ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​អត់​ចង្កូត​រំពឹង​ថា​នឹង​ធ្វើ​ចរាចរណ៍​នៅ​ឆ្នាំ​2019

6 ឆ្នាំ មុន

ឆ្នាំ​ថ្មី​ទើបតែ​ចាប់ផ្តើម ស្រាប់តែ​ក្រុមហ៊ុន General Motors (GM) សម្លឹង​មើល​រហូត​ដល់​ឆ្នាំ​២០១៩ នៅ​ពេល​ដែល​ខ្លួន​នឹង​អនុវត្ត​ជំហាន​បន្ទាប់​សម្រាប់​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ។ ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​កមួយ​នេះ គ្រោង​នឹង​បញ្ចេញ​មុខមាត់​រថយន្ត…

ឆ្នាំ​ថ្មី​ទើបតែ​ចាប់ផ្តើម ស្រាប់តែ​ក្រុមហ៊ុន General Motors (GM) សម្លឹង​មើល​រហូត​ដល់​ឆ្នាំ​២០១៩ នៅ​ពេល​ដែល​ខ្លួន​នឹង​អនុវត្ត​ជំហាន​បន្ទាប់​សម្រាប់​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ។ ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​កមួយ​នេះ គ្រោង​នឹង​បញ្ចេញ​មុខមាត់​រថយន្ត Cruise AV ដែល​ជា​រថយន្ត​គ្មាន​ចង្កូត ហើយ​អាច​បើកបរ​ដោយ​គ្មាន​ការ​បញ្ជា​ពី​មនុស្ស។

ដំណឹង​នេះ​បាន​មក​ពី​ការ​ប្រកាស​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ពី​ការ​ស្នើ​សុំ​ទៅ​ដល់​ក្រសួង​ដឹក​ជញ្ជូន​សហរដ្ឋអាមេរិក សម្រាប់​ការ​អនុញ្ញាត​ឲ្យ​រថយន្ត Cruise AV ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៅ​ដើមឆ្នាំ​ក្រោយ ។

ក្រុមហ៊ុន GM ចេញ​លក់​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ប្រភេទ Cruise តាំងពី​ឆ្នាំ​២០១៦ ហើយ​ចាប់តាំងពី​ពេល​នោះ​មក រថយន្ត​ទាំងនោះ​បាន​បើក​លើ​ផ្លូវ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា រដ្ឋ​អា​រី​ហ្សូ​ណា និង​មី​ឈី​ហ្គិ​ន សម្រាប់​ការ​ធ្វើតេស្ត ហើយ​រថយន្ត​ទាំងនេះ​អាច​នឹង​មាននៅ​ទីក្រុង​ញូ​វ​យ៉​ក​ឆាប់​ៗ​នេះ ។

ភាព​ខុស​គ្នា​ដ៏​ធំ​រវាង​រថយន្ដ Cruise ដែល​មាន​ស្រាប់ និង Cruise AV នា​ពេល​ខាង​មុខ​នេះ​គឺថា ជំនាន់​ថ្មី​ទី​៤​នេះ អាច​គ្រប់គ្រង​ការ​បើកបរ​បាន​ទាំងស្រុង​ដោយ​មិន​ចាំបាច់​មាន​អ្នក​បើក ។ ម្យ៉ាងទៀត វា​គ្មាន​ចង្កូត​នោះ​ទេ ។

ក្រុមហ៊ុន General Motors បាន​អះអាង​ថា រថយន្ត​ដែល​នឹង​បង្កើត​ឡើង​នេះ អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អាច​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ត​មិន​ខ្វល់​ពេល​ស្ទះចរាចរណ៍ និង​អាច​ជួយ​ឲ្យ​ជន​ពិការ​បើកបរ​រថយន្ត​បាន​ស្រួល​ផង​ដែរ ។

ប្រសិនបើ​ខាង​ក្រសួង​ដឹក​ជញ្ជូន​សហរដ្ឋអាមេរិក​យល់ព្រម​លើ​ការ​ស្នើ​សុំ​របស់ GM នោះ គេ​នឹង​អាច​ឃើញ​រថយន្ត​ប្រភេទ​នេះ​ក្នុង​ពេល​ឆាប់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ