ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វាំងននទីតាំង​ព្រ​លាន​យន្តហោះ​ថ្មី​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​ឡើង​កប់​ពពក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​មហាជន​ទន្ទឹងរង់ចាំ​ដំណឹង​ពី​ទីតាំង​ពិតប្រាកដ​នោះ ពេល​នេះ​បាន​កំណត់​ច្បាស់លាស់​ហើយ ទាំង​ពេលវេលា​សាងសង់ ទំហំ និង​ទីតាំង​ជាក់លាក់ ។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​មហាជន​ទន្ទឹងរង់ចាំ​ដំណឹង​ពី​ទីតាំង​ពិតប្រាកដ​នោះ ពេល​នេះ​បាន​កំណត់​ច្បាស់លាស់​ហើយ ទាំង​ពេលវេលា​សាងសង់ ទំហំ និង​ទីតាំង​ជាក់លាក់ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ម្សិលមិញ​ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ ដោយសារ​គម្រោង​នេះ​បាន​អនុម័ត​រួច​ហើយ និង​មាន​ទីតាំង ព្រមទាំង​ប្លង់​ស្ថាបត្យកម្ម​រួច​ហើយ​ដែរ ។ ហេតុនេះ រង់​ចាំតែ​ពេលវេលា​ចរចា​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ព្រ​លាន​នេះ​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ៖« ទីតាំង​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ជា​តំបន់​វាល​បឹង​កំប្លោក​ដ៏​ធំ​មួយ (​ហៅ​បឹង​រៀន​) ដែល​ស្ថិត​ក្នុង​រង្វង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នា​ពេល​អនាគត » ។ លោក​បញ្ជាក់​ថា ៖« បើសិនជា​គិត​ពី​កន្ទុយ​ផ្លូវ​៦០​ម៉ែត្រ ឬ​ផ្លូវ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ទីតាំង​ព្រ​លាន​នេះ មាន​ចម្ងាយ​ប្រមាណ​៩​គីឡូម៉ែត្រ​ចេញពី​កន្ទុយ​ផ្លូវ នេះ​ឆ្ពោះទៅ​មុខ » ។

លោក​បន្ត​ថា ទីតាំង​ព្រ​លាន​យន្តហោះ​នេះ​ជា​ផ្ទៃ​បឹង ហើយនឹង​ត្រូវ​បូម​ខ្សាច់​បំពេញ​នា​ពេល​ខាង​មុខ ដើម្បី​ចាប់ផ្តើម​សាងសង់​ព្រ​លាន​យន្តហោះ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជុំវិញ​នេះ​។

គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មី​ៗ​នេះ ។ គម្រោង​ព្រ​លាន​យន្តហោះ​នេះ គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​១.៥០០​លាន​ដុល្លារ សហការ​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC​និង​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​មក​ពី​ប្រទេស​ចិន ដោយ​រួម​គ្នា​បង្កើត​ក្រុមហ៊ុន​មួយ​ដាក់​ឈ្មោះ​Cambodia Airport Investment Co., Ltd ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​បន្ត​ថា ព្រ​លាន​យន្តហោះ​នេះ​មាន​ទំហំ​ជាង​៧០០​ហិ​កតា ប្រហាក់ប្រហែល​នឹង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ដែរ ។ ចំណែក​ផ្ទៃដី​ដែល​នៅ​សល់ គឺជា​ទីតាំង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​នានា ព្រោះ​ការ​វិនិយោគ​ព្រ​លាន​យន្តហោះ មិន​អាច​រក​ផល​ចំណេញ​បាន​ទេ គឺ​មាន​តែ​ការ​រៀបចំ​សេវាកម្ម និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គាំទ្រ ទើប​អ្នក​វិនិយោគ​អាច​រក​ផល​ចំណេញ​បាន ។

លោក​បន្ត​ថា ៖« នេះ​ជា​គម្រោង​វិនិយោគ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Airport City ជា​គម្រោង​វិនិយោគ​ចម្រុះ​ដែល​មាន​ទាំង​ព្រ​លាន​យន្តហោះ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម » ។

យោង​តាម​លិខិត​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ចុះ​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១៧ បាន​បញ្ជាក់​ពី​កម្មវត្ថុ​សុំ​គោលការណ៍​អនុញ្ញាត​បង្កើត​ក្រុមហ៊ុន «​ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ិ​ន​វេស​មិន ខូ​អិ​ល​ធី​ឌី (Cambodia Airport Investment Co., Ltd) ជា​ក្រុម​ហ៊ុន​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​(PPP) ដោយ​យោង​តាម​លិខិត​លេខ​១៣៨ រ​.​ល​.​អ​.​ស ចុះ​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៧ និង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៧ ។

ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ឯកភាព​បង្កើត​ក្រុមហ៊ុន​ខាងលើ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ 4F ដែល​មា​នទី​តាំងនៅ​ក្រុង​តា​ខ្មៅ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នៅ​លើ​ទំហំ​ដី​ចំនួន​២.៦០០​ហិ​កតា ក្រោម​ទុន​វិនិយោគ​សរុប​១.៥០០​លាន​ដុល្លារ ដែល​បាន​មក​ពី​កម្ចី​ធនាគារ​បរទេស​១.១០០​លាន​ដុល្លារ​, កម្ចី​ពី​ភាគទុន OCIC ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី​១២០​លាន​ដុល្លារ​។ ក្នុង​នោះ​ក្រុមហ៊ុន OCIC មាន​៩០% និង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល តំណាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​មាន​១០% ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ស្វាគមន៍​​នូវ​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ ស្រប​ពេល​ដែល​កម្ពុជា​បាន​និង​កំពុង​ស្ថិត​ក្នុង​គោលដៅ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ទូ​ទាំង​ពិភពលោក ។ ហេតុនេះ ការ​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​ជា​ការ​ស្វាគមន៍ ប៉ុន្តែ​ព្រ​លាន​យន្តហោះ​នេះ​គួរ​មាន​ទំហំ​ធំ ដែល​អាច​ឲ្យ​យន្តហោះ​ប្រភេទ​ប៊ូ​អុ​ី​ង (Boing) ធំ​ៗ​ចុះ​ចត​បាន ព្រោះ​សមត្ថភាព​ព្រ​លាន​យន្តហោះ​សព្វ​ថ្ងៃនេះ មិន​អាច​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះ​ចត​បាន​ទេ ។

លោកស្រី​បន្ត​ថា ៖« ព្រ​លាន​យន្តហោះ​ភ្នំពេញ​សព្វថ្ងៃ​កំពុង​មមាញឹក​ខ្លាំង ហេតុនេះ យើង​ត្រូវការ​ព្រ​លាន​យន្តហោះ​ថ្មី​បែប​នេះ ដើម្បី​បំពេញតម្រូវការ​នៃ​កា​រត​ភ្ជាប់​ផ្លូវ​អាកាស និង​ការ​ធ្វើ​ដំណើរ » ។ លោកស្រី​ថា ៖« ព្រ​លាន​យន្តហោះ​ថ្មី​នេះ​ត្រូវ​តែ​មាន​សមត្ថភាព​ខ្ពស់ និង​ទទួល​អ្នកដំណើរ​បាន​ច្រើន ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា » ។

បច្ចុប្បន្ន កម្ពុជា​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ចំនួន​៣ គឺ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​, ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប និង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ។

ក្រៅពី​គម្រោង​សាងសង់​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​នៅ​ភ្នំពេញ​ហើយ កម្ពុជា​ក៏​បាន​និង​កំពុង​សាងសង់​ព្រ​លាន​យន្ដហោះ​ថ្មី​នៅ​ខេត្តកោះកុង និង​ខេត្តសៀមរាប​ផង​ដែរ ។

ក្រោយ​ពី​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​សាងសង់ នៅ​តំបន់​ក្រុង​តា​ខ្មៅ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​នោះ​ឡើង​ខ្ពស់​យ៉ាង​គំហុក ។ ចំណែក​ក្រុម​អ្នក​រកស៊ី​ដីធ្លី និង​ប្រជាពលរដ្ឋ​ក៏​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ​ផង​ដែរ ។

តាម​អ្នកជំនាញ​ខាង​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​គម្រោង​នេះ​បាន​ប្រកាស តម្លៃ​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ស្ទើរ​ស្មាន​មិន​ដល់ ដែល​កាលពីមុន តម្លៃ​ដី​នៅ​តំបន់​កណ្តាល​ស្ទឹង​នេះ ១​ម៉ែត្រការ៉េ​ត្រឹមតែ​១​ដុល្លារ​ទៅ​១០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ទៅ​ទិញ​កន្លែង​ណា​ក៏​បាន​ដែរ ប៉ុន្តែ​ដល់​បច្ចុប្បន្ន​នេះ តម្លៃ​របស់​វា​បាន​ហក់​ឡើង​ខ្លាំង ពោល​គឺ​១​ម៉ែត្រការ៉េ ឡើង​​ពី​ជាង​១០​ដុល្លារ​ទៅ ជាង​៦០​ដុល្លារ​ទៅ​តាម​កន្លែង​នីមួយ​ៗ ។

ទោះជា​បែប​នេះ​ក្ដី ដើម្បី​កុំឱ្យ​ការ​ជ្រួលជ្រើម​នេះ​ខាតបង់​នៅ​ពេល​ក្រោយ ពួក​គាត់​គួរតែ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​អ្នកជំនាញ​ខាង​អចលនទ្រព្យ​លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​តម្លៃ​ខ្យល់​ប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជ្រួលជ្រើម​តាម​គ្នា ។ បើ​តាម​ស្ថាន​ភាព និង​ទីផ្សារ​ជាក់ស្តែង ដី​នៅ​ទីនោះ​មាន​តម្លៃ​ត្រឹមតែ​១០​ដុល្លារ​ចុះ​ក្រោម​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រការ៉េ មិន​អាច​លើស​ពី​នេះ​បាន​ឡើយ ។

ណាមួយ នេះ​អាច​ជា​ឱកាស​ដែល​អ្នក​រកស៊ី​ដីធ្លី​ទទួល​បាន​ផល​ចំណេញ ដែល​ធ្វើ​ឱ្យ​អ្នក​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ​ខាតបង់​ពី​គម្រោង​យក្ស​ដ៏​ធំ​នេះ ។

ទោះជា​យ៉ាងណា មុន​នឹង​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ ទាំង​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ គួរ​គិតពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ ព្រោះថា ជា​ទូទៅ​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ តំបន់​ជុំវិញ​ព្រ​លាន​យន្តហោះ​មិនសូវ​មានការ​អភិវឌ្ឍ​ប៉ុន្មាន​ទេ ព្រោះ​មានច្បាប់​កំណត់​ពី​ការ​អភិវឌ្ឍ​។ ជាក់ស្ដែង នៅ​ជុំវិញ​ព្រ​លាន​យន្តហោះ មិន​អនុញ្ញាត​ឲ្យ​សាងសង់​អគារ​ខ្ពស់​ៗ​ឡើយ ។ បើសិនជា​មិន​អនុញ្ញាត​ឲ្យ​សង់​អគារ​ខ្ពស់ តម្លៃ​ដីធ្លី​ក៏​មិន​អាច​ឡើង​ខ្ពស់​បាន​ដែរ គឺ​ឡើង​ត្រឹម​កម្រិត​មួយ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ