ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ទេសចរណ៍​ខេត្តកំពត នឹង​បញ្ចុះ​បឋម​សីលា​ក្នុង​ខែមីនា​ខាង​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ កំពង់​ផែ​ទេសចរណ៍​ថ្មី​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) គ្រោង​នឹង​ចាប់ផ្តើម​បញ្ចុះ​បឋម​សីលា ក្នុង​ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។…

ខេត្តកំពត ៖ កំពង់​ផែ​ទេសចរណ៍​ថ្មី​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) គ្រោង​នឹង​ចាប់ផ្តើម​បញ្ចុះ​បឋម​សីលា ក្នុង​ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១២ មក​រា ថា ៖« កំពង់​ផែ​ទេសចរណ៍​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) ស្ថិត​នៅ​ក្នុងភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត នឹង​ចុះ​បឋម​សីលា​ក្នុង​ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ » ។

កំពង់​ផែ​នេះ​នឹង​ជួយ​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ជា​ពិសេស ប្រទេស​វៀតណាម និង​ថៃ តាម​រយៈ​ត​ភ្ជាប់​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់​លឿន ឬ​កប៉ាល់​ទេសចរណ៍​ខ្នាត​ធំ ។

លោក សយ ស៊ី​ណុ​ល បន្ថែម​ថា ៖«​សារសំខាន់​នៃ​កំពង់​ផែ​នេះ គឺ​មាន​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ដែល​មាន​បំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូច​ជា ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​ជាដើម » ។

ម្យ៉ាងទៀត កំពង់​ផែ​នេះ គឺជា​ផ្នែក​មួយ​ដែល​នឹង​ស្រូប​យក​ភ្ញៀវ​ទេសចរ​អឺរ៉ុប​កាន់តែ​ច្រើន​ផង​ដែរ ព្រោះ​វា​ផ្ដល់​នូវ​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ដែល​នាំ​ភ្ញៀវ​ទេសចរ​ពី​ខេត្តកំពត ទៅ​កាន់​កោះ Phu Quoc (​កោះត្រល់​) ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ​ផង​ដែរ ។

លោក សយ ស៊ី​ណុ​ល បញ្ជាក់​ថា កំពង់​ផែ​ទេសចរណ៍​មួយ​នេះ​អាច​នឹង​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ​២០១៩ ។

គួរ​រំលឹក​ថា បើ​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់​បាន​មាន​ប្រសាសន៍​​ថា ទំហំ​វិសាលភាព​នៃ​កំពង់​ផែ​ទេសចរណ៍​នេះ នឹង​មាន​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​បាន​ចំនួន​១,៥​លាន​នាក់​ក្នុង​១​ឆ្នាំ ។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ ខេត្តកំពត​បាន​ទទួលភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​ស្នាក់​អាស្រ័យ​ចំនួន​១.៦០០.៦២០​នាក់ ក្នុង​ចំណោម​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន​១.៤៣៨.៤៤៩​នាក់ និង​ទេសចរ​បរទេស​១៦២.១៧១​នាក់ ។

បរិមាណ​នេះ​បាន​កើនឡើង​១,៤៧% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ក្នុង​ចំណោម​ទេសចរ​ជាង​៧០​ជាតិ​សាសន៍​ដែល​មាន​វត្តមាន​ក្នុង​ខេត្ត​នា​អំឡុង​ឆ្នាំ​២០១៧ ដែល​ភ្ញៀវ​ជនជាតិ​វៀត​ណាម​ស្ថិត​ក្នុង​លំដាប់​ទី​១ ខណៈ​បារាំង​លំដាប់​ទី​២, អង់គ្លេស​លំដាប់​ទី​៣, អា​ល្លឺ​ម៉​ង់​លំដាប់​ទី​៤ និង​អា​មេ​រិ​ក​លំដាប់​ទី​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ