ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ថវិកាជាតិ​របស់​រដ្ឋមន្ត្រី​ដែនដី «Click 1 Free, Click 2 Pay»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​គ្រប់គ្រង​ដីធ្លី​ឱ្យ​កាន់តែ​មាន​ទំនើប​កម្ម ក៏​ដូច​ជា​បម្រើសេវា​សាធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ឆាប់រហ័ស កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​កៀរគរ​ចំណូល​​ចូល​ថវិកាជាតិ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ហៅ​ថា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​គ្រប់គ្រង​ដីធ្លី​ឱ្យ​កាន់តែ​មាន​ទំនើប​កម្ម ក៏​ដូច​ជា​បម្រើសេវា​សាធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ឆាប់រហ័ស កាត់​បន្ថយ​អំពើ​ពុក​រលួយ និង​កៀរគរ​ចំណូល​​ចូល​ថវិកាជាតិ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ហៅ​ថា « Click 1 Free, Click 2 Pay » តាម​រយៈ​QR Code នៅ​លើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ដី និង​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​សង្ខេប​តាម QR Code លើ​ប័ណ្ណកម្មសិទ្ធិ ជា​ចំណុច​សំខាន់​ណាស់​សម្រាប់​ឆ្នាំ​២០១៨ ។ ក្នុង​ការ​រៀបចំ QR Code គឺ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​មិន​ធ្វើ​ឱ្យ​ពិបាក​ស្រាវជ្រាវ ។ តាម​រយៈ​នេះ គឺ​ធានា​បាន​នូវ​សុវត្ថិភាព ហើយ​ក៏​អាច​និយាយ​បាន​ថា ការ​បម្រើសេវា​សាធារណៈ​បាន​ទៅ​ដល់​មនុស្ស​ម្នាក់​ៗ ។

លោក​ទេស​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ៖« បើ​យើង​ធ្វើ​បាន​ក្នុង​ករណី​នេះ គឺ​មានការ​ងាយ​ស្រួល​​ទាំងអស់ ។ ដី​យើង​នៅ​កន្លែង​ណា មាន​ទទឹង និង​បណ្តោយ​ប៉ុន្មាន ? គ្រាន់តែ​យក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន យើង​នឹង​មើលឃើញ​ដី​របស់​យើង​នៅ​ទីណា​បាន ។ ចង់​ដឹង​ដី​នេះ​ជា​ដី​របស់​អ្នក​ណា ឆែក​ដឹង​បាន​ភ្លាម ក៏​ប៉ុន្តែ​ការ​ឆែក​នេះ មិន​គិតថ្លៃ​តែ​នៅ​លើ​ទំព័រ​ដើមដំបូង​ប៉ុណ្ណោះ បើ​ចង់​ឆែក​រក​ព័ត៌មាន​លម្អិត ត្រូវ​បង់លុយ​សិន ដែល​គេ​ហៅ​ថា (Click 1 Free, Click 2 Pay) » ។

លោក​ទេស​រដ្ឋមន្ត្រី​ថា ទិន្នន័យបឋម ឆែក​មើល​អត់​គិតលុយ​ទេ ហើយ​បើ​ចង់​មើល​លម្អិត បើ​មិន​បង់លុយ​ទេ នឹង​ធ្វើ​ឱ្យ​ក្រសួង​ខាតបង់​ប្រាក់​ចំណូល​ចូល​ថវិកាជាតិ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖« បើ​មិន​បង់លុយ យើង​នឹង​ខាត តែបើ​គាត់​មិន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​នេះ ហើយ​ទៅ​ឱ្យ​មន្ត្រី​ភូមិបាល មន្ទីរ​បញ្ជាក់ ទម្រាំ​ដល់​អភិបាលស្រុក ខេត្ត ក្រុង ត្រូវ​ចំណាយ​ពេលវេលា​យូរ ហើយ​អស់​លុយ​ច្រើន​ថែម​ទៀត ។ ក៏​ប៉ុន្តែ​បើ​គាត់​ចំណាយ​នៅ​តាម​ទូរស័ព្ទ​តែ​ក្នុង​១​នាទី គាត់​នឹង​បានដឹង​ទាំងអស់ ហើយ​គាត់​ព្រី​ន​ព័ត៌មាន​ទាំងនេះ​ធ្វើ​ជា​ឯកសារ​ផ្លូវការ​ជា​ការ​ស្រេច » ។

អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ទី​៥​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​​ចេញ​នូវ​សកម្មភាព​កំណែទម្រង់​ជា​ច្រើន ដែល​យើង​ឃើញ​មាន​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​ចំនួន​មាន​ភាព​លេចធ្លោ ។ ជាក់ស្តែង ក្នុង​អាណត្តិ​ថ្មី​នេះ ក្រសួង​រៀបចំ​ដែនដី ក្រោម​ការ​ដឹកនាំ​ដោយ​លោក ជា សុ​ផា​រ៉ា បាន​ធ្វើ​កំណែទម្រង់​ជា​ច្រើន ហើយ​ការ​ដាក់​ចេញ​នូវ​ប្រព័ន្ធ QR Code ថ្មី​នេះ ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​វិវាទ​ដីធ្លី និង​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​ជា​ច្រើន​នា​ពេល​អនាគត ព្រោះ​ជម្លោះដីធ្លី គឺជា​បញ្ហា​ក្តៅ​ក្នុង​អាណត្តិ​កន្លង​មក ។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ មាន​ប្រសាសន៍​ថា ការ​រៀបចំ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ដែនដី​នេះ វា​មាន​តម្លា​ភាពល្អ ដោយ​សារ​​បញ្ហា​ជួញដូរ​លើ​វិស័យ​អចលនទ្រព្យ​កន្លង​មក​មាន​ភាព​ស្មុគស្មាញ នៅ​ពេល​ការ​ចុះបញ្ជី​ដីធ្លី​មិន​បាន​ត្រឹមត្រូវ ។ ប្រជាពលរដ្ឋ​ធ្វើការ​ទិញ​លក់ មិន​បានដឹង​ព័ត៌មាន​ច្បាស់​ពី​ប្រភព​ដី​របស់​គាត់ ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​លំបាក ។

លោក​បណ្ឌិត​បន្ត​ថា ៖« ការ​រៀបចំ​ព័ត៌មាន​ដែល​មាន​ដាក់​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ដែនដី អ្នក​ណា​ក៏​អាច​ចូល​ទៅ​មើល​បាន ដោយ​គ្រាន់តែ​បង់​សេវា​មួយ​ចំនួន ​នេះ ។ ខ្ញុំ​យល់​ឃើញ​ថា ជា​រឿង​មួយ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការ​ជួញដូរ​លើ​វិស័យ​អចលន​ទ្រព្យ​នេះ ដោយ​ពុំ​មានការ​ខាតបង់ និង​ការ​កេង​ចំណេញ​ពី​អ្នកមាន​អំណាច ឬ​អ្នកមាន​ឥទ្ធិពល » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ថា ចាប់ពី​ពេល​ចាប់ផ្តើម​អនុវត្ត​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៧​នេះ ក្រសួង​ចេញ​​ប័ណ្ណកម្មសិទ្ធិ​ដី​បាន​ជាង​៤,៨​លាន​ប័ណ្ណ ក្នុង​នោះ​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤,៦​លាន​ប័ណ្ណ ស្មើនឹង​៦៦,៤% នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប​៧​លាន​ក្បាលដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ