រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារតារាកំប្លែងនាយវីតាមីនសេបានបង្ហាញសញ្ញាល្អពាក់ព័ន្ធនឹងជំងឺរបស់គាត់ បន្ទាប់ពីបានចេញទៅព្យាបាលនៅប្រទេសថៃចំនួន២លើក ។ តារាកំប្លែងនាយវីតាមីនសេ ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាលើកទី២កាលពីពេល ថ្មីៗកន្លងមក តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ។
កូនស្រីបង្កើតនាយវីតាមីនសេ អ្នកនាងប៉េងប៉ោងធ្លាប់អះអាងថា ជំងឺឪពុករបស់អ្នកនាងអាចមានសង្ឃឹមក្នុងការព្យាបាល បន្ទាប់ពីក្រុមគ្រូពេទ្យនៅប្រទេសថៃធានាព្យាបាលជាប្រមាណ៧០%លើជំងឺដុះសាច់ក្នុងក្រពះរបស់គាត់ ។
តាមវេជ្ជបញ្ជាពីក្រុមគ្រូពេទ្យ នាយវីតាមីនសេ បានចាកចេញទៅពិនិត្យព្យាបាលនៅប្រទេសថៃ២លើកមកហើយ ក្នុងនោះក្រុមគ្រួសារក៏បានបង្ហាញសញ្ញាល្អជាថ្មីម្ដងទៀតពីអាការរបស់គាត់ ។
កូនប្រសាដែលបានរួមដំណើរជាមួយទៅព្យាបាលនៅប្រទេសថៃនោះបានអះអាងកាលពី ពេលថ្មីៗកន្លងមកថា ជំងឺឪពុករបស់លោកនឹងទទួលបានដំណឹងល្អនាពេលខាងមុខនេះ បន្ទាប់ពីការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យ ។
លោកឱម ពីណែ ស្វាមីអ្នកនាងប៉េងប៉ោង បានសេរសេរសារបង្ហោះតាមហ្វេសប៊ុករបស់លោកដោយភ្ជាប់ជាមួយរូបនាយវីតាមីនសេថា «ថ្ងៃនេះសប្បាយចិត្តណាស់ដោយទទួលបានដំណឹងល្អ ។ សូមអរគុណរាល់ការជូនពររបស់បងប្អូនទាំងអស់ ឥឡូវការជូនពរបស់បងប្អូនបានក្លាយជាការពិត បណ្ដើរៗហើយ ។ រង់ចាំលទ្ធផលថ្ងៃទី២២ ខាងមុខនេះម្ដងទៀត »។
បើតាមលោកឱម ពីណែល ក្រោយពីទទួលបានលទ្ធផលពីក្រុមគ្រូពេទ្យនៅថ្ងៃទី២២ មករាហើយនោះ នាយវីតាមីនសេ និងក្រុមគ្រួសារនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី២៥ មករា ។
ដោយឡែកហ្វេសប៊ុករបស់អ្នកនាងប៉េងប៉ោងវិញបានបង្ហោះសារសម្ដែងក្ដីរំភើបដូចគ្នានេះផងដែរ បន្ទាប់ពីទទួលបានដំណឹងពីក្រុមគ្រូពេទ្យបែបនេះ ។ អ្នកនាងប៉េងប៉ោងបានថ្លែងអំណរគុណចំពោះទស្សនិកជនទាំងអស់ដែលតែងតែផ្ញើសារជូនពរដល់ឪពុករបស់នាងឲ្យឆាប់ជាពីជំងឺដ៏កាចសាហាវមួយនេះដែលទាំងនេះជាជំរុញទឹកចិត្តឪពុក និងក្រុមគ្រួសាររបស់នាងឲ្យមានការតស៊ូក្នុងគ្រាដ៏លំបាកមួយនេះ ៕
ចែករំលែកព័តមាននេះ