ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ចៅអធិការ​វត្ត​និយម​សាច់ញាតិ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​ចំនួន​ជិត​១០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​វត្ត​ព្រែក​ជ្រៃ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែមករា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​ចំនួន​ជិត​១០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​វត្ត​ព្រែក​ជ្រៃ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ធ្វើការ​បណ្ដេញ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រែក​ជ្រៃ ចេញពី​វត្ត និង​បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​តែងតាំង​ព្រះ​ចៅអធិការ​វត្ត​ថ្មី​ជំនួស​វិញ ។

ប្រជាពលរដ្ឋ​ទាំងនោះ គឺជា​អ្នក​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​ធ្វើការ​ចោទប្រកាន់​ព្រះ​ចៅអធិការ​វត្ត​អង្គ​នោះ​ថា ព្រះ​អង្គ​បាន​លួច​លក់​ដើមឈើ​រាំងភ្នំ​ដែល​ជា​សម្បត្តិ​វត្ត​ទៅ​ឲ្យ​ឈ្មួញ និង​និយម​បក្សពួក​ខ្លាំង​ណាស់​ដោយ​បាន​យក​កូនចៅ និង​បងប្អូន​សាច់ញាតិ​របស់​ព្រះ​អង្គ​ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​យ៉ាង​អនាធិបតេយ្យ ។ សូ​ម្បី​តែ​ក្រុម​ជាង​ដែល​សាងសង់​គុ​ដិ ឬ​ព្រះ​វិហារ​ក៏​សុទ្ធតែ​បងប្អូន​កូនក្មួយ​ព្រះ​អង្គ​ដែរ អ្នក​ផ្សេង​ក្រៅពី​សាច់ញាតិ​បងប្អូន ព្រះ​អង្គ​ចង់ទៅ​ធ្វើ គឺ​មិន​ឲ្យ​ធ្វើ​ឡើយ ។

ប្រជាពលរដ្ឋ​ដដែល​បាន​និយាយ​ថា ព្រះ​គ្រូ​ចៅអធិការ​អង្គ​នោះ​ព្រះ​នាម នូ សាំង ព្រះ​ជន្ម​៧៧​វស្សា ដែល​កាលពី​អតីត​ព្រះ​អង្គជា​ព្រះ​ចៅអធិការ​វត្ត​តាំង​កសាង​ខាងត្បូង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ​ប្រជាពលរដ្ឋ​ដែល​បះបោរ​បាន​នាំ​គ្នា​ទូងស្គរ​នៅ​ក្នុង​វត្ត​ប្រមូលគ្នា​ឲ្យ​ទៅ​ចូលរួម​កាន់តែ​ច្រើន​ឡើង ក្នុង​ការ​បណ្ដេញ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​នោះ ។ ដោយឡែក​កោះសន្តិភាព​មិន​អាច​រក​ការ​បំភ្លឺ​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ជាប់ចោទ​បាន​ឡើយ ដោយនៅ​ក្នុង​ពេល​នោះ​ព្រះ​អង្គ​មិន​បាន​ស្ថិត​នៅ​ក្នុង​វត្ត​នោះ​ទេ ។ ប្រភព​នានា​បាន​ប្រាប់​ថា ព្រះ​អង្គ​និមន្ត​ចេញ​ក្រៅ​បាត់​ហើយ និង​សង្ស័យ​ថា និមន្ត​ទៅ​កាន់​វត្ត​ស្លែង​ដើម្បី​ពិភាក្សា​ជាមួយ​ព្រះ​គ្រូ​អនុគណ​ខណ្ឌដង្កោ​ពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បណ្ដេញ​ព្រះ​អង្គ​ចេញពី​ក្នុង​វត្ត​បែប​នេះ ។

ចំណែក​អាជ្ញាធរ​ខណ្ឌដង្កោ​រួម​ជាមួយ​កម្លាំងប្រដាប់អាវុធ​ទាំង​២​ភេទ មាន​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ចុះ​ទៅ​កាន់​វត្ត​នោះ​ដែរ និង​បាន​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ។ ក្រោយមក​បាន​បន្ត​ទៅ​ធ្វើការ​ដោះស្រាយ​នៅ​ក្នុង​វត្ត​ស្លែង​ដែល​ជា​វត្ត​ព្រះ​អនុគណ​ខណ្ឌ​នោះ​ទៀត ប៉ុន្តែ​មិន​ទាន់​ដឹង​ថា តើ​ត្រូវរ៉ូវ​គ្នា ឬ​មិន​ត្រូវ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ