ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ស្ថាប័ន​អន្តរជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៨ នៅ​តែ​មាន​ភាពរឹងមាំ គឺ​៦,៩% ដោយសារ​វិស័យ​មួយ​ចំនួន​ដូច​ជា កាត់ដេរ​សម្លៀក​បំពាក់ សំណង់ និង​ទេសចរណ៍ ។…

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៨ នៅ​តែ​មាន​ភាពរឹងមាំ គឺ​៦,៩% ដោយសារ​វិស័យ​មួយ​ចំនួន​ដូច​ជា កាត់ដេរ​សម្លៀក​បំពាក់ សំណង់ និង​ទេសចរណ៍ ។ ក៏​ប៉ុន្តែ​បើ​តាម​ប្រសាសន៍​របស់​លោក វ​ង្សី វិស្សុត រដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ល្អ​ប្រសើរ ហើយ​មាន​តួលេខ​ខ្ពស់​ជាង​ការ​ព្យាករ​ទៅ​ទៀត ពោល​គឺ​លោក​រំពឹង​ថា នឹង​ទទួល​បាន​៧%​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។

ថ្លែង​ក្នុង​វេទិកាសាធារណៈ ស្ដី​ពី «​ថវិកា​ឆ្នាំ​២០១៨» ដែល​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​មាន​ប្រសាសន៍​បន្ត​ថា បើ​មើលទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​លើស​ពី​ការ​ព្យាករ​កន្លង​មក ដែល​កំណត់​ត្រឹម​៦,៩% ព្រោះ​វិស័យ​ចម្បង​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​តែ​រីក​ចម្រើន និង​រឹង​មាំ ។

លោក​ថា ៖« វិស័យ​មួយ​ចំនួន​ដែល​យើង​បាន​ព្យាករ​ហើយ​រំពឹង​ថា ថមថយ​នោះ​បែរជា​មិន​ថមថយ មិនតែប៉ុណ្ណោះ វា​រឹតតែ​កើនឡើង​ទៅ​ទៀត​។ ជាក់ស្ដែង វិស័យ​សំណង់ ដែល​យើង​គិត​ថា វា​អាច​ថមថយ​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ វា​នៅ​តែ​ដំណើរការ​ល្អ និង​មានការ​វិនិយោគ​ជា​បន្តបន្ទាប់ » ។

លោក​បន្ត​ថា ក្រៅពី​សំណង់​ជា​វិស័យ​រឹង​មាំ​មួយ​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា វិស័យ​កសិកម្ម ដែល​នៅ​ឆ្នាំ​កន្លង​មក​បាន​រួមចំណែក​តិចតួច​នោះ បច្ចុប្បន្ន វា​ហាក់ដូចជា​មាន​កំណើន​ជាង​ឆ្នាំ​មុន​ៗ ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​វិស័យ​កសិកម្ម ក៏​បាន​គ្រប់គ្រាន់​សម្រាប់​បណ្ដា​ខេត្ត​មួយ​ចំនួន ហើយ​មួយ​ចំនួន​ទៀត​ក៏​បាន​និង​កំពុង​បន្ត​អភិវឌ្ឍន៍ ដើម្បី​ឲ្យ​ការ​ស្រោចស្រព​ដំណាំ​កសិកម្ម​បាន​កាន់តែ​ច្រើន ។ ម្យ៉ាងទៀត ទេសចរណ៍​របស់​កម្ពុជា ក៏​ហាក់​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចំណូល​ពី​វិស័យ​នេះ​កើនឡើង​ខ្ពស់ ។

លោក​បន្ថែម​ថា ថ្វី​ត្បិត​តែ​កាត់ដេរ​ជា​វិស័យ​សំខាន់​មួយ​រួមចំណែក​ក្នុង​សេដ្ឋកិច្ច​កម្ពុជា មានការ​ថមថយ​កំណើន ក៏​ប៉ុន្តែ​បាន​ជំនួស​មក​វិញ​នូវ​វិស័យ​ឧស្សាហកម្ម ដែល​អាច​ផលិត​នូវ​របស់​មាន​តម្លៃ​ខ្ពស់​សម្រាប់​លក់​ចេញ ។

លោក​បញ្ជាក់​ថា សរុប​មក មាន​វិស័យ​ខ្លះ​មាន​កំណើន​ថមថយ ប៉ុន្តែ​វិស័យ​ខ្លះ​នៅ​តែ​រឹង​មាំ និង​ខ្លះ​ទៀត​មាន​កំណើន​ខ្ពស់​ខ្លាំង ។ ទាំងនោះ​ហើយ​ដែល​លោក​អះអាង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៨ នឹង​ទទួល​បាន​លើស​ពី​ការ​ព្យាករ ។

របាយការណ៍​របស់​ធនាគារពិភពលោក បាន​ចេញផ្សាយ​កាលពី​ពេល​កន្លង​ទៅ​នេះ​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៨ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ស្មើ​៦,៩% ក៏​ប៉ុន្តែ​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ក៏​អាច​នឹង​កើត​មាន​ឡើង​ផង​ដែរ​លើ​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ចិន ដោយ​បច្ចុប្បន្ន វិនិយោគិន​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​វិនិយោគិន​ចិន ហើយ​ភ្ញៀវ​ទេសចរ​ដែល​ឈរ​លំដាប់ថ្នាក់​លេខ​១​នៅ​កម្ពុជា ក៏​ជា​ភ្ញៀវ​ចិន​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ធនាគារពិភពលោក​ក៏​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​៦,៨% ក៏​ប៉ុន្តែ​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​៦,៩% ដែល​គាំទ្រ​ដោយ​វិស័យ​សំណង់ កាត់ដេរ ទេសចរណ៍ និង​ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ