ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​ម៉ា​ឈី​ត នៅ​ស្រុក​ថ្មគោល ជិត​ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍ហើយ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្តបាត់ដំបង​កាន់តែច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ គ្រោង​នឹង​យក​បឹង​ធម្មជាតិ​មួយ​ឈ្មោះ​«​បឹង​ម៉ា​ឈី​ត​»​ក្នុងភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង ៖ ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្តបាត់ដំបង​កាន់តែច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ គ្រោង​នឹង​យក​បឹង​ធម្មជាតិ​មួយ​ឈ្មោះ​«​បឹង​ម៉ា​ឈី​ត​»​ក្នុងភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ ។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​សាលាឃុំ​ថ្មី នៅ​ក្នុង​ឃុំ​ជ្រៃ ស្រុក​ថ្មគោល កាលពី​ថ្ងៃ​ទី​៥ មក​រា ២០១៨ លោក​អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល ឆាប់​ៗ​ខាង​មុខ​នេះ គណៈ​ពង្រឹង​ខេត្ត និង​អាជ្ញាធរ​ខេត្ត​បាត់​ដំបង នឹង​អភិវឌ្ឍន៍​ទីតាំង​«​បឹង​ម៉ា​ឈី​ត​»​ជា​រមណីយដ្ឋាន​ដ៏​ធំ​មួយ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​។ មិនយូរ​ប៉ុន្មាន​ទេ​បឹង​ម៉ា​ឈី នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ស្អាត អម​ដោយ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ​ដ្ឋាន និង​កន្លែង​កម្សាន្ត ដែល​ដាក់​ឈ្មោះ​ថា​«​រមណីយដ្ឋាន​សម្ដេច​ក្រឡាហោម​ស ខេ​ង​» ។

ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ក្នុង​តំបន់​បាន​ស្វាគមន៍​ចំពោះ​គម្រោង​អភិវឌ្ឍ​តំបន់​ទេស​ចរណ៍​​នោះ ព្រោះ​វា​អាច​ជួយ​ដល់​ពួក​គាត់​ឲ្យ​មានមុខ​របរ និង​មានការ​ងារ​ធ្វើ ។ អ្នកស្រី​កៅ លឿ​ត អាយុ​៦០​ឆ្នាំ ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្បែរ​បឹង​ម៉ា​ឈី​ត នោះ​ស្វាគមន៍ និង​គាំទ្រ​​ពេញទំហឹង​ចំពោះ​គម្រោង​នោះ ។ គាត់​និយាយ​ថា «​កន្លង​មក​ប្រជាពលរដ្ឋ​មាន​ច​ម្ងល់​​មិន​ឈប់​ឈរ ហើយ​តែង​សួរនាំ​គ្នា​រាល់ថ្ងៃ ចាប់តាំងពី​ឃើញ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ប្រើ​គ្រឿងចក្រ​ជីក​កាយ​បឹង​ធ្វើ​ទំនប់​ព័ទ្ធ​ជុំវិញ ។ ពលរដ្ឋ​គិត​ថា អាជ្ញាធរ​អាច​លក់​បឹង​ធម្មជាតិ​នោះ​ហើយ​។ ប៉ុន្តែ​ពេល​នេះ​អស់​ច​ម្ង​ល់ហើយ ក្រោយ​ពី​មាន​ព័ត៌​មាន​ថា ​អាជ្ញាធរ​នឹង​អភិវឌ្ឍ​បឹង​ម៉ា​ឈី​ត ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​» ។

ការ​បង្កើត​រមណីយដ្ឋាន​នោះ​ឡើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ជិត​ឆ្ងាយ​ចង់ទៅ​លេង​កម្សាន្ត។ បច្ចុប្បន្ន​បឹង​នោះ​មិន​ទាន់​បាន​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​ផង មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ទៅ​លេង​កម្សាន្ត ។

ចំណែក​អ្នកស្រី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ជា​អ្នក​លក់ដូរ​បន្តិចបន្តួច​នៅ​ជិត​បឹង​ម៉ា​ឈី​ត និយាយ​ថា ជា​រៀងរាល់ថ្ងៃ​តែងតែមាន​ពលរដ្ឋ និង​សិស្ស​ទៅ​កម្សាន្ត​នៅ​ពេល​រសៀល និង​ល្ងាច ។

អ្នក​ខ្លះទៅ​ស្រូប​យក​ខ្យល់អាកាស ខ្លះ​ស្ទូចត្រី និង​ខ្លះ​ទៀត​មើល​ទិដ្ឋភាព​បឹង​ដ៏​ធំ​ល្វឹង​ល្វើយ ។ បើសិន​អភិវឌ្ឍ​បឹង​ម៉ា​ឈី​ត​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​មែន អ្នកស្រី​រ័​ត្ន ជឿជាក់​ថា​អាជីវកម្ម​របស់​គាត់​នឹង​អាច​លូតលាស់​បាន​ល្អ ដោយសារ​សំបូរ​ភ្ញៀវ​ទៅ​លេង ហើយ​គាត់​លក់ដាច់ ។ នៅ​ពេល​នោះ​គាត់​នឹង​អាច​ពង្រីក​មុខរប​របស់​គាត់​ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​បឹង​ម៉ា​ឈី​តទៅ​ជា​រមណីយដ្ឋាន​ដ៏​ធំ​នៅ​ក្នុងស្រុក​ថ្មគោល លោក​សួ​ស ឃឿ​ត មេឃុំ​ជ្រៃ ឲ្យ​ដឹង​ថា បឹង​ម៉ា​ឈី​ត គឺជា​បឹង​ធម្មជាតិ​ដី​ធំ​ល្វឹងល្វើយ ដែល​​មាន​ផ្ទៃក្រឡា​ចំនួន​ជាង​៧០​ហិ​កតា ។ បឹង​នេះ​ត្រូវ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប្រើ​គ្រឿងចក្រ​លើក​ជា​ទំនប់​ព័ទ្ធ​ជុំវិញ​បន្ថែម ដើម្បី​ស្ដុក​ទឹក​សម្រាប់​ប្រើប្រាស់​ផង និង​មាន​គម្រោង​ប្រែក្លាយ​ឲ្យ​ទៅ​ជា​កន្លែង​សម្រាប់​លេង​កម្សាន្ត​ផង ។

លោក​មេឃុំ ថ្លែង​ថា «​ប្រសិនបើ​បឹង​ម៉ា​ឈី​ត​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​តំបន់​ទេ​ចរណ៍ ជា​រមណីយដ្ឋាន​មែន អនាគត​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នៃ​តំបន់​នោះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​មុខមាត់ និង​ជីវភាព ដោយសារ​តែ​ពួក​គាត់​អាច​ស្រូប​យកមុខ​របរ និង​ការងារ ផ្សេង​ៗ​ជា​ច្រើន​ទៀត​ពី​តំបន់​ទេសចរណ៍​ថ្មី​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ