ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​សម្តែង​ការ​ពេញចិត្ត​លើ​គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​ដាក់​សាកល្បង​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​មាន​កំពង់​ផែ និង​ចំណតទូក​ដឹក​អ្នកដំណើរ​ចំនួន​១៥ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តែង​ការ​ពេញចិត្ត​ចំពោះ​គម្រោង​ដែល​ផ្តើម​ឱ្យ​មានការ​ដឹក​ជញ្ជូន​អ្នកដំណើរ…

រាជធានី​ភ្នំពេញ ៖ គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​ដាក់​សាកល្បង​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​មាន​កំពង់​ផែ និង​ចំណតទូក​ដឹក​អ្នកដំណើរ​ចំនួន​១៥ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តែង​ការ​ពេញចិត្ត​ចំពោះ​គម្រោង​ដែល​ផ្តើម​ឱ្យ​មានការ​ដឹក​ជញ្ជូន​អ្នកដំណើរ ចាប់ពី​ព្រែក​ព្នៅ រហូត​ដល់​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ។

កាលពី​ថ្ងៃ​ទី​១៤ មក​រា ក្នុង​ជំនួប​ជាមួយ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​ថា សម្តេច​សប្បាយចិត្ត​ចំពោះ​​ការ​ផ្តួចផ្តើម​ឲ្យ​មានការ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ ដោយ​មាន​ផែ​ចំណត​ច្រើន ។ វា​ជា​គំនិត​ផ្តួចផ្តើម​ដើម្បី​ដោះស្រាយ​បញ្ហា​ដឹក​ជញ្ជូន ។

សម្តេច​គូសបញ្ជាក់​ថា ៖« គ្រាន់តែ​ប៉ុណ្ណឹង យើង​ឃើញ​ថា ការ​គិតគូរ​ទៅ​លើ​ស្មារតី​នៃ​ការ​ទទួលខុសត្រូវ​សម្រាប់​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ វា​ជា​ផ្នែក​ដ៏​សំខាន់ ។ បើសិន​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​តា​ខ្មៅ ឆ្លងកាត់​ក្រុងភ្នំពេញ គឺ​អាច​ប្រើប្រាស់​ពេលវេលា​យូរ​ជាង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ។ ចាំ​មើលចុះ អាច​នឹង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​មាន​ចំនួន​ច្រើន ហើយ​នេះ​ក៏​អាច​បង្កើត​ការងារ​ធ្វើ​នៅ​តាម​បណ្តា​កំពង់​ផែ​នានា ដែល​ធ្វើ​ឱ្យ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថែម​ទៀត » ។

តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដំណោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ រាជ​រដ្ឋាភិបាល​កំពុង​រៀបចំ​កំពង់​ផែ​ចំណត​កាណូត​ដឹក​អ្នកដំណើរ​ចំនួន​១៥​ទីតាំង ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន ៖ ១-​គល់​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត (​កំពុង​ពិចារណា​), ២-​គីឡូ​ម៉ែត្រ​លេខ​៦, ៣-​ខាង​មុខ​ឃ្លាំង​សាំង​ឫស្សី​កែវ ជាប់​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​, ៤-​ផែ​បណ្ដែត​មុខ​ផ្សារ​រាត្រី​, ៥-​កំពង់ចម្លង​កោះ​ពេជ្រ​-​អា​រី​យ៍ក្ស​ត្រ​, ៦-​ភូមិ​ដើម​ចាន់ ឬ​គល់​ស្ពាន​ក្បាលថ្នល់​ខាងកើត​, ៧-​ចំណតរថយន្ត​ចាក់​អង្រែ​ក្រោម​, ៨-​បាក់​ខែង ត្រង់​ផ្លូវ​បំបែក លី យ៉ុ​ង​ផាត់​, ៩-​ទល់មុខ​ផ្សារ​ព្រែក​លៀប (​កំពង់ចម្លង​ព្រែក​លៀប​), ១០-​ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ​, ១១-​ភូមិ​កោះន​រា​, ១២-​កំពង់ចម្លង​ក្តី​តា​កុយ​, ១៣-​កំពង់ចម្លង​តា​ព្រហ្ម​មាត់​ក្រ​សះ ។ ចំណែក​នៅ​ខេត្តកណ្តាល​មាន ៖ ១-​មុខ​វត្ត​ព្រែក​សំរោង ក្រុង​តា​ខ្មៅ (​កំពុង​ពិចារណា​) និង​២-​កំពង់ចម្លង​រោងចក្រ​ក្តា​បន្ទះ​ផ្លូវ​ត្រី ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ មើលឃើញ​ថា គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​ខាងលើ​នេះ នឹង​ផ្តល់​ជម្រើស​ថ្មី​សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ។

លោក​បន្ត​ថា ៖« ក្នុង​ករណី​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​នៅ​ពេល​ខាង​មុខ បើ​សកម្មភាព​ធ្វើ​ដំណើរ​កាន់តែ​ពិបាក និង​ចំណាយពេល​ច្រើន​នោះ ប្រជាពលរដ្ឋ​នឹង​ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន ព្រោះ​អ្នក​ធ្វើ​ដំណើរ​តែងតែ​ចង់បាន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយ​ស្រួល​គ្រប់ពេលវេលា » ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា គម្រោង​នេះ​គឺជា​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​អ្នក​ដឹក​ដំណើរ​តាម​ផ្លូវទឹក ជា​ពិសេស បណ្តាញ​ទន្លេ​ដែល​ហូរ​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ពង្រីក​វិស័យ​នេះ​ឱ្យ​បាន​ទូលំទូលាយ និង​ប្រកបដោយ​ចីរភាព​ដើម្បី​បញ្ចៀស​​ការ​កកស្ទះ​ចរាចរណ៍ ក៏​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក​ព​ន្លឿ​ន​គម្រោង​នេះ​ឱ្យ​បាន​មុន​ពិធី​បុណ្យចូលឆ្នាំ​ខែ្ម​រ​ខាង​មុខ ហើយ​ចំណត​កំពង់​ផែ​នីមួយ​ៗ​ត្រូវ​ត​ភ្ជាប់​ជាមួយ​ចំណតរថយន្ត​ក្រុង ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ