យល់ដឹង ៖ មានករណីជាច្រើនដែលឪពុកម្តាយគ្រប់រូបមានការភ័យខ្លាចនិងព្រួយបារម្ភពេលដែលកូនរបស់ខ្លួនឡើងកម្តៅ។ ប៉ុន្តែមានការស្រាវជ្រាវថ្មីរបស់ AAP(American Academy of Pediatrics) នៃអាមេរិក ដែលមានបំណងសម្រាលភាពភ័យខ្លាចដោយការក្រើនរំលឹកឪពុកម្តាយគ្រប់រូបថា ការក្តៅខ្លួនភាគច្រើនជាប្រតិកម្មធម្មជាតិរបស់ខ្លួនប្រាណមនុស្ស ដើម្បីប្រឆាំងទប់ទល់នឹងជំងឺ ហើយការធ្លាក់កម្តៅក៏អាចមកពីការបន្តប្រឆាំងនឹងជំងឺ។ AAP បានផ្តល់យោបល់ថា ជាធម្មតាឪពុក ម្តាយគ្រាន់តែចង់ព្យាបាលការក្តៅខ្លួនរបស់កូនតែបែរជាធ្វើឲ្យកូនរបស់ខ្លួនមានអារម្មណ៍មិនស្រួលទៅវិញ។
ការក្តៅខ្លួនជាហេតុផលធម្មតាទូទៅមួយដែលឪពុកម្តាយតែងតែទៅជួបជាមួយគ្រូពេទ្យកុមារ ឬអ្នកផ្តល់សេវាថែទាំសុខភាព។ ឪពុកម្តាយមានការបារម្ភទៅលើកត្តាអាថ៌កំបាំងផ្តល់ផលអវិជ្ជមានជាច្រើនដែលអាចនឹងកើតមានឡើងដោយសារការក្តៅខ្លួន នេះបើតាមសម្តីរបស់លោកស្រីវេជ្ជបណ្ឌិតផ្នែកជំងឺកុមារ Janice Sullivan មកពីរដ្ឋ Kentucky ។ គាត់បន្តថា ពេលខ្លះឪពុកម្តាយគិតថា ប្រសិនបើពួកគាត់ព្យាបាលកូនរបស់គាត់ វានឹងធូរស្បើយឆាប់រហ័ស ប៉ុន្តែការក្តៅខ្លួនជារោគសញ្ញាជំងឺ ហើយវាជានាទីរបស់ខ្លួនប្រាណដើម្បីបន្ថយមេរោគឲ្យជាសះស្បើយ។ ការក្តៅខ្លួនជាមូលហេតុតែមួយគត់ដែលខ្លួនប្រាណកូនរបស់លោកអ្នកត្រូវផលិតចំនួនគោលិកាសក្នុងឈាមច្រើន។ ប្រសិនបើអ្នកធ្វើឲ្យថយកម្តៅ កូនរបស់លោកអ្នកនឹងមិនអាចផលិតគោលិកាសគ្រប់គ្រាន់ដើម្បីប្រឆាំងជំងឺឡើយ។
ក្នុងក្រុមគ្រួសារគួរចងចាំថា ពេលកូនលោកអ្នកក្តៅខ្លួន វាគ្រាន់តែជារោគសញ្ញាមិនមែនជាបញ្ហាធំដុំឡើយ។ ការក្តៅខ្លួនវាអាចមានគុណសម្បត្តិដែរ ហេតុនេះឪពុកម្តាយគ្រប់រូបគួរតែពិនិត្យឲ្យបានច្បាស់ពីកត្តាដែលបង្កឲ្យក្តៅខ្លួន មិនមែនក្តៅដោយខ្លួនឯង។
តាមរបាយការណ៍AAPដែលចេញផ្សាយតាមរយៈទស្សនាវដ្តីPediatricsក្នុងខែមីនា ថា ក្រៅពីការចាប់អារម្មណ៍លើចំនួនកម្តៅតាមទែម៉ូម៉ែត្រ ឪពុកម្តាយគ្រប់រូបគួរតែទុកឲ្យកូនតាមទំលាប់ធម្មតា ដើម្បីអាចឲ្យយើងដឹងថា តើគួរផ្តលថ្នាំបញ្ចុះកម្តៅឬអត់។ ប្រសិនបើកូនរបស់លោកអ្នកញ៉ាំ និងផឹកទឹកធម្មតា ឬលេងជាធម្មតាដូចមុន ហើយមើលទៅដូចជាគ្មានអ្វីប្លែក ហេតុអ្វីមិនទុកឲ្យវាព្យាបាលតាមបែបធម្មជាតិទៅ?
ផ្ទុយទៅវិញ ប្រសិនបើកូនរបស់លោកអ្នកដូចជាដេកសន្ធឹងសន្ធៃ ខ្ជិលច្រអូស លែងលេង និងមិនស្រួលខ្លួន លោកអ្នកគួរតែសាកល្បងប្រើថ្នាំបញ្ចុះកម្តៅដូចជា ថ្នាំប្រភេទប៉ារ៉ាសេតាម៉ុល ថ្នាំTylenol និងថ្នាំប្រភេទIbuprofenដូចជាថ្នាំAdvil ឬMotrinដែលនឹងអាចឲ្យកូនរបស់លោកអ្នកបានជាសះស្បើយ តែត្រូវប្រើតាមវេជ្ជបញ្ជារបស់គ្រូពេទ្យក្មេងតាមអាយុ និងទម្ងន់របស់កូនលោកអ្នក។
ទោះបីជាបែបនេះក្តី របាយការណ៍AAPក៏បានលើកឡើងពីកត្តាគ្រោះថ្នាក់នៃផលិតផលថ្នាំពេទ្យមួយចំនួនដែលអាចបង្កជាបញ្ហាដែលនឹងអាចកើតឡើងក្រោយពេលទទួលទានវាច្រើនពេក។ តាមការស្រាវជ្រាវពីមុនបានបង្ហាញថា មានឪពុកម្តាយពាក់កណ្តាលមិនបានផ្តល់ថ្នាំឲ្យកូនលេបតាមវេជ្ជបញ្ជាត្រឹមត្រូវគ្រប់ដុសទេ។
មានគ្រូពេទ្យក្មេងមួយចំនួនបានចាប់ផ្តើមផ្តល់យោបល់ឲ្យឪពុកម្តាយផ្លាស់ប្តូរគ្នាក្នុងការផ្តល់ថ្នាំឲ្យកូនលេប ប៉ុន្តែAAPបាននិយាយថា ពេលនេះគ្មានភស្តុតាងគ្រប់គ្រាន់ណាមួយផ្សេងទៀត ឬបង្អាក់មិនឲ្យប្រើប្រាស់ថ្នាំព្យាបាលបែបនោះទេ។ គ្រាន់តែមានការបារម្ភខ្លាចឪពុកម្តាយមួយចំនួនដែលពុំទាន់យល់ច្បាស់ពីការប្រើប្រាស់ថ្នាំឲ្យបានគ្រប់ដុសក្នុងពេលប្រើវាប៉ុណ្ណោះ។
លោកស្រីវេជ្ជបណ្ឌិតSullivanបន្តថា វាជារឿងមួយសំខាន់ដែលឪពុកម្តាយមិនផ្សំថ្នាំក្តៅខ្លួនដល់កូនដែលមានវ័យជំទង់ ទោះបីជាពួកគាត់ខំកិនថ្នាំឲ្យកូនលេបក្តី។ វាជារឿងមួយរឹតតែសំខាន់ដែលត្រូវប្រើប្រាស់ថ្នាំក្នុងកំរិតមួយដែលស៊ីជាមួយនឹងអាយុរបស់កុមារ។
ចំណែកក្នុងរបាយការណ៍របស់AAP ក៏បានក្រើនរំលឹកដល់ឪពុកម្តាយមិនគួរប្រើប្រាស់ថ្នាំអាស្ពៀររីនដល់កូនក្មេងដែរ។ មួយវិញទៀត ការប្រើសារធាតុអាល់កុលដើម្បីបញ្ចុះកម្តៅ អាចនាំឲ្យមានបញ្ហាស្បែក។
មាតាបិតាគួរតែពិភាក្សាជាមួយគ្រូពេទ្យព្យាបាលកូនរបស់ខ្លួន ថាតើត្រូវធ្វើបែបណាពេលកូនធ្លាក់ខ្លួនឈឺ។ជាទូទៅមាតាបិតាត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យពេលកូនមានកម្តៅ ៖ ក្មេងមានអាយុក្រោម៣ខែដែលមានកម្តៅលើសពី៣៨អង្សា, ក្មេងមានអាយុរវាង៣ខែទៅ៦ខែដែលមានកម្តៅចាប់ពី៣៨,៦១អង្សាឡើងទៅ។ សំរាប់ក្មេងធំដែលមានកម្តៅចាប់ពី៣៩,៤៤អង្សាឡើងទៅ, សំរាប់ក្មេងដែលក្តៅខ្លួន ហើយមានសភាពឈឺក្បាល មានកន្ទួលលើស្បែក ពិបាកដកដង្ហើម ល្ហិតល្ហៃ ឬខ្វះជាតិទឹក ៕
ចែករំលែកព័តមាននេះ