ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូចនាករ​សេដ្ឋកិច្ច​ឆ្នាំ​2018 នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​និយាយ​ថា សូចនាករ​នៅ​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋ​កិច្ច​កម្ពុជា​ឆ្នាំ​២០១៨​នេះ នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន ព្រោះ​វិស័យ​អាទិភាព​សំខាន់​ៗ​នៅ​តែ​មាន​កំណើន និង​ការ​រីក​ចម្រើន​យ៉ាង​រឹង​មាំ​សម្រាប់​រយៈពេល​ខាង​មុខ​ទៀត ។ លោក ហាវ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​និយាយ​ថា សូចនាករ​នៅ​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋ​កិច្ច​កម្ពុជា​ឆ្នាំ​២០១៨​នេះ នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន ព្រោះ​វិស័យ​អាទិភាព​សំខាន់​ៗ​នៅ​តែ​មាន​កំណើន និង​ការ​រីក​ចម្រើន​យ៉ាង​រឹង​មាំ​សម្រាប់​រយៈពេល​ខាង​មុខ​ទៀត ។

លោក ហាវ រតនៈ ប្រតិភូ​រដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា ស្តី​ពី​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៨ ក្នុង​វេទិកាសាធារណៈ​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​១៥ មក​រា ថ្លែង​ថា សូចនាករ​នៃ​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ឆ្នាំ​២០១៦-២០១៨ ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) តាម​ការ​ព្យាករ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ អាច​កើនឡើង​ជិត​១០០​លាន​លាន​រៀល ខណៈ​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់ស្មាន​មាន​ជាង​៨៩​លាន​លាន​រៀល ដែល​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​សរុប​មាន​កំណើន​៧% និង​ឆ្នាំ​២០១៧ សម្រេច​បាន​កំណើន​ប្រមាណ​៦,៩% ហើយ​នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​អាច​រក្សា​បាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​រង្វង់​៦,៩%​ផង​ដែរ ។

វិស័យ​ដែល​នៅ​តែ​រក្សា​កំណើន​ល្អ​សម្រាប់​ឆ្នាំ​២០១៨ រួម​មាន វិស័យ​កសិកម្ម​អាច​នឹង​មាន​កំណើន​នៅ​ក្នុង​រង្វង់​២,៣% ខណៈ​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់​ស្មានថា​ស្មើ​២,០%, វិស័យ​ឧស្សាហកម្ម​នឹង​មាន​កំណើន​៨,៦% ខណៈ​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់ស្មាន​មាន​កំណើន​៩,២% និង​វិស័យ​សេវាកម្ម​មាន​កំណើន​ប្រមាណ​៧,៦% ខណៈ​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់ស្មាន​ស្មើ​៧,២%​ផង​ដែរ ។

លោក ហាវ រតនៈ បាន​បន្ត​ថា ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​ម្នាក់​ៗ​កាលពី​ក្នុង​ឆ្នាំ​២០១៦​បាន​កើនឡើង​១.៣០២​ដុល្លារ ។ ឆ្នាំ​២០១៧​ត្រូវ​បាន​ប៉ាន់ស្មាន​កើន​ដល់​១.៤៣៥​ដុល្លារ និង​ឆ្នាំ​២០១៨​នេះ ត្រូវ​ព្យាករ​ថា កើនឡើង​ដល់​១.៥៦៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ ។ ចំណែក​អតិផរណា​ជា​ប្រាក់​រៀល មាន​កំណើន​៣%​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ឡើង​ដល់​៣,៨% និង​នៅ​ឆ្នាំ​២០១៨ តាម​ការ​ព្យាករ អត្រា​អតិផរណា​មាន​កំណើន​ប្រមាណ​៣,៥% ។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ចំណែក​ទុនបម្រុង​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៦.៧៣១​លាន​ដុល្លារ ក្នុង​នោះ​ចំនួន​នាំ​ចូល​ទំនិញ និង​សេវា​ស្ថិត​ក្នុង​រង្វង់​៥,៤% ។ នៅ​ឆ្នាំ​២០១៧ ត្រូវ​បាន​ប៉ាន់ស្មាន​មាន​៩.០៥០​លាន​ដុល្លារ ហើយ​ចំនួន​នាំ​ចូល​ទំនិញ និង​សេវា​ក្នុង​រង្វង់​៦,០% ។ ដោយឡែក នៅ​ក្នុង​ឆ្នាំ​២០១៨ តាម​ការ​ព្យាករ​ទុនបម្រុង​អន្តរជាតិ អាច​ឡើង​ដល់​១០.៥១៨​លាន​ដុល្លារ រួម​ជាមួយ​ចំនួន​នាំ​ចូល​ទំនិញ និង​សេវា​ស្ថិត​ក្នុង​រង្វង់​៦,៥%​ផង​ដែរ ។

លោក ហាវ រតនៈ បន្ថែម​ថា ទោះបីជា​សូចនាករ​នៃ​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​មាន​ភាពល្អ​ប្រសើរ​ក៏​ដោយ ប៉ុន្តែ​បរិការណ៍​រួម​នៃ​ការ​រៀបចំ​ថវិកា​ឆ្នាំ​២០១៨ នៅ​តែ​មាន​បញ្ហា​ប្រឈម និង​ហានិភ័យ​ផង​ដែរ ដូច​ជា សម្ពោធ​ចំណាយ​ថវិកា បន្ទុក​បុគ្គល ខណៈ​ចំណូល​ថវិកា​កៀក​នឹង​ពិ​ដាន​នៃ​សក្តានុពល និន្នាការ​កើនឡើង​នៃ​ថ្លៃ​ប្រេង និង​សម្ពោធ​នៃ​ថ្លៃ​ម្ហូប​អាហារ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្សេង​ៗ​ទៀត រួម​មាន ថ្លៃ​អគ្គិសនី​ខ្ពស់ ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​នៅ​ទន់ខ្សោយ កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​, ផលិតភាព​ទាប កង្វះ​ជំនាញ​, ភាព​ស្មុគស្មាញ​, និង​តម្លៃ​ខ្ពស់​នៃ​នីតិវិធី​ធុរកិច្ច​ផង​ដែរ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា វិស័យ​សំខាន់​ៗ​ដែល​ជា​កម្លាំង​ច​លករ​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ហើយ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​ក្នុង​រង្វង់​៧% សុទ្ធ​តែ​​ជា​សញ្ញា​វិជ្ជមាន ដែល​នាំ​ឲ្យ​កម្ពុជា​អាច​សម្រេច​បាន​គោលដៅ​របស់​ខ្លួន ក្នុង​ការ​នាំ​ប្រទេស​ទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ ។

លោក​បន្ត​ថា ៖« ផ្អែក​លើ​មូលដ្ឋាន និង​គោលនយោបាយ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល សេដ្ឋ​កិច្ច​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​រយៈពេល​មធ្យម​ខាង​មុខ​បន្ថែម​ទៀត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ