ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​បាន​ពាន និង​ទឹកប្រាក់​4​ពាន់​ដុល្លារ សៅ វ​ណ្ណា ធីប​ប្រពន្ធ​កូន​ចោល​10​ថ្ងៃ​ពេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កាលពី​ថ្ងៃ​ទី ១៣ មក​រា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស កីឡាករ សៅ វ​ណ្ណា បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​៤​ពាន់​ដុល្លារ​គួរ​ឱ្យ​សរសើរ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កាលពី​ថ្ងៃ​ទី ១៣ មក​រា នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស កីឡាករ សៅ វ​ណ្ណា បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​៤​ពាន់​ដុល្លារ​គួរ​ឱ្យ​សរសើរ បើ​ទោះជា​គូប្រកួត​របស់​គេ​គឺជា​កីឡាករ​ល្អ​ម្នាក់ ។

យ៉ាងណាមិញ លោក​ថា ទម្រាំ​តែ​ទទួល​បាន​ពាន និង​ទឹកប្រាក់​យ៉ាង​សន្ធឹក​នេះ គឺ​លោក​បាន​សម្រេចចិត្ត​ចោល​ប្រពន្ធ ចោល​កូន​១០​ថ្ងៃ​ពេញ​តែ​ម្ដង ព្រោះតែ​មិន​ចង់​ឈ្នះ​ដោយ​ចៃដន្យ​ដូច​មុន ។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ សៅ វ​ណ្ណា បាន​ឡើង​វគ្គ​៤​នាក់ និង​បាន​ឈ្នះ​ក្នុង​វគ្គ​៤​នាក់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយសារ​តែ​ភាព​ហេងស៊យ​ប៉ុណ្ណោះ ។ លោក​ធ្លាប់​សារ​ភាព​ថា មុន​ពេល​ប្រកួត​ជម្រុះ​យក​៤​នាក់​១​ថ្ងៃ ប្រពន្ធ​លោក​កើតកូន​ប្រុស​ដំបូង​នៅ​ក្នុង​ជីវិត ដោយ​លោក​អត់​មាន​លទ្ធភាព​ធ្វើការ​ហ្វឹកហាត់​នោះ​ទេ គឺ​បាន​ឆ្លៀត​ហាត់​តែ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃមុន​ប្រកួត​តែ​ប៉ុណ្ណោះ តែ​នៅ​ពេល​លោក​ឡើង​ប្រកួត​ក៏​បាន​ទទួល​ជ័យជម្នះ ។

ឈាន​ដល់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រើស​២​នាក់​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ លោក​ក៏​អត់​បាន​ហ្វឹក​ហាត់​ដូច​មុន​ដែរ​ដោយសារ​តែ​កូន​តូច​របស់​លោក​មាន​ជំងឺ​ក្ដៅខ្លួន​ព្យាបាល​នៅ​ផ្ទះ​មិន​បាន ហើយ​តម្រូវ​ឱ្យ​លោក​ត្រូវ​យក​ទៅ​ពេទ្យ ដោយ​លោក និង​ភរិយា​ត្រូវ​តែ​រវល់​ក្នុង​ការ​មើលថែ ។ យ៉ាងណា​ក៏​ដោយ​លោក​នៅ​តែ​បន្ត​ឈ្នះ​ទៀត ដោយ​លោក​បាន​ទាំង​ចាត់​ទុក​ថា​ជ័យជម្នះ​ទាំង​២​លើក​នោះ ជា​លទ្ធផល​ខ្មោច​ឱ្យ និង​ថា​ដោយសារ​តែ​បាន​កម្លាំងចិត្ត​ពី​ប្រពន្ធ និង​កូន​នោះ​ផង ។ សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ចុង​ក្រោយ​នោះ​វិញ កីឡាករ​រូប​នេះ​បាន​អះអាង​ថា អត់​បាន​ប្រើ​ការ​ផ្សងព្រេង​ដូច​មុន​ទៀត​ទេ ដោយសារ​តែ​លោក​តាំងចិត្ត​ហ្វឹកហាត់ និង​សម្រេចចិត្ត​ចោល​ប្រពន្ធ​ចោល​កូន​រហូត​ដល់​១០​ថ្ងៃ​ពេញ​តែ​ម្ដង ដើម្បី​ធ្វើការ​ហ្វឹកហាត់ ។

លោក​ថា ក្នុង​រយៈពេល​១០​ថ្ងៃមុន​ពេល​ឡើង​រេញ​លោក​អត់​បាន​ប្រើ​តួនាទី​ជា​ឪពុក និង​ជា​ស្វាមី​មើល​ការ​ខុស​ត្រូវ​ក្នុង​គ្រួសារ​នោះ​ទេ គឺ​ដឹង​តែ​ព្រលឹម​បាត់​ព្រលប់​ចូល ហើយ​បង្ហាញខ្លួន​តែ​នៅ​កន្លែង​ហ្វឹកហាត់​តែ​ម្ដង ដោយសារ​តែ​លោក​មិន​ចង់​បរាជ័យ ។ លោក​ថា ការ​ប្រកួត​លើក​នេះ គឺ​លោក​ឡើង​រេញ​ដោយ​ភាព​ជឿជាក់ ដោយ​លោក​បាន​សុំ​ភរិយា​​បែក​រយៈពេល​១០​ថ្ងៃ​ហើយ​គាត់​ក៏​យល់ព្រម​ដោយ​ពេញចិត្ត​នោះ​ផង ។

លោក​ថា ទឹកប្រាក់​៤​ពាន់​ដុល្លារ​មាន​តម្លៃ​សម្រាប់​ជីវិត​របស់​លោក​ខ្លាំង​ណាស់ ទើប​លោក​សម្រេចចិត្ត​ចោល​ភារៈ​ជា​ឪពុក និង​ជា​ស្វាមី ហើយ​សម្ងំ​នៅ​តែ​កន្លែង​ហ្វឹកហាត់ ដោយ​ងើប​ហាត់​រត់​ផង និង​ហាត់​វ៉ៃ​ផង​យ៉ាង​ទៀងទាត់​។

លោក​កាន់តែ​សប្បាយចិត្ត និង​មាន​មោទនភាព បន្ទាប់​ពី​ការ​សម្រេចចិត្ត​ចោល​កូន​ចោល​​ភរិយា​របស់​លោក​ពេញ​រយៈពេល​១០​ថ្ងៃ ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក ដោយ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ពាន​ជើងឯក​មួយ និង​ទឹកប្រាក់​៤​ពាន់​ដុល្លារ ដែល​នេះ​ជា​គឺជា​លទ្ធផល​ដ៏​វិជ្ជមាន​នៅ​ក្នុង​ជីវិត​របស់​លោក ចាប់តាំងពី​បាន​ប្រឡូក​នៅ​ក្នុង​អាជីព​ប្រដាល់​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ជើងឯក​វ័យក្មេង​ដែល​ស្ថាប័ន​របស់​លោក​បាន​រៀបចំ​ឡើង​ច្រើន​ខែ​មក​ហើយ ដោយ​មាន​កីឡាករ​មក​ពី​គ្រប់​ក្លិប​ទូ​ទាំង​ប្រទេស​រហូត​ដល់​៣២​រូប​ប៉ះ​គ្នា​លើ​រេញ។ រូបមន្ត​ក្នុង​ការ​ប្រកួត​លោក​ថា​គឺ​នៅ​តែ​រក្សា​ដដែល​ដូច​គ្នា​នឹង​ការ​ប្រកួត​ជើងឯក​របស់​ប៉ុស្ដិ៍​លេខ​៥​មុន​ដែរ ដោយ​តម្រូវ​ឱ្យ​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​ដូច​គ្នា​មក​ពី​គ្រប់​ក្លិប​ទូ​ទាំង​ប្រទេស​ទាំង​៣២​រូប​ចាប់​គូប្រកួត​គ្នា ហើយ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ៗ​រហូត​ស្វែង​រកបាន​តែ​៤​នាក់​ចុង​ក្រោយ​ឱ្យ​ប្រកួត​យក​ចំណាត់ថ្នាក់ ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា កីឡាករ សៅ វ​ណ្ណា ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ និង​ពាន​ជើងឯក​១ កីឡាករ អ៊ុំ វ​ណ្ណេ​ត ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ពាន​កិត្តិយស​១ និង​ទឹកប្រាក់​២០០០​ដុល្លារ ។ កីឡាករ គឹ​ម វាសនា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ពាន​កិត្តិយស​១ និង​ទឹកប្រាក់​៧៥០​ដុល្លារ និង​កីឡាករ ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​ទឹកប្រាក់​៥០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ