ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្កាយ​រណប «​តេ​ជោ​1» នឹង​បើក​កិច្ច​សម្របសម្រួល​បច្ចេកទេស​នៅ​ខែកុម្ភៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា​កិច្ច​សម្រប​សម្រួល​​បច្ចេកទេស ស្ដី​ពី គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​(​តេ​ជោ​១) ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​កំពូល​«​មេគង្គ​-​ឡាន​ឆាង​» កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​តាម​ផែនការ នឹង​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា​កិច្ច​សម្រប​សម្រួល​​បច្ចេកទេស ស្ដី​ពី គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​(​តេ​ជោ​១) ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​កំពូល​«​មេគង្គ​-​ឡាន​ឆាង​» កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​តាម​ផែនការ នឹង​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ ខាង​មុខ​នេះ ។

ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៧ មក​រា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​សម្របសម្រួល​ជា​មួយ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ទៅ​លើ​ផ្នែក​បច្ចេកទេស​នៅ​ខែកុម្ភៈ ដើម្បី​កំណត់​ផែនការ​បន្ទាប់ និង​សារ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​គម្រោង​មួយ​នេះ ។ ទោះបី​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ ។

លោក​បណ្ឌិត ខូ​វ មក​រា មន្ត្រី​រូប​នេះ​បាន​បន្ដ​ថា ៖« គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប «​តេ​ជោ​១» មិន​ទាន់​កំណាត់​ថា​អាច​បង្ហោះ​បាន​នៅ​ឆ្នាំ​ណា​ឱ្យ​ប្រាកដ​បាន​ទេ ដោយ​ត្រូវ​ឆ្លង​កាត់​​កិច្ច​សម្របសម្រួល​ជា​មុន​សិន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែកុម្ភៈ ព្រោះ​វា​មានរឿង​ត្រូវ​ពិភាក្សា​គ្នា​ច្រើន​ដើម្បី​កំណត់​ពី​តម្រូវការ​បច្ចេកទេស ដែល​យ៉ាង​ហោច​ណាស់ ត្រូវការ​ពេលវេលា​រៀបចំ​ពី​២​ទៅ​៣​ឆ្នាំ » ។

គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយទៀត បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ចុងឆ្នាំ​២០១៦ ក្នុង​ឱកាស​សម្ពោធ​អគារ​ទី​ស្ដី​ការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មា​នទី​តាំងនៅ​ជាប់​សាលា​រាជធានី​ភ្នំពេញ ។

ប្រសិនបើ​គម្រោង​នេះ បាន​ទទួល​ជោគជ័យ​នោះ កម្ពុជា​នឹង​មាន​ផ្កាយ​រណប​ប្រើប្រាស់​ផ្ទាល់ខ្លួន​សម្រាប់​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រទេស​ជាតិ សន្ដិសុខ និង​សេដ្ឋកិច្ច​ក្នុង​សង្គម ។ ជាមួយ​គ្នា​នេះ នៅ​ទូ​ទាំង​ប្រទេស​នឹង​គ្របដណ្ដប់​ដោយ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត ខណៈ​បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​ពុំ​ទាន់​មាន​វិសាលភាព​ទូលំទូលាយ​នៅឡើយ ពិសេស​នៅ​តំបន់​ជនបទ ។

លោក​បណ្ឌិត ខូ​វ មក​រា ថ្លែង​ថា គម្រោង​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ ។ លោក​ថា ៖« ក្នុង​ផ្នែក​សេដ្ឋកិច្ច យើង​អាច​ប្រើប្រាស់​ផ្កាយ​រណប​ក្នុង​ការ​ផ្សព្វផ្សាយ​សោត​ទស្សន៍​, យើង​អាច​ប្រើប្រាស់​ផ្កាយ​រណប​ដើម្បី​ត​ភ្ជាប់​នឹង​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន ដែល​ត្រូវការ​ត​ភ្ជាប់​បណ្តាញ​ទូរគមនាគមន៍ ។ លើស​ពី​នេះ ប្រព័ន្ធ​ផ្កាយ​រណប​នឹង​ដើរតួ​នាទី​ជំនួស​នៅ​ពេល​បណ្តាញ​ទូរគមនាគមន៍​នៅ​លើ​ដី​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​គ្រោះ​ធម្មជាតិ » ។

គួរ​រំឭក​ថា ក្នុង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តី​ពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ដំបូង​គេ​បំផុត​របស់​កម្ពុជា ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន ។

គម្រោង​នេះ ក្រោម​ការ​វិនិយោគ​រួម​គ្នា​រវាង ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប និង​សាជីវកម្ម​ឧស្សាហ​កម្ម​មហាកំពែង​ចិន ដែល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១៥០​លាន​ដុល្លារ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន លោក ត្រាំ អុ​ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍ បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​​គមនាគមន៍ និង​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​នេះ ។ បន្ទាប់​ពី​ចុះ​ហត្ថ​លេខា​នេះ ក្រុមការងារ​មួយ​ក្រុម​ដែល​បង្កើត​ឡើង​រួចរាល់​ហើយ នឹង​ធ្វើការ​សិក្សា​វាយ​តម្លៃ​អំពី​កិច្ច​ដំណើរការ​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ទៅ​អវកាស ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ក្រុមការងារ​នេះ នឹង​ត្រូវ​ប្រើប្រាស់​ពេលវេលា​២​ឆ្នាំ​កន្លះ​ដើម្បី​កំណត់​ទីតាំង និង​រៀបចំ​ឧបករណ៍​ឈាន​ដល់​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ទៅ​លើ​អវកាស ហើយ​ផ្កាយ​រណប​នោះ​មាន​អាយុកាល​ប្រើប្រាស់​រយៈពេល​១៥​ឆ្នាំ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ