ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្គាល់​ប្រវត្តិ​ត្រួស​ៗ​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ7ដាន់ លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ បន្ទាប់​ពី​មានការ​ប្រកាស​ថា ​លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​រហូត​ដល់​៧​ដាន់​ខាង​ផ្នែក​កា​រ៉ា​តេ​ដូ…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ បន្ទាប់​ពី​មានការ​ប្រកាស​ថា ​លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​រហូត​ដល់​៧​ដាន់​ខាង​ផ្នែក​កា​រ៉ា​តេ​ដូ ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ដឹង​ថា​គឺជា​មន្ត្រីជាន់ខ្ពស់ និង​មានការ​ងារ​យ៉ាង​ណែន​ពេញដៃ ។ ជាមួយនឹង​កិត្តិយស​នៅ​ក្នុង​វិស័យ​កីឡា​គួរ​ឱ្យ​សរសើរ ងាក​មក​មើល​ប្រវត្តិ​របស់​លោក​ក៏​មិនធម្មតា​ផង​ដែរ ជា​ពិសេស​ប្រវត្តិ​សិក្សា និង​ការងារ​មក​ទល់​នឹង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា។

មក​ទល់​ពេល​នេះ គេ​នៅ​តែ​កោតសរសើរ​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចំនួន​៦​រួប​ដែល​សុទ្ធតែ​បាន​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​នៅ​ក្នុង​ប្រភេទ​កីឡា​ផ្សេង​គ្នា​។

ស្ថិត​ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី ជា​មន្ត្រីជាន់ខ្ពស់់​ក្នុង​ជួរ​រដ្ឋាភិបាល​បាល​ដែល​មានការ​មមា​ញឹក​ខ្លាំង តែ​បែរជា​នៅ​តែ​តស៊ូ​ជាមួយ​ការងារ​ក្បាច់គុន​រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ ។ ខ្សែក្រវាត់​ដែល​មន្ត្រី​ទាំង​៦​រូប​ទទួល​បាន សុទ្ធតែ​ជា​ខ្សែក្រវាត់​ផ្នែក​ប្រយុទ្ធ​មិនមែន​ជា​ខ្សែក្រវាត់​កិត្តិយស​ទេ ។ មន្ត្រី​ដែល​មាន​ខ្សែក្រវាត់​ខ្មៅ​ទាំង​៦​រូប​នោះ មាន​៤​រូប​ជា​រដ្ឋមន្ត្រី និង​២​រូប​ជា​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ឱកាស​ទទួល​បាន​ខ្សែក្រវាត់​របស់​មន្ត្រី​កម្ពុជា​ទាំង​៦ រូប​គឺជា​រឿង​កម្រ​មួយ​ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​ច្រើន​រូប ដោយសារ​តែ​ខ្សែក្រវាត់​ខ្មៅ​ដែល​មន្ត្រី​ទាំង​៦​ទទួល​បាន គឺ​សុទ្ធតែ​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ និង​គណៈកម្មការ​កីឡា​ដែល​ផ្ដល់​ឱ្យ​ក្នុងស្រុក ។

លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​អ្នក​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៧​ដាន់ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៦​ដាន់ លោក ប៉ាន់ សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​២​ដាន់ លោក ហង់ ជួនណារ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ផ្នែក​តេ​ក្វា​ន់​ដូ លោក កែវ រ៉េ​មីរដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៥​ដាន់ និង​មន្ត្រី​មួយ​រូប​ទៀត​នៅ​ក្នុង​ក្រសួង​អប់រំ​ផង​ដែរ គឺជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​កា​រ៉ា​តេ​ដូ​កម្រិត​៨​ដាន់ ។

យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​កោតសរសើរ​លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ច្រើន​ជាង ដោយសារ​តែ​លោក​គឺជា​មន្ត្រី​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋា​ភិបាល និង​មាន​ការងារ​ដកឃ្លា​មិន​រួច តែ​លោក​នៅ​តែ​អាច​ហ្វឹកហាត់ និង​ប្រកួត​យក​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៧​ដាន់ ដែល​ជា​កម្រិត​មួយ​ខ្ពស់​នៅ​ក្នុង​ប្រភេទ​កីឡា​មួយ​នេះ ។

លោក​ធ្លាប់​ថ្លែង​ថា​ការ​ហ្វឹកហាត់​ក្បាច់គុន​មួយ​នេះ លោក​បាន​តស៊ូ​តាំងពី​លោក​មិន​ទាន់​មានឱកាស​កាន់ការ​ងារ​ជា​មន្ត្រីជាន់ខ្ពស់​ម្ល៉េះ ដោយ​គ្រាន់តែ​ក្នុង​ពេល​នោះ​លោក​មិន​បាន​យកចិត្តទុកដាក់​ឱ្យ​ខ្លាំង ទាល់តែ​ដល់​ពេល​ពេញវ័យ​មើលឃើញ​ពី​ផលប្រយោជន៍​លេង​កីឡា ទើប​លោក​ប្រឹងប្រែង​បន្ត​រហូត​ទទួល​បាន​ជោគជ័យ ។ លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រហូត​ទទួល​បាន​ខ្សែក្រវាត់​យ៉ាង​មាន​កិត្តិយស​ដែល​មានការ​ទទួលស្គាល់​ដោយ​សហព័ន្ធ​កា​រ៉ា​តេ​ដូ​ជប៉ុន​ផង​ដែរ ។

លោក​បាន​ថ្លែង​ថា កីឡា​គឺជា​អ្វី​ដែល​លោក​ប្រកាន់ខ្ជាប់​ហើយ​បើ​ទោះជា​ក្នុង​ពេល​នេះ លោក​រវល់​ដកឃ្លា​មិន​រួច​យ៉ាងណា ក៏​ឆ្លៀត​ហ្វឹកហាត់​រំលឹក​ក្បាច់ និង​ធ្វើ​សកម្មភាព​បង្កើន​​សមត្ថភាព​របស់​ខ្លួន​ក្នុង​រយៈពេល​មួយ​ម៉ោង ឬ​មួយ​ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ​រាល់​ពេល​ទំនេរ​ផង​ដែរ ដើម្បី​កុំឱ្យ​ដៃជើង​ទៅ​ជា​ស្ទក់ និង​ភ្លេច​ក្បាច់គុន​។

លោក​កាន់តែ​សប្បាយចិត្ត​ទ្វេ​ដង បន្ទាប់​ពី​បាន​កាន់​តំណែង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កា​រ៉ា​តេ​ដូ ដែល​ធ្វើ​ឱ្យ​លោក​បាន​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយនឹង​សកម្មភាព​កីឡា​មួយ​នេះ​ដែល​អាច​ឱ្យ​លោក​ឆ្លៀតពេល​ហ្វឹកហាត់​ទ្វេ​ដង ។ លោក​បាន​ប្រកាស​ថា កីឡា​គឺជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​មិន​គួរ​ឃ្លាតឆ្ងាយ ។ ជាក់ស្ដែង​អ្វី​ដែល​លោក​ប្រឹងប្រែង​ដណ្ដើម​ឱ្យ​បាន​ខ្សែក្រវាត់​ខ្មៅ​ក្នុង​កម្រិត​៧​ដាន់​នេះ គឺជា​អ្វី​ដែល​លោក​ចង់​បំផុស​ឱ្យ​មានការ​ចាប់​អារម្មណ៍​លើ​វិស័យ​កីឡា​។

អ៊ីចឹង​ហើយ​ទើប​តាំងពី​លោក​មក​កាន់​ជា​ប្រធាន​សហព័ន្ធ​គឺ​វិស័យ​កីឡា​មួយ​នេះ​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន ដោយសារ​តែ​លោក​មាន​ជំនាញ​ច្បាស់លាស់​នៅ​ក្នុង​វិស័យ​នេះ​តែ​ម្ដង ។ លោក​នៅ​តែ​អះអាង​ថា សកម្ម​ក្នុង​កិច្ចការ​កីឡា​ដែល​ធ្វើ​ឱ្យ​វិស័យ​កា​រ៉ា​តេ​ដូ​កម្ពុជា​មានការ​រីក​ចម្រើន​ជា​ពិសេស​សម្រាប់​ការ​បណ្ដុះ​ធនធាន​កីឡាករក្មេង​ៗ​។

ងាក​មក​កាន់​ប្រវត្តិ​ត្រួស​ៗ​របស់​លោក​វិញ លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន ក៏​ជា​មន្ត្រី​ដែល​មាន​ប្រវត្តិ​សិក្សា និង​ការងារ​គួរ​ឱ្យ​សរសើរ​ផង​ដែរ ។ លោក​កើត​នៅ​ថ្ងៃ​ទី​១ តុលា ឆ្នាំ​១៩៦៥ នៅ​រាជធានី​ភ្នំពេញ ដោយ​លោក​អាច​និយាយ និង​ប្រើប្រាស់​ភាសា​អង់គ្លេស និង​រុ​ស្ស៊ី បាន​យ៉ាង​ស្ទាត់ជំនាញ ។ លោក​មានកូន​៤​នាក់ និង​ជា​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោ​បាយ​មក​ពី​មហាវិទ្យាល័យ​នៅ​ទីក្រុង​ម៉ូ​ស្គូ ប្រទេស​រុ​ស្ស៊ី ។

អំឡុង​ឆ្នាំ​១៩៩១ ដល់​១៩៩២ លោក​បាន​បញ្ចប់​កម្រិត Diploma on International Business នៅ​សាលា​ពាណិជ្ជកម្ម​របស់​ទីក្រុង​ម៉ូ​ស្គូ ប្រទេស​រុ​ស្ស៊ី​។ អំឡុង​ឆ្នាំ​១៩៨៤ ដល់​១៩៩០ លោក​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក Arts Social and Political Sciences, នៅ​ប្រទេស​រុ​ស្ស៊ី ទើប​លោក​បាន​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​វិស័យ​នេះ បន្ថែម​ពីលើ​ស្នាដៃ​ដែល​លោក​ដណ្ដើម​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៧​ដាន់​ផ្នែក​កា​រ៉ា​តេ​ដូ ។

បច្ចុប្បន្ន លោក​គឺជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កា​រ៉ា​តេ​ដូ បន្ទាប់​ពី​អំឡុង​ឆ្នាំ​២០០៣ ដល់​២០១៣ លោក​គ្រាន់តែ​ជា​រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច តែ​មាន​ស្នាដៃ​រាប់​មិន​អស់​នៅ​ក្នុង​ពេល​នោះ ។ តាំងពី​ឆ្នាំ​១៩៩៤ មក លោក​​គឺជា​មន្ត្រី​មួយ​រូប​ដែល​បាន​ហែល​ឆ្លង​ប្រវត្តិ​ការងារ​ក្នុង​ជួរ​មន្ត្រីជាន់ខ្ពស់​គួរ​ឱ្យ​សរសើរ​ផង​ដែរ ដោយ​ផ្ដើម​ចេញពី​ការងារ​ជា​ជំនួយការ​នាយក​រដ្ឋមន្ត្រី​នា​ពេល​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ