប្រជាពលរដ្ឋ​លើកគ្នា​ដេញចាប់​ទើប​បង្ក​ឲ្យ​មាន​របួស​ស្នាម ព្រោះ​មានការ​តដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ