ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ប្រកាស​បិទផ្លូវ​ជាតិ​លេខ​៥​ត្រង់​ចំណុច​គល់​ស្ពាន​ជ្រោយចង្វារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ការងារ​ជួសជុល និង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់ បាន​ដំណើរការ​ដល់​ដំណាក់កាល​គល់​ស្ពាន​ផ្នែក​ខាងលិច ដែល​ចាំបាច់​ត្រូវ​ធ្វើការ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​គល់​ស្ពាន និង​តម្រូវ​ឲ្យ​ធ្វើ​ចរាចរ​ឯកទិស​នៅ​ក្បែរ​ការ​រ​ដ្ឋា​ន​នោះ​ជា​បណ្ដោះអាសន្ន​សិន…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ការងារ​ជួសជុល និង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់ បាន​ដំណើរការ​ដល់​ដំណាក់កាល​គល់​ស្ពាន​ផ្នែក​ខាងលិច ដែល​ចាំបាច់​ត្រូវ​ធ្វើការ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​គល់​ស្ពាន និង​តម្រូវ​ឲ្យ​ធ្វើ​ចរាចរ​ឯកទិស​នៅ​ក្បែរ​ការ​រ​ដ្ឋា​ន​នោះ​ជា​បណ្ដោះអាសន្ន​សិន ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹង​ថា គម្រោង​ជួសជុល និង​ស្ដារ​ឡើង​វិញ នៃ​ស្ពាន​មិត្ដភាព​-​ជប៉ុន ឈាន​ដល់​ដំណាក់​កាលដែល​តម្រូវ​ឲ្យ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងក្រោម​ស្ពាន ជា​បណ្ដោះអាសន្ន ។

សេចក្ដីជូនដំណឹង​ដដែល​នោះ បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​អនុវត្ដ​ការងារ​ជួសជុល​ស្ពាន​មិត្ដភាព កម្ពុជា​-​ជប៉ុន បាន​ទាន់​ពេលវេលា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ក្រោម​ស្ពាន​មិត្ដភាព​កម្ពុជា​-​ជប៉ុន សូម​បង្វែរ​មក​ប្រើប្រាស់​ផ្លូវ​វាង (​ផ្លូវ​ឯកទិស​) ជា​បណ្ដោះអាសន្ន​នៅ​ក្បែរ​ការដ្ឋាន​ស្ពាន​ជ្រោយចង្វារ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​អំពី​ការ​បើក​ឲ្យ​ប្រើប្រាស់​ជា​ធម្មតា​ឡើង​វិញ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ពាន​ជ្រោយចង្វារ​មិត្តភាព កម្ពុជា​-​ជប៉ុន បើក​ដំណើរការ​ជួសជុល​កែ​លម្អ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ មាន​រយៈពេល​២​ឆ្នាំ ដែល​គ្រោង​ចំណាយ​ថវិកា​រហូត​ដល់​ជាង​៣៣​លាន​ដុល្លារ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ។

គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ នឹង​ត្រូវធ្វើ​ឡើង​តាម​រូបភាព​ស្ថាបនា​ថ្មី​នៅ​គល់​ស្ពាន​ទាំង​សងខាង​ដែល​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ប៉ុន្តែ​សម្រាប់​ផ្នែក​កណ្តាល​ស្ពាន​គ្រាន់តែ​ធ្វើការ​ជួសជុល ឡើង​វិញ​តិចតួច​ប៉ុណ្ណោះ ដោយសារ​បង្គំ​ដែក​សម្រាប់​ភ្ជាប់​ស្ពាន​នៅ​មាន​ភាពល្អ ។

គួរ​រំឭក​ថា គម្រោង​ជួសជុល​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​នេះ ប្រើ​រយៈពេល​ជាង​២២​ខែ ឬ​២​ឆ្នាំ ដែល​ចំណាយ​ថវិការ​ប្រមាណ​ជាង​៣៣​លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ។ ស្ពាន​នេះ​មាន​បណ្ដោយ​៧០៩​ម៉ែត្រ កសាង​ឡើង​នៅ​សម័យ​សង្គមរាស្ត្រនិយម ក្នុង​ឆ្នាំ​១៩៦៦ ក្រោយមក​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧២ ដោយសារ​ការ​ដាក់​បង្កៃគ្រាប់​មីន​នៅ​ក្នុង​រថយន្ត បន្ទាប់​មក​ទៀត​បាន​ជួសជុល​ឡើង​វិញ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើស​ប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៤ ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន រ​ហួត​មក​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ