ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​វិហារ​ស្រូប​​បាន​អ្នក​ទេស​ចរ​កើន​ឡើង​ជាង​ឆ្នាំ​ចាស់​63,20%​ ដោយ​សារ​សក្តា​នុពលផ្នែក​​វប្ប​ធម៌​និង​ធម្ម​ជាតិ​ជាច្រើន​កន្លែង​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ​​លោក​គង់ វិបុល ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​វិហារ​ បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​១១​ខែ គិត​ចាប់​ពី​ខែ​មករា មក​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១២នេះ ចំនួន​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ទៅ​ទស្ស​នា​ខេត្ត​ព្រះ​វិហារ​សរុប​១៨៥.៨៧​នាក់ ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​ គឺ​កើន​ឡើង​ដល់​ទៅ​​៦៣,២០% ​ឯណោះ ។ ក្នុង​ចំណោម​ភ្ញៀវ​ទាំង​នោះ​​លោក​​ប្រធាន​មន្ទីរ​​បញ្ជាក់​​ថា ភ្ញៀវ​ជាតិ​សរុប

ខេត្ត​ព្រះ​វិហារ ៖ ​​លោក​គង់ វិបុល ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​វិហារ​ បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​១១​ខែ គិត​ចាប់​ពី​ខែ​មករា មក​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១២នេះ ចំនួន​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ទៅ​ទស្ស​នា​ខេត្ត​ព្រះ​វិហារ​សរុប​១៨៥.៨៧​នាក់ ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​ គឺ​កើន​ឡើង​ដល់​ទៅ​​៦៣,២០% ​ឯណោះ ។ ក្នុង​ចំណោម​ភ្ញៀវ​ទាំង​នោះ​​លោក​​ប្រធាន​មន្ទីរ​​បញ្ជាក់​​ថា ភ្ញៀវ​ជាតិ​សរុប​ ១៦៩.​៣០១​​នាក់ ​និង​ភ្ញៀវ​​អន្តរ​ជាតិ​​សរុប​​១៦.៥៨៦​​នាក់ ​។ ​​

សម្រាប់​ឆ្នាំ​២០១៣​​ដោយ​ផ្អែក​លើ​ផែន​ការ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋា​ភិបាល​លើ​វិស័យ​ទេស​ចរ​ណ៍​​ ឬ​​ឧស្សាហ​កម្ម​​បៃតង​ លោក​ប្រធាន​មន្ទីរ​ជឿ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ​នឹង​ចូល​មក​កាន់​តំបន់​សក្តា​នុពល​រមណីយដ្ឋាន​ខេត្ត​ព្រះវិហារ​​​កើន ឡើង​ក្នុង​ចន្លោះ​ពី​​២៥ម៉ឺន​ទៅ​៣០​ម៉ឺន​នាក់ ។ លោក​ប្រធាន​មន្ទីរ​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​េខត្ត ក្នុង​ការ​ពង្រីក​អាហារ​ដ្ឋាន​ ផ្ទះ​សំណាក់នៅ​ក្នុង​ខេត្ត​នៅ​តាម​តំបន់​រមណីយ​ដ្ឋាន​នានា ក៏​ដូច​ជា​ការ​ថែ​ទាំ​ផ្លូវ​ទៅ​កាន់​​តំបន់​សក្តា​នុពល​ទេសចរណ៍​ទាំង​នោះ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​ដំណើរ​​ទស្សនាចរ​របស់​ភ្ញៀវទាំង​​រដូវប្រាំង ​និង​វស្សា ។

ខេត្ត​ព្រះ​វិហារ​មាន​រមណីយ​ដ្ឋាន​វប្បធម៌​ ប្រវត្តិ​សាស្រ្ត​ជាង​៩០​កន្លែង ក្នុង​នោះ​មាន​ប្រាសាទ​ធំៗ​គួរ​ឱ្យ​ចាប់​ចិត្ត​ចំនួន​បី​ក្នុង​សម័យ​អង្គរ ​ គឺ​​ប្រាសាទ​ព្រះ​វិហារ ប្រាសាទ​កោះ​កេរ្ដិ៍ និង​ប្រាសាទ​បាកាន ។ ខេត្ត​ព្រះវិហារ​ក៏​មាន​ជម្រក​​សហគមន៍​ជា​ច្រើន​នៃ​ជន​ជាតិ​កុល​សម្ព័ន្ធ​តំបន់​ភ្នំ​ផង​ដែរ ។ប្រាសាទ​កោះ​កេរ្ដិ៍​គឺ​ជា​អតីត​រាជ​ធានី​របស់​​ខ្មែរ​ដែល​ស្ដេច​ជ័យ​វរ័្មន​ទី​៤​​បាន​កសាង​រាជ​ធានី​នេះ​ក្នុង​ឆ្នាំ​៩២១​។ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ត្រូវ​បាន​កប់​បាត់​ទៅ​ក្នុង​ព្រៃ​ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​បាន ។ ​ចំពោះ​​ប្រាសាទ​ព្រះវិហារ​​​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ជូន​ព្រះ​សិវៈ ​ហើយ​មាន​ទីតាំង​នៅ​លើ​គែម​តំបន់​ខ្ពង់​រាប​ ប្រទេស​កម្ពុជា​ ។

ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​មាន​ព្រះ​វិហារ​ភ្ជាប់​គ្នា​ដោយ​ប្រព័ន្ធ​នៃ​កម្រាល​ថ្ម និង​ជណ្ដើរ​ដែល​មាន​បណ្ដោយ​ចំណោត​ជាង​៨០០​ម៉ែត្រ និង​មាន​កាល​បរិច្ឆេទ​នៅ​ពាក់​កណ្ដាល​ទី​១​​នៃ​សតវត្សរ៍​ទី​១១ ។ ទោះ​បី​ជា​យ៉ាង​ណា ​សំណង់​​ប្រវត្តិ​សាស្រ្ត​នេះ​សាង​សង់​តាំង​ពី​សត​វត្សរ៍​ទី​៩​ ម៉្លេះ ។​មានភាពមិន​ធម្មតាមួយសម្រាប់គុណ​ភាព​នៃ​ស្ថាបត្យ​កម្ម​របស់​ប្រាសាទ​ព្រះ​វិហារ​ដែល​ប្រើ​ប្រាស់​បរិស្ថាន​ធម្មជាតិ និង​ព្រហ្មញ្ញ​សាសនា​សម័យ​​មុន ក៏​ដូច​ជា​គុណ​ភាព​មិន​ធម្មតា​នៃ​ការ​តុប​តែង​​ចម្លាក់​ថ្ម ។

ចំណែក​ប្រាសាទបាកាន​ ជា​សំណង់​ដែល​មាន​មាត្រ​ដ្ឋាន​ធំ​សម្បើម​បំផុត​មាន​ទី​តាំង​នៅ​ជ្រុង​និរតី​នៃ​ខេត្ត​ព្រះវិហារ​ ។ ប្រាសាទ​នេះ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​៤​ដង​ធំ​ជាង​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​បារាយណ៍​ប្រវែង​៣​គីឡូម៉ែត្រ និង​មាន​ប៉ម​ប្រាសាទ​ជាច្រើន​ ។ ប្រាសាទ​បាកាន​បើ​តាម​ប្រវត្តិ​គឺ​ជា​កន្លែង​ស្ល​ពល​សម័យ​ដើម ។

កាល​ពី​ជាង​​២០​ឆ្នាំ​មុន​ប្រាសាទ​នេះ​បាន​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ដោយសារ​តែ​មាន​​ឈ្មួញ​ទុច្ច​រិត​ដាប់​យក​បដិមា​​ទៅ​លក់​នៅ​ទីផ្សារ​ងងឹត​ និង​កម្រ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​ទៅ​ទស្សនា​ណាស់ ។ បច្ចុប្បន្ន​​ ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋា​ភិបាល​បាន​ស្ថាបនា​ផ្លូវ​ថ្នល់​​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​នោះ ក៏ដូចជា​​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ធ្វើ​ដំណើរ​ទៅ​ទស្សនា​​​ប្រាសាទ​​បាកាន ។ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​​ទៅ​ទស្សនា​ទី​នោះ​យ៉ាង​ច្រើន។​
​ខេត្តព្រះវិហារ​មិន​ត្រឹម​តែ​មាន​តំបន់​ទេស​ចរណ៍​ប្រវត្តិ​សាស្រ្ត​ប៉ុណ្ណោះ​ទេ រីឯ​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​វិញ​ ក៏​​មាន​ច្រើន​កន្លែង​​ដែរ ក្នុង​នោះ​មាន​ទឹក​ធ្លាក់​ព្រះនិមិត្រ ​មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​ឆែប​ក្នុង​ដង​​ទន្លេ​មេគង្គ​លើ​ ជាប់​ព្រំ​ដែន​​​ឡាវ ​។​

រមណីយ​ដ្ឋាន​ទឹកធ្លាក់​តេជោ​បុស​ស្បូវ​​មាន​ទី​តាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដង​រែក រមណីយដ្ឋាន ជួរ​ភ្នំ​ត្បែង​ដែល​មាន​គម្រប​បៃតង​​គួរ​ឲ្យ​ចង់​គយ​គន់​ដោយ​មាន​បណ្តោយ​ប្រមាណ​ជា​៥០​គីឡូ​ម៉ែត្រ​ គឺ​ជា​កន្លែង​ដែ​ល​​សម្បូ​រ​ទៅ​ដោយ​តេជះ​​បារមី​​សក្តិ​សិទ្ធិ​ ។ ក្នុង​មួយ​ឆ្នាំៗ​ មនុស្ស​រាប់​ម៉ឺន​ នាក់​​​បាន​ឡើង​ទៅ​លើ​​កំពូល​ភ្នំ​ត្បែង ដើម្បី​បួង​សួង​​​ដល់​​បារមី​សក្តិ​សិទ្ធិ​ឲ្យ​តាម​បី​បាច់​ជួយ​ថែ​រក្សា​ និង​ចៀស​ឆ្ងាយ​ពី​ឧប​ទ្រព​ចង្រៃ​ និង​ទទួល​បាន​មក​វិញ​នូវ​ភាព​សុខ​ចម្រើន​​ ។ ​

បើសិន​ជា​ភ្ញៀវ​​ទេសចរ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៦២​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​​កាន់​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្រ្ត​ប្រាសាទ​ព្រះ​វិហារ​​​ដល់​​ភូមិ​ភ្នំ​ដែក​ នឹង​បាន​គយ​គន់​ទេស​ភាព​ដ៏​ត្រជាក់​ភ្នែក​នេះ​​នៃ​សម្រស់​ជួរ​ភ្នំត្បែង​លាត​សន្ធឹង​ជាប់​ខណ្ឌ​សីមា​​រវាង​ស្រុករវៀង សង្គមថ្មី គូលែន ត្បែងមានជ័យ និង​ក្រុង​ព្រះ​វិហារ​ ។ មិន​តែ​ប៉ុណ្ណោះ​​នៅ​តាម​ជើង​ភ្នំ​នៃ​រមណីយ​ដ្ឋាន​ជួរ​ភ្នំ​ត្បែង​ក៏​​សម្បូរ​ទៅ​ដោយ​ទឹក​ធ្លាក់​​ជាច្រើន​​​ ។ ​ភ្ញៀវ​ទេសចរ​ជាតិ ក៏​ដូច​​ជា​អន្តរ​ជាតិ​ ពេល​ទៅ​ដល់​តំបន់​នោះ​​ហើយ​ គឺ​ពិត​ជា​មិន​ចង់​ត្រឡប់​ក្រោយ​វិញ​ទេ ។

ដោយឡែកនៅឯរមណីយដ្ឋានជួរភ្នំដងរែក​វិញ​ ​ជា​កន្លែង​ដែល​សម្បូរ​ទៅ​​ដោយ​បារមី​សក្តិ​​សិទ្ធិ​ខ្លាំង​ពូកែ​ណាស់​​ ជាពិសេស​គឺ​តំបន់​វប្ប​ធម៌​ប្រវត្តិ​សាស្រ្ត​​ប្រាសាទ​ព្រះ​វិហារ​ដែល​មាន​លោក​មេទ័ព​ឌី​ ​មាន​តេជះបារមី​ខ្លាំ​ងពូកែ​ ជា​អ្នក​​ឃុំ​គ្រង​ថែរក្សា​តំបន់​នោះ ប្រឆាំង​ទៅ​នឹង​ចោរ​ឈ្លាន​ពាន​សៀម​ដែល​ប៉ុន​ប៉ង​លួច​​ប្លន់​យក​ប្រាសាទ​ព្រះវិហារ​ ដែល​ជា​របស់​ខ្មែរ​មិន​ឲ្យ​បាត់​បង់​ឡើយ ។
ក្នុងអំឡុងខែវិច្ឆិកា នៅ​​តំបន់​​វប្បធម៌​ប្រវត្តិ​សាស្រ្ត​ ប្រាសាទ​ព្រះវិហារ​ ប្រាសាទ​កោះ​កេរ្ដិ៍ ប្រាសាទ​បាកាន ក៏​ដូច​ជា​​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​​ជាច្រើន​កន្លែង​ទៀត​គឺ​សម្បូរ​ទៅ​ដោយ​​ភ្ញៀវ​ ទេសចរ​​ជាតិ​ និង​អន្តរ​ជាតិ​ទៅ​ទស្សនា​​​ច្រើន​កុះករ ៕