កងទ័ពអាកាសបារាំង បានបើកការវាយប្រហារមុនគេប្រឆាំងនឹងកងទ័ពរបស់មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី រយៈពេលប៉ុន្មានម៉ោងក្រោយ ពីកិច្ចប្រជុំកំពូលក្រុងប៉ារីសស្តីអំពីការអន្តរាគមន៍របស់យោធា កាលពីថ្ងៃទី១៩ មីនា កន្លងមក ។ នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យសេនាធិការបារាំង លោក Thierry Burckhard ។ លោក Thierry បានប្រាប់ទូរទស្សន៍បារាំង BFM ថា ការវាយប្រហារនោះសំដៅលើរថយន្តដែលគេជឿថា ជារបស់កងទ័ពលោកកាដាហ្វី នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃទី១៩ មីនា ។
ការវាយប្រហារនេះជាចំណាត់ការរបស់យោធាបរទេសដំបូងគេប្រឆាំងប្រទេសលីប៊ី ចាប់តាំងពីអង្គការសហប្រជាជាតិអនុម័តលើដំណោះស្រាយមួយកាលពីថ្ងៃទី១៨ មីនា អនុញ្ញាតឱ្យមានតំបន់ហាមហោះហើរនៅប្រទេសលីប៊ី និងប្រកាន់យករាល់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារជនស៊ីវិល ។ ប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី ក្នុងសន្និសីទកាសែតមួយ បានថ្លែងបញ្ជាក់ថា យន្តហោះចម្បាំងរបស់បារាំងកំពុងបើកបេសកកម្មស៊ើបអង្កេតនៅពីលើប្រទេសលីប៊ី ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញក្រោយពីកិច្ចប្រជុំកំពូលក្រុងប៉ារីស បណ្តាមេដឹកនាំនានាបានឯកភាពគ្នាថា លោកកាដាហ្វី បំពានបទឈប់បាញ់គ្នា បើទោះបីជាមានការព្រមានអំពីការអន្តរាគមន៍របស់យោធាក៏ដោយ ។
លោកប្រធានាធិបតីនីកូឡាស់ សាកូហ្ស៊ី ថ្លែងថា កងទ័ពរបស់យើងនឹងប្រឆាំងការឈ្លានពានណាមួយដោយលោកកាដាហ្វី ដែលប្រឆាំងពលរដ្ឋក្រុងបេនហ្គាហ្ស៊ី ៕
ចែករំលែកព័តមាននេះ