រាជធានីភ្នំពេញ ៖ អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាប និងចាប់ខ្លួនបាន ក្រោយពីការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាច្បាស់លាស់ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ១.ឈ្មោះ សុខ តួ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ ២.ឈ្មោះ ស្រ៊ាង វ៉ាន់ដា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប១ និង៣.ឈ្មោះ ឡុង ប៉ុច ភេទី៣ (ខ្ទើយ) អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
ដោយកម្លាំងនគេបាលបានដកហូតបានគ្រឿងញៀនចំនួន៤កញ្ចប់ រួចបាននាំពួកគេទៅកាន់ប៉ុស្ដិ៍ធ្វើការសាកសួរ និងកសាងសំណុំរឿង ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌបានធ្វើការស្រាវជ្រាវ ហើយត្រូវបានប្រជាពលរដ្ឋលួចខ្សឹបប្រាប់ពីមុខសញ្ញាជនសង្ស័យ និងទីតាំងដែលពួកគេកំពុងលាក់ខ្លួនធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
បន្ទាប់ពីបានដឹងច្បាស់ហើយ កម្លាំងបានចុះទៅបង្ក្រាប និងចាប់ខ្លួនដោយភ្លាមៗនោះចាប់បានចំនួន៥នាក់ ប៉ុន្តែបន្ទាប់ពីការសាកសួរ និងត្រួតពិនិត្យ ទើបដឹងថា អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនមានតែ៣នាក់ប៉ុណ្ណោះ ចំណែក២នាក់ទៀតមិនមានការជាប់ពាក់ព័ន្ធនោះឡើយ ។ ក្រោយពេលចាប់ខ្លួន នគរបាលបានបញ្ជូនជនសង្ស័យខាងលើទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ