ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​បង្កើត​ផ្សារ​ព្រំដែន​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​វៀតណាម​បាន​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត ដោយ​ចាប់ផ្ដើម​សហការ​គ្នា​បង្កើត​ផ្សារ​គំរូ​ព្រំដែន​មួយ​ដែល​មានឈ្មោះ​ថា «​ផ្សារ​ដា​» មា​នទី​តាំងនៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ជិត​២​ម៉ឺន​ម៉ែត្រការ៉េ ដោយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​២​លាន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​វៀតណាម​បាន​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត ដោយ​ចាប់ផ្ដើម​សហការ​គ្នា​បង្កើត​ផ្សារ​គំរូ​ព្រំដែន​មួយ​ដែល​មានឈ្មោះ​ថា «​ផ្សារ​ដា​» មា​នទី​តាំងនៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ជិត​២​ម៉ឺន​ម៉ែត្រការ៉េ ដោយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​២​លាន​ដុល្លារ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម ។

ការ​សាងសង់​ផ្សារ​នេះ នឹង​ជួយ​បង្កើត​ការងារ និង​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​ព្រំដែន ក៏​ដូច​ជា​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​កើនឡើង​ថែម​ទៀត ជា​ពិសេស នឹង​ជួយ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​កើន​ដល់​៥​ពាន់​លាន​ដុល្លារ តាម​ការ​គ្រោងទុក​នា​ពេល​អនាគត ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា និង​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១៦ មក​រា ម្សិល​មិញ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ផ្សារ​គំរូ​ព្រំដែន​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន និង​លើកកម្ពស់​ជីវ​ភាព​​ប្រជាពលរដ្ឋ​កម្ពុជា​-​វៀតណាម ហើយ​ក៏​ជា​ការ​ចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត
នៃ​ការ​ពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជា​ពិសេស​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន​៥​ពាន់​លាន​ដុល្លារ តាម​ផែនការមេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត ។

«​ខ្ញុំ​សង្ឃឹមថា ផ្សារ​នេះ​នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្រាប់​ដាក់​លក់ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម និង​របាំង​ពាណិជ្ជកម្ម​នានា ដែល​តែងតែ​រាំងស្ទះ​ដល់​ការ​ធ្វើ​ចរាចរណ៍​ទំនិញ និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា និង​វៀតណាម » ។ នេះ​ជា​ការ​គូសបញ្ជាក់​ពី​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ។

ឯកអគ្គរដ្ឋទូត​វៀតណាម លោក វ៉ូ ហ្គុ​ង​មិ​ញ បាន​លើក​ឡើង​ថា ការ​សាងសង់​ផ្សារ​ដា​ថ្ងៃនេះ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​៥០ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀត​ណាម ហើយ​ព្រឹត្តិការណ៍​នេះ នឹង​រួមចំណែក​ពង្រឹង​មិត្តភាព​ប្រពៃណី និង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត ។

លោក​សង្ឃឹមថា ៖« ការ​សាងសង់​ផ្សារ​នេះ នឹង​នាំ​មក​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា និង​វៀតណាម ហើយនឹង​ក្លាយជា​គំរូ​នៃ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត ប្រកបដោយ​ជោគជ័យ » ។

បើ​តាម​ក្រសួងពាណិជ្ជកម្ម គម្រោង​សាងសង់​ផ្សារ​នេះ ត្រូវ​បាន​អនុម័ត​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​បន្ត​អនុវត្ត​ឡើង​វិញ​នៅ​ឆ្នាំ​២០១៦ នៅ​លើ​ផ្ទៃដី​ទំហំ​១៩.៦២៨​ម៉ែត្រការ៉េ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ជាមួយ​ទុន​វិនិយោគ​សរុប​ចំនួន​៤៤​ពាន់​លាន​ដុ​ង ឬ​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម ។

របាយការណ៍​ក្រសួង​បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ គិត​ត្រឹម​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧ ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន​៣.៤៣៨​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​ត្រឹមតែ​២.៩២៦​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ក្នុង​ជំនួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ង្វៀ​ន សួន​ហ្វុ​ក នាយក​រដ្ឋមន្ត្រី​នៃ​វៀតណាម បាន​ជម្រាប​ជូន​សម្ដេច​ថា ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម បាន​កើនឡើង រហូត​ដល់​៣.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ គឺ​កើនឡើង​២៥% ក្នុង​នោះ​វៀតណាម​បាន​នាំ​ទំនិញ​កសិផល​របស់​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ ។

របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សរុប​ប្រមាណ​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ផលិតផល​វាយន​ភ័ណ្ឌ​នាំមុខ​គេ​ដែល​មាន​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជាទី​ផ្សារ​ធំ ។

យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនា​រី​យ៉ូ ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង ដោយ​នឹង​បន្ដ​បង្កើត​មជ្ឈ​មណ្ឌល​ដោះ​ដូរ​ទំនិញ ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ជា​ពិសេស​ប្រទេស​វៀតណាម​។​ជាក់ស្ដែង ផ្សារ​គំនូរ​មួយ​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​រវាង​កម្ពុជា និង​វៀតណាម​។ កម្ពុជា​ក៏​បាន​និង​កំពុង​សិក្សា​លទ្ធភាព​បន្ថែម​ក្នុង​ការ​សាងសង់​ផ្សារ​គំរូ​មួយទៀត​នៅ​ខេត្តកំពត ដើម្បី​សម្រួល​ដល់​ការ​ដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម​ផង​ដែរ ។

ក្រៅពី​នេះ ក្រសួងពាណិជ្ជកម្ម​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​រវាង​ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ​នៃ​ប្រទេស​ថៃ វៀតណាម ចិន កា​ណា​ដា ជប៉ុន កូរ៉េ​ខាងត្បូង ឥណ្ឌា និង​ពាណិជ្ជករ​មក​ពី​អឺរ៉ុប ដើម្បី​ជជែក​បង្កើន​ការ​វិនិយោគ​រួម​គ្នា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ