ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​អន្តរជាតិ​មក​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​ដោយ​ឥត​គិតថ្លៃ

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​អន្តរជាតិ ចម្រុះ​ជាតិ​សាសន៍​មក​ពី​សហរដ្ឋអាមេរិក កូរ៉េ ឥណ្ឌា អេ​ស៊ី​ប និង​វៀតណាម បាន​ជួយ​ធ្វើការ​ពិនិត្យ​ព្យាបាល និង​វះកាត់​ទៅ​លើ​ជំងឺ​មួយ​ចំនួន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា…

ខេត្តព្រះវិហារ ៖ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​អន្តរជាតិ ចម្រុះ​ជាតិ​សាសន៍​មក​ពី​សហរដ្ឋអាមេរិក កូរ៉េ ឥណ្ឌា អេ​ស៊ី​ប និង​វៀតណាម បាន​ជួយ​ធ្វើការ​ពិនិត្យ​ព្យាបាល និង​វះកាត់​ទៅ​លើ​ជំងឺ​មួយ​ចំនួន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ដោយ​មិន​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តព្រះវិហារ ដែល​កំពុង​ជួប​ការ​ខ្វះខាត​ទីទ័ល​ក្រ ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខុមាលភាព និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាជន​ក្រីក្រ​នៅ​ខេត្តព្រះវិហារ ។

នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ នេះ លោក​វេជ្ជបណ្ឌិត សុក វាសនា ប្រធាន​មន្ទីរពេទ្យ​១៦​មក​រា ក្រុង​ព្រះ​វិហារ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់​អន្តរជាតិ ចម្រុះ​ជាតិ​សាសន៍​មាន​ដូច​ជា អា​មេ​រិ​ក កូរ៉េ ឥណ្ឌា វៀតណាម និង​អេ​ស៊ី​ប បាន​ចុះ​មក​ជួយ​ពិនិត្យ​ព្យាបាល វះកាត់​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ ដែល​មានបទពិសោធន៍ បច្ចេកទេស​ខ្ពស់​ក្នុង​ការងារ​វះកាត់​ប្រកបដោយ​ជំនាញ​ស្តង់ដារ​អន្តរជាតិ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ពិនិត្យ​ព្យាបាល វះកាត់​ព្យាបាល​ជំងឺ​នេះ មាន​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​អ្នក​ជំ​ងៃ​ដែល​មក​ពិនិត្យ​ព្យា​ល​បាល​វះកាត់​ភាគច្រើន​មាន​ប្រភេទ​ជំងឺ​ក្លន ដុំ​ខ្លាញ់ និង​ដុំ​ពក​លើ​សាច់ ។ ប្រធាន​មន្ទីរពេទ្យ​បញ្ជាក់​ទៀត​ថា ចាប់តាំងពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ នេះ អ្នកជំងឺ​ដែល​ទទួល​បានការ​វះកាត់​បាន​ទទួល​ជោគជ័យ ពុំ​មាន​បញ្ហា​អ្វី​ឡើយ ហើយ​បច្ចុប្បន្ន​នេះ ក្រុម​គ្រូពេទ្យ​បរទេស​ទាំង​អស់នេះ កំពុង​បន្ត​វះកាត់​ព្យ​បាល​ជំងឺ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ ខាង​មុខ ។

ជាមួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត ថូ​ម៉ាស ហ្វ្លូ​ដ (Thomas Flood) ជា​ជនជាតិ​អា​មេ​រិ​ក ប្រធាន​ក្រុម​គ្រូពេទ្យ ឯកទេស​វះកាត់​អន្តរជាតិ លើក​ឡើង​ថា បន្ទាប់​ពី​រូប​លោក​បាន​មក​ដល់​ទឹកដី​ខេត្តព្រះវិហារ ប្រទេស​កម្ពុជា និង​បាន​ជួប​ជាមួយ​អ្នកជំងឺ ឃើញ​ថា អ្នកជំងឺ​ទាំង​អស់នោះ មាន​ជំងឺ​ជា​ច្រើន​ត្រូវ​ធ្វើការ​វះកាត់ ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​នូវ​សេវា​វះកាត់ ។ លោក​ថា ប្រភេទ​ជំងឺ​ដូច​ជា ជំងឺ​ក្លន ដែល​កើត​មាន​ទាំង​នៅ​លើ​ក្មេង និង​មនុស្ស​ចាស់ ដោយឡែក​ជំងឺ​ផ្សេង​ទៀត​មាន​ដូច​ជា​ជំងឺ​ជាប់​ម្រាមដៃ​ជាដើម ដែល​តម្រូវ​ឲ្យ​វះកាត់ តែ​ដោយសារ​តែ​ពលរដ្ឋ​ខ្លះ​ពុំ​មាន​លទ្ធភាព​ធ្វើការ​វះកាត់ ព្រោះតែ​ពួក​គាត់​ទីទ័ល​ក្រ ដូច្នេះ​ហើយ​ទើប​លោក​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ឯកទេស​ដែល​មាន​ជំនាញ​ជា​ច្រើន​ឆ្នាំ ដែល​ធ្វើការ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ ដើម្បី​មក​ជួយ​ធ្វើការ​វះកាត់​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ ក្រីក្រ​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ និង​វះកាត់​ដោយ​មិន​គិតថ្លៃ ។

លោក ប៉ិច ភា​រ៉ូ រស់នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ បាន​លើក​ឡើង​ថា រូប​លោក​បាន​នាំ​កូនប្រុស​របស់​លោក​ដែល​មាន​ជំងឺ​ធ្លាក់​សរសៃ​ពង ដែល​ហៅ​ម្យ៉ាងទៀត​ជា ជំងឺ​ក្លន មក​ធ្វើការ​ពិនិត្យ និង​វះកាត់​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​បរទេស ដែល​មាន​ជំនាញ​ខ្ពស់ និង​បាន​ធ្វើការ​វះកាត់​ជូន​កូន​របស់​លោក​បាន​ជោគជ័យ ។ លោក​ក៏​បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​បាន​នូវ​សេវា​ព្យាបាល​នេះ រួម​ជាមួយនឹង​ការ​រួសរាយ​រាក់ទាក់ និង​យកចិត្តទុកដាក់​ខ្ពស់​រវាង​ក្រុម​គ្រូពេទ្យ​ទាំងអស់ ជាមួយនឹង​អ្នកជំងឺ ។

គួរ​រំឭក​ថា កាលពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ខេត្តព្រះវិហារ​ក៏​មាន​ក្រុម​គ្រូពេទ្យ​អន្តរជាតិ​មក​ពី​ប្រទេស​អា​មេ​រិ​កមួយ​ក្រុម​បាន​ចុះ​មក​ជួយ​ធ្វើការ​វះកាត់​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ចំនួន​២​ថ្ងៃ​ផង​ដែរ ។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ នេះ អ្នកជំងឺ​ដែល​ទទួល​នូវ​សេវា​ព្យ​បាល វះកាត់​ជំងឺ នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ដោយ​ក្រុម​គ្រូពេទ្យ​អន្តរជាតិ​មក​ពី​បណ្តា​ប្រទេស​ចម្រុះ​ជាតិ​សាសន៍​នេះ មាន​ប្រមាណ​ជា​១២០​នាក់ ដែល​កំពុង​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ