ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង៧យប់មុននេះបន្តិច ថ្ងៃទី១៩ មករា ២០១៨ មានការភ្ញាក់ផ្អើលមួយ ធ្វើឲ្យអាជ្ញាធរក្នុងក្រុងសែនមនោរម្យចាត់កម្លាំងជាច្រើននាក់ចុះស្រាវជ្រាវករណី ដែលល្បីតគ្នាថា រូបសំណាកលោកតាភ្នំដោះក្រមុំដ៏ពូកែល្បីល្បាញប្រចាំខេត្ត ត្រូវបានជនមិនស្គាល់វាយបំបាក់រូបសំណាក់ជាលើកទីពីរ។ លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងភ្នំដោះក្រមុំ ភ្លាមៗ ក្រោយទទួលបានដំណឹងថា មានជនមិនស្គាល់មុខវាយបំផ្លាញរូបសំណាកលោកតា ស្រូក នៅលើភ្នំដោះក្រមុំនោះ បានឲ្យដឹងថា វាគ្មានករណីបែបនេះកើតឡើងឡើយ។
ពោលគឺពួកជនបំពុលបរិយាកាស បានធ្វើការបង្ហោះរូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៦ ខណៈដែលរូបសំណាកត្រូវបានជនវិកលចរិតវាយបាក់ដៃ និងក្បាលឲ្យទៅបណ្តាញទំនាក់ទំនងរបស់ថ្នាក់ដឹកនាំខេត្ត ទើបថ្នាក់ដឹកនាំបានបញ្ជាភ្លាមៗឲ្យកម្លាំងចុះពិនិត្យមើលជាបន្ទាន់។ លោកអធិការបន្តថា សកម្មភាពខាងលើនេះ គឺជាចេតនាអាក្រក់មួយដែលក្រុមជនសង្គមងងឹត បានបង្កើតឡើងដើម្បីបង្កចលាចលក្នុងសង្គម និងជាការមើលស្រាលដល់មន្ត្រីកងកម្លាំង ដែលបាននឹងកំពុងខិតខំធ្វើការយាមល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកអធិការក្រុងក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់ កុំមានក្តីមន្ទិលទាក់ទិនពាក្យចចាមអារ៉ាមថា មានគេវាយបំផ្លាញរូវសំណាកលោកតាភ្នំដោះក្រមុំ ព្រោះមិនមែនជាព័ត៌មានពិតទេ ដ្បិតរូបសំណាកនៅល្អស្អាត និងអាចឲ្យបងប្អូនបន់ស្រន់បានគ្រប់ពេលវេលាដូចមុនដដែល៕
ចែករំលែកព័តមាននេះ