ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​កែវ រំ​ចង់ លេចមុខ​ក្មួយ​ស្រី​ក្នុង​ពិភព​ប្រដាល់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ គេ​ស្ទើរតែ​មិនឃើញ​កីឡាករ​ជើង​ខ្លាំង កែវ រំ​ចង់ ឡើង​ប្រកួត​នៅ​លើ​សង្វៀន​តែ​ម្ដង ខណៈ​ដែល​មួយ​រយៈ​មុន​កីឡាករ​រូប​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា​ល្បីល្បាញ​និង​មានមុខ​ឡើង​រេញ​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ ។ មានការ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ គេ​ស្ទើរតែ​មិនឃើញ​កីឡាករ​ជើង​ខ្លាំង កែវ រំ​ចង់ ឡើង​ប្រកួត​នៅ​លើ​សង្វៀន​តែ​ម្ដង ខណៈ​ដែល​មួយ​រយៈ​មុន​កីឡាករ​រូប​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា​ល្បីល្បាញ​និង​មានមុខ​ឡើង​រេញ​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ ។

មានការ​អះអាង​ថា ការ​បាត់​មុខ​កីឡាករ​រូប​នេះ​ពី​សង្វៀន​ប្រដាល់​មិន​មាន​ន័យ​ថា ជើង​ខ្លាំង​រូប​នេះ​ដកខ្លួន​ដូច​គ្នា​នឹង​កីឡាករ​ល្បី​មួយ​ចំនួន​នោះ​ទេ គឺ​លោក​នៅ​តែ​ទទួល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្រៅ​ស្រុក ដោយ​គ្រាន់តែ​មិនសូវ​ញឹកញាប់​ដូច​មុន​ប៉ុណ្ណោះ ។ អ្វី​ដែល​គេ​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​កែវ រំ​ចង់ ពេល​នេះ​គឺជា​ក្មួយ​ស្រី​របស់​លោក​ឈ្មោះ​Samontha Stephenson ដែល​កំពុង​រស់នៅ​អា​មេ​រិ​ក​ធ្វើ​ជា​អ្នក​ប្រដាល់​ទាំង​វ័យក្មេង​ធ្វើ​ឱ្យ​អ្នក​ណា​ៗ​ក៏​ចាប់​អារម្មណ៍​មិន​ខុស​គ្នា ។

នៅ​ក្នុង​ពិភព​ប្រដាល់​ដាក់​ទ្រុង គេ​ចាប់​អារម្មណ៍​កីឡាការិនី​វ័យ​១៦​ឆ្នាំ នាង Samontha Stephenson ខ្លាំង​គួរសម បន្ទាប់​ពី​នាង​បាន​បង្ហាញខ្លួន​នៅ​កម្ពុជា ហើយ​បាន​លេចមុខ​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​ប្រដាល់​យ៉ាង​សកម្ម​ថែម​ទាំង​មាន​គម្រោង​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ទៀត​ផង ។ នាង​ជា​តរុណី​ដែល​បាន​ចាប់កំណើត និង​ធំធាត់​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយ​មាន​ឪពុក​ជា​ជនជាតិ​អា​មេ​រិ​ក និង​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​ត្រូវជា​បងស្រី​របស់​លោក​កែវ រំ​ចង់ ។

ប្រភព​ភាគច្រើន​បាន​លើក​ឡើង​ថា កញ្ញា Samontha Stephenson ស្រឡាញ់​ពេញចិត្ត​ការ​ប្រដាល់​តាំងពី​ធំ​ដឹងក្ដី​ម៉្លេះ ដោយ​នាង​ត្រូវ​បាន​បញ្ជូន​ឱ្យ​ហ្វឹក​ហាត់​នៅ​ក្នុង​ទឹកដី​អា​មេ​រិ​ក​យ៉ាង​ថ្នឹក​មុន​ពេល​មានឈ្មោះ​ឡើង​ប្រដាល់ និង​ត្រូវ​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​ជាមួយ​នឹង​គ្រូ​ថៃ និង​បរទេស​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ផង មុន​ពេល​នាង​មក​លេង​ស្រុក​កំណើត​ខាង​ម្ដាយ ដើម្បី​មក​សិក្សា​ស្វែង​យល់​ពី​ក្បាច់គុន​ខ្មែរ ។ ក្នុង​ពេល​បង្ហាញខ្លួន លោក កែវ រំ​ចង់ បាន​កំដរ​នាង​ហ្វឹកហាត់ ធ្វើ​ឱ្យ​នាង​ទទួល​បាន​បទ​ពិសោធន៍​និង​យល់​ដឹង​ពី​ក្បាច់គុន​របស់​ខ្មែរ​ច្រើន​ណាស់​ដែរ បើ​ទោះជា​នាង​មិនមែន​ជា​កីឡាការិនី​ផ្នែក​ប្រដាល់សេរី ឬ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​ត្រូវ​ស្វែង​យល់​កាន់តែ​ច្រើន​ពី​ទម្រង់​ក្បាច់គុន​បុរាណ​ខ្មែរ​ក្ដី ។

នៅ​ក្នុង​ទឹកដី​អា​មេ​រិ​ក នាង​ប្រកួត​ទាំង​ប្រដាល់សេរី យូរ​ៗ​ម្ដង​ប្រដាល់​សាកល និង​ភាគ​ច្រើន​គឺ​ប្រដាល់​ដាក់​ទ្រុង​តែ​ម្ដង តែ​កញ្ញា​ត្រូវ​បាន​អះអាង​ថា គឺ​មាន​ជំនាញ​លើ​ផ្នែក​ប្រដាល់​គ្រប់​ទម្រង់​ច្បាស់លាស់ ដោយ​ឪពុក​ម្ដាយ​របស់​កញ្ញា ក៏​ជំរុញ​ទឹកចិត្ត​ឱ្យ​នាង​ចូល​ប្រឡូក​ក្នុង​ការ​ប្រដាល់​ឱ្យ​សស្រាក់សស្រាំ​ផង​ដែរ ទើប​នាង​វ័យក្មេង​ប៉ុន្តែ​ទាំង​រាង​កាយ និង​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​គឺ​ត្រូវ​គេ​អះអាង​ថា​ល្អមើល បើ​ទោះជា​ការ​ប្រកួត​របស់​នាង​មិន​ត្រូវ​បាន​គេ​ស្គាល់​ភាគច្រើន​នៅ​ស្រុក​ខ្មែរ​ក្ដី​។ នាង និង​គ្រួសារ​គឺជា​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង Stockton រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ហើយ​ការ​សិក្សា​របស់​នាង​ក៏​ល្អ​ផង​ដែរ គឺ​មិនមែន​ប្រឡូក​តែ​ប្រដាល់ ហើយ​មើល​រំលង​នូវ​ការ​សិក្សា​នោះ​ទេ​។

ការ​លេចមុខ​ក្មួយ​ស្រី​របស់​កែវ រំ​ចង់ នៅ​ក្នុង​ពិភព​ប្រដាល់ បាន​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​លោក​គឺជា​កីឡាករ​ល្បី​ហើយ​បែរជា​មាន​ក្មួយ​ស្រី​ស្រស់​​ស្អាត និង​មាន​ជំនាញ​ផ្នែក​ប្រដាល់​ច្បាស់លាស់ ។ កែវ រំ​ចង់ បាន​បង្ហាញ​មោទន​ភាព​យ៉ាង​ខ្លាំង​ដែល​លោក​មាន​អ្នក​ស្នង​តំណែង​នៅ​ក្នុង​ពិភព​ប្រដាល់ បើ​ទោះជា​មិន​ទាន់​ដឹង​ថា​តើ​ក្មួយ​ស្រី​លោក​នឹង​បន្ត​ចាប់​អាជីព​នេះ​បាន​ដល់​ពេល​ណា ។ នាង​ត្រូវ​ឡើង​ប្រកួត​ក្នុង​ពិភព​ប្រដាល់​នៅ​ស្រុក​ខ្មែរ​ក្នុង​ពេល​បង្ហាញខ្លួន ប៉ុន្តែ​ដោយសារ​តែ​មានការ​បន្ទាន់​ត្រូវ​ចេញ​ទៅ​ថៃ ក៏​មិន​ទទួល​ប្រកួត​វិញ ។ តាម​រយៈ​វី​ដេ​អូ​ការ​ប្រកួត​នៅ​លើ​ហ្វេ​ស
ប៊ុ​ក​ឯកជន​របស់​នាង គឺ​នាង​ជា​កីឡាការិនី​ដែល​មាន​សមត្ថភាព និង​មាន​ប្រវត្តិ​ប្រកួត​ច្រើន​គួរសម ។

លោក Mattsophi Stephenson ជា​ជនជាតិ​អា​មេ​រិ​ក និង​ជា​ឪពុក​នាង Samontha ធ្លាប់​បាន​បញ្ជាក់​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹង​ថា កូនស្រី​របស់​លោក​ស្រឡាញ់​ការ​​ប្រដាល់​ខ្លាំង​ណាស់ ហើយ​លោក​មិន​គិត​ថា​កូនស្រី​មិន​គួរ​នឹង​ចាប់​អាជីព​ប្រដាល់​នោះ​ដែរ ទើប​លោក​ជំរុញ​ចាប់តាំងពី​ដឹង​ថា​នាង​មាន​និស្ស័យ មាន​ចំណូលចិត្ត និង​ចង់​ឱ្យ​នាង​យក​គំរូ​តាម​ប្អូនថ្លៃ កែវ រំ​ចង់ ផង ។ ក្នុង​នោះ​សូ​ម្បី​តែ​ភរិយា​របស់​លោក​ដែល​ជា​ម្ដាយ​របស់​នាង​ដែល​ភាគច្រើន​គឺ​មិន​ចង់ឱ្យ​កូនស្រី​ប្រឡូក​ការ​ប្រដាល់​នោះ ក៏​បាន​ជំរុញ​ដែរ​ទើប​ធ្វើ​ឱ្យ​កូនស្រី​លោក Samontha បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ខ្លាំង​ៗ តំណាង​ឱ្យ​កម្ពុ​ជានា​ពេល​កន្លង​មក ។

កីឡាការិនី​រូប​នេះ​និង​ឪពុក​របស់​នាង​បាន​មក​ដល់​កម្ពុជា​តាំងពី​ថ្ងៃ​ទី​៦ ខែមករា ម្ល៉េះ និង​បាន​ហ្វឹកហាត់​មួយ​រយៈពេល​កន្លង​ទៅ​នេះ​ដែរ​ជាមួយ កែវ រំ​ចង់ នៅ​ក្លិប​ប្រដាល់​ក្រសួង​ការពារជាតិ នៅ​ក្លិប Cambodia Top Team និង​នៅ​ឯ​បាត់ដំបង តែ​នាង​គ្រោង​ចេញ​ទៅ​អា​មេ​រិ​ក​វិញ​ក្នុង​ពេល​ឆាប់​ៗ បន្ទាប់​ពី​នាង​បញ្ចប់​បេសកកម្ម​នៅ​លើ​ទឹកដី​ប្រទេស​ថៃ ។

កែវ រំ​ចង់ បាន​អះអាង​ថា ដោយ​មាន​ក្មួយ​ស្រី​ជា​អ្នក​ប្រដាល់​ដែល​យក​គំរូ​តាម​លោក ធ្វើ​ឱ្យ​លោក​កាន់តែ​មាន​កម្លាំងចិត្ត​លើ​សង្វៀន តែ​លោក​ទទួល​ប្រកួត​តែ​ក្នុង​ព្រឹ​ត្ត​ការណ៍​ធំ​ៗ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ