នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយអ៊ីជី សភាពការណ៍នៅតែគ្រោះថ្នាក់បំផុត។ រេអាក់ទ័រទី៤ក៏រងការផ្ទុះដែរ ក្រោយមានភ្លើងឆាបឆេះ។ ក្រុមហ៊ុន TEPCO ដែលធ្វើអាជីវកម្មលើមជ្ឈមណ្ឌលនេះគ្រោងទម្លាក់ទឹកតាមឧទ្ធម្ភាគចក្រក្នុងអាងទឹកមួយនៃរេអាក់ទ័រទី៤នោះដើម្បីធ្វើឱ្យត្រជាក់ដក់គ្រឿងឆេះនុយក្លេអ៊ែរដែលប្រើប្រាស់។
នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូកាន បានពង្រីកតំបន់សន្តិសុខនៅជុំវិញមជ្ឈមណ្ឌលនេះដោយអំពាវនាវដល់មនុស្សទាំងឡាយដែលរស់នៅក្នុងរង្វង់៣០គីឡូម៉ែត្រជុំវិញមជ្ឈមណ្ឌលនោះឱ្យស្ថិតនៅក្នុងផ្ទះកុំចេញទៅក្រៅ។ នៅទីក្រុងតូក្យូអត្រាវិទ្យុសកម្មមានហួសពី អត្រាធម្មតាបន្តិចកាលពីពាក់កណ្តាលថ្ងៃទី១៥ មីនា មុនពេលឡើងខ្ពស់វិញនាពេលរសៀល។
នៅទីក្រុងព្រុចសែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានសំរេចធ្វើការត្រួតពិនិត្យមើលភាពអាចទប់ទល់នៃបណ្តាមជ្ឈមណ្ឌលនុយក្លេអ៊ែរចំពោះការរញ្ជួយដី ស៊ូណាមី និងការវាយប្រហារភេរវកម្ម។
រេអាក់ទ័រទី៤ដែលរងការប៉ះពាល់រួចហើយដោយការផ្ទុះមួយកាលពីថ្ងៃទី ១៥មីនា បានរងការផ្ទុះថ្មីមួយទៀត ហើយមានភ្លើងឆេះកាលពីព្រឹកថ្ងៃ ទី១៦ មីនា រួចការផ្ទុះមួយក៏កើតមានផងដែរកាលពីថ្ងៃទី១៥ មីនា ក្នុងរេអាក់ទ័រទី២។
អាជ្ញាធរបារាំងទទួលបន្ទុកខាងសន្តិសុខនុយក្លេអ៊ែរបានចាត់ចំណាត់ថ្នាក់នៃគ្រោះថ្នាក់នុយក្លេអ៊ែរនៅជប៉ុនថា មានកំរិត៦ក្នុងកំរិតអាសន្នវិទ្យុសកម្មនុយក្លេអែ៊រអន្តរជាតិដែលមាន៧កំរិតប្រកាសពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBYL ។
អណ្តាតភ្លើងដែលពិនិត្យឃើញមានមុននេះទៅរេអាក់ទ័រទី៤នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូសីុម៉ាលែងឃើញមានទៀតហើយ។ នេះជាសេចក្តីរាយការណ៍កាលពីថ្ងៃទី១៦ មីនា ដោយទូរទស្សន៍ជប៉ុន NHK ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន TEPCO គ្រោងស្រោចទឹកអាសីុដ បូរិក BORIQUE លើរេអាក់ទ័រនោះដើម្បីកំរិតប្រតិកម្មគីមី។
នាព្រឹកថ្ងៃទី១៥ មីនា ការផ្ទុះថ្មីៗ២ក្នុងរេអាក់ទ័រទី២ និងទី៤ និងអគ្គីភ័យមួយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូកូស៊ីម៉ា ញាំុងឱ្យមានការកើនឡើងនៃវិទ្យុសកម្មរហូតដល់ក្រុងតូក្យូដែលនៅទីនោះអារម្មណ៍ជ្រួលច្របល់ចាប់ផ្តើមកើតមានក្នុងចំណោមប្រជាជន។ ក្រោយការផ្ទុះចុងក្រោយកម្មករ២នាក់ត្រូវបាត់ខ្លួន។ សភាពការណ៍ធ្ងន់ធ្ងរបំផុតទាក់ទិនដល់រេអាក់ទ័រទី៤ដែលនៅពេលមានស៊ូណាមីនៅល្អសោះ ហើយទើបកើតមានបញ្ហារហូតដល់ថ្ងៃទី១៥ មីនា។ ក្រុមហ៊ុន TEPCO ថ្លែងថា មានប្រហោងនានាដែលអាចបញ្ចេញដោយផ្ទាល់នូវវិទ្យុសកម្មចូលក្នុងបរិយាកាស។ គ្រឿងឆេះនុយក្លេអែ៊របន្តមានកំដៅ ហើយក្រុមហ៊ុន TEPCO ប៉ុនប៉ងស្រោចទឹកតាមឧទ្ធម្ភាគចក្រក្នុងរយៈពេល២ឬ៣ថ្ងៃទៀតដើម្បីធ្វើឱ្យវាត្រជាក់។ កំរិតវិទ្យុសកម្មមានខ្ពស់បំផុត ហើយ TEPCO បានជំលៀសនិយោជិត៧៥០នាក់ ចេញពីទីតាំងនោះដោយនៅសល់វិស្វករ និងអ្នកបច្ចេកទេសត្រឹម៥០នាក់ប៉ុណ្ណោះ។ បណ្តាម៉ាសីុនឃោសនាជប៉ុនក៏អំពាវនាវឱ្យបណ្តាអ្នកកាសែតពួកគេចាកចេញពីតំបន់នោះដែរខ្លាចគ្រោះថ្នាក់វិទ្យុសកម្ម ៕
ចែករំលែកព័តមាននេះ