ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូលដោះលែង​ជនជាប់ចោទ​​សម្លាប់​រស់ សុវណ្ណារ៉េត ​ប្រធានសហ​ជីព​​ឱ្យ​​នៅក្រៅឃុំ​​បណ្តោះអាសន្ន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពីព្រឹកថ្ងៃទី​​២ មីនា ២០១១ ​ប្រធានចៅក្រមជំនុំជម្រះ​​នៃតុលាការ​​កំពូល​គឺ​លោក​ខឹម ប៉ុន បានប្រកាស​សាល​​ដីកា​​ដោះលែង​​ជនជាប់​​ចោទ​ឈ្មោះ​​ថាច់ សាវ៉េត ហៅ​ជា សុភ័ក្រ ​ដែលជាប់ចោទ​ពី​​បទសម្លាប់​​ប្រធានសហជីពឈ្មោះ​​រស់ សុវណ្ណា​រ៉េត ​ឱ្យនៅ​ក្រៅ​ឃុំ​​​បណ្តោះអាសន្ន​​ ។ ការប្រកាស​ឱ្យស្ថិត​នៅ​​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នេះ​បាន​ធ្វើឡើង​​ក្រោយ​​​​ថាច់ សាវ៉េត ​ជា​ប់​ឃុំ​ឃាំង​​អស់រយៈ​ពេល​​៧​ឆ្នាំ​​នៅពន្ធនាគារ​ព្រៃស ។
ជនជាប់ចោទ​​ត្រូវ​បាន​ចោទប្រកាន់​​ពី​បទ​ព្រហ្មទណ្ឌ​​ក្នុង​​​ករណី​មនុស្សឃាត​​​លើឈ្មោះ​​រស់ សុវណ្ណារ៉េត ​ប្រធាន​សហជីព​កម្ម​ករ​នៅក្រុមហ៊ុន​​កាត់​​ដេរ​កុមារា​ទុហ្គា កាលពី​​​​ឆ្នាំ​២០០៤ ​។ លោក​ចៅ​ក្រម​ក៏​បាន​បញ្ជា​ឱ្យ​​សាលាឧទ្ធរណ៍​​ស៊ើប​អង្កេត​​​ និងធ្វើការ​​ជំនុំជម្រះ​​ឡើងវិញ ។ អ្នកស្រី​​ឃួន ​ផល្លី ម្តាយជន​​ជាប់ចោទ​​បាននិយាយ​​​ថា គាត់​​សប្បាយ​រីករាយ​​ណាស់​នៅ​ពេលដែល​​កូន​​របស់គាត់ត្រូវ​បានដោះលែង​​ឱ្យ​មាន​សេរីភាព​​បន្ទាប់ពីឃុំខ្លួនរយៈ​ពេល​​៧​ឆ្នាំ​យ៉ាង​អយុត្តិធម៌ ។ អ្នកស្រី​​បន្ត​ថា គេ​បាន​ចាប់​កូន​គាត់​ដាក់គុក​​ដោយ​​ចោទ​ពីបទ​សម្លាប់​​​​មនុស្ស​​ តែ​កូនគាត់​​​មិន​បាន​សម្លាប់​មនុស្ស​ដូច​​ការចោទប្រកាន់​​​ទេ ។​
មេធាវីជន​ជាប់ចោទ​​បានថ្លែង​​ថា កូនក្តី​របស់​​​លោក​អាច​​ត្រូវ​ដោះលែង​នៅពេល​​ណា​​សាល​ដីកា​​ដោះលែង​​ត្រូវ​បាន​បញ្ជូន​​ដល់​ពន្ធនាគារ ។​ គួរ​រំលឹក​​ថា កាលពីឆ្នាំ​​​២០០៤ បន្ទាប់ពី​​​លោក​ជា វិជ្ជា ​ប្រធាន​សហជីព​​សេរី​កម្ម​ករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ត្រូវ​បាន​ឃាត​កបាញ់​​សម្លាប់​​​នោះ ក្រោយ​​ពេល​​​គ្នា​បន្តិច​​បន្តួចនេះ ​លោក​រស់ សុវណ្ណា​រ៉េត ​ក៏​ត្រូវ​​បានឃាត​ក​បាញ់​​សម្លាប់​ដែរ ​នៅតាមផ្លូវ​​​សហព័ន្ធ​រុស្ស៊ី ​ហើយអាជ្ញាធរ​ប៉ូលិស​ចាប់ខ្លួន​​ជន​ជាប់​​ចោទ​​គឺឈ្មោះ​ថាច់ សា​វ៉េត ហៅ​​​ជា សុភ័ក្រ ៕